អន្តរជាតិ
អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 សមុទ្រចិនខាងត្បូង មុនប្រមុខការពារជាតិជួបគ្នានៅសិង្ហបុរី យន្តហោះទម្លាក់គ្រាប់បែក B-52 ហោះចេញពីមូលដ្ឋានទ័ពអាកាស Andersen នៅលើកោះហ្កាម (រូបភាពពី US Air Force)
× យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ចំនួនពីរគ្រឿង បានហោះហើរពីលើតំបន់សមុទ្រចិនខាងត្បូង ដែលជាចិនទាមទារជាកម្មសិទ្ធិរបស់ខ្លួន។ វត្តមានរបស់យន្តហោះ B-52 ធ្វើឡើងមុនជំនួបប្រចាំឆ្នាំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងប្រទេសពាក់ព័ន្ធនៅសិង្ហបុរី ជាទីដែលប្រមុខការពារជាតិអាមេរិក និងចិនគ្រោងជួបគ្នាដែរ។ ស្ថានភាពតំបន់ទំនងតានតឹងដោយសារការហោះល្បាតរបស់យន្តហោះអាមេរិក ហើយជំនួបនៅសិង្ហបុរី ទំនងជាក្លាយជាវេទិការិះគន់គ្នាដែរ។
កងទ័ពអាកាសអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នៅថ្ងៃទី១៨ ខែតុលា ប្រកាសថា យន្តហោះទម្លាក់គ្រាប់បែក B-52 ពីរគ្រឿង បានហោះចេញពីមូលដ្ឋានអាកាស Andersen នៅលើកោះហ្កាម និងធ្វើបេសកកម្មហ្វឹកហាត់នៅតំបន់សមុទ្រចិនខាងត្បូង។ ប្រតិបត្តិការហោះហើរនេះ កើតមាននៅថ្ងៃទី១៦ ខែតុលា ហើយជាផ្នែកមួយនៃប្រតិបត្តិការរក្សាវត្តមានយន្តហោះទម្លាក់គ្រាប់បែករបស់ទីបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក តាំងពីឆ្នាំ២០០៤ មក។
ជាមួយនឹងការអះអាងជាថ្មីថា ប្រតិបត្តិការនេះស្ថិតក្រោមច្បាប់អន្តរជាតិ ទ័ពអាកាសអាមេរិកក៏ចាត់ទុកបេសកកម្មនេះជាការបន្តការប្ដេជ្ញាចិត្តរបស់អាមេរិកក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ។ ប៉ុន្តែវាក៏នឹងធ្វើឲ្យក្រុងប៉េកាំងក្ដៅស្លឹកត្រចៀកខ្លាំងមិនខាន ព្រោះសមុទ្រចិនខាងត្បូងជាទឹកដីដែលខ្លួនទាមទារ ជាមួយប្រទេសអាស៊ានផ្សេងទៀតដូចជា ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី និងតៃវ៉ាន់ផងនោះ។
អ្វីគួរចាប់អារម្មណ៍ វាទំនងជាធ្វើឲ្យជំនួបរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅសិង្ហបុរីឡើងកម្ដៅដែរ។ ឯរដ្ឋមន្ត្រីការពារជាតិអាមេរិក ជេម ម៉ាធីស និងប្រមុខការពារជាតិចិន វៃ ហ្វឹងហឺ ដែលមានវត្តមាននៅសិង្ហបុរីដែរនោះ នឹងជួបតទល់គ្នាទៀតផង ស្របពេលដែលទំនាក់ទំនងអាមេរិក និងចិនកំពុងល្អក់កករខ្លាំង។ តាមពិតទៅ លោក វៃ ត្រូវទទួលលោក ម៉ាធីស នៅប៉េកាំងនៅសប្ដាហ៍ តែជំនួបត្រូវលុបចោលវិញ ព្រោះលោក វៃ បែរជាមិនទំនេរទៅវិញ។
សម្រាប់គម្រោងជំនួបនៅសិង្ហបុរី ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិក Randall Schriver និយាយថា ក្រុងប៉េកាំងជាអ្នកចង់មានជំនួបនេះ។ មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណទទួលកិច្ចការអាស៊ី និងសន្តិសុខប៉ាស៊ីហ្វិក បញ្ជាក់ថា ការរង្កៀសចិត្តបានកើតមានបន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្មលើអង្គភាពយោធាចិនដែលទិញយន្តហោះពីរុស្ស៊ី ប៉ុន្តែជំនួបរវាងលោក ម៉ាធីស និងលោក វៃ ពេលនេះ ជាភស្តុតាងបង្ហាញថា ចិនចាប់អារម្មណ៍រក្សាស្ថិរភាពដូចអាមេរិកដែរ។
បេសកកម្មរបស់យន្តហោះ B-52 ពីលើសមុទ្រចិនខាងត្បូង មិនមែនជារឿងថ្មីឡើយ ហើយកាន់តែមិនប្លែកថែមទៀតបើនិយាយពីវត្តមានយោធាអាមេរិកនៅតំបន់ក៏ក្ដៅគគុកមួយនេះ។ នៅចុងខែកញ្ញា នាវាចម្បាំងរបស់អាមេរិក និងចិនប៊ិះនឹងប៉ះគ្នាទៅហើយ បន្ទាប់ពីនាវាចម្បាំងចិនដេញនាវាអាមេរិកចេញពីសមុទ្រចិនខាងត្បូង។ យ៉ាងណាមិញ លោក ម៉ាធីស និយាយហើយថា តំបន់សមុទ្រមួយនេះជាដែនអាកាសអន្តរជាតិ និងដែនទឹកអន្តរជាតិ ដែលអាមេរិកធ្វើសកម្មភាពបាន៕
Tag:
អាមេរិក
ចិន
សិង្ហបុរី
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com