ជាតិ
សេដ្ឋកិច្ច
ឧស្សាហកម្មកាត់ដេរកម្ពុជា ក្នុងឆ្នាំ២០១៧ មានទឹកប្រាក់៧ពាន់លានដុល្លារ
× ភ្នំពេញ៖ ឧស្សាហកម្មកាត់ដេរកម្ពុជា ដែលនាំចេញទៅក្រៅប្រទេសក្នុងឆ្នាំ២០១៧ មានទឹកប្រាក់៧ពាន់លានដុល្លារអាមេរិក។ នេះជាការបញ្ជាក់របស់លោក ប៉ាន់ សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបជាមួយលោកស្រី ដូនីកា ប៉ូទី (Donica Pottie) ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា។
ថ្លែងក្នុងជំនួបនេះ លោក ប៉ាន់ សូរសក្តិ បានប្រាប់ភាគីកាណាដាថា កំណើនសេដ្ឋកិច្ចកម្ពុជា ដែលកំពុងរឹងមាំបច្ចុប្បន្ន ដោយសារបានមកពីការចូលរួមនៃវិស័យសំណង់ វាយនភណ្ឌ ទេសចរណ៍ និងកសិកម្ម។ ជាពិសេសឧស្សាហកម្មកាត់ដេរ (ឆ្នាំ២០១៧) ដែលមានចំនួន៧ពាន់លានដុល្លារអាមេរិក ហើយឧស្សាហកម្មនេះ បានបង្កើតការងារជូនប្រជាជន៧៦ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី នៅតាមតំបន់ជនបទ។
ក្នុងឆ្នាំ២០១៦ កម្មករ-និយោជិត បានទទួលប្រាក់ខែចាប់ពី ១៤០ដុល្លារ នឹងឡើងដល់ ១៧០ដុល្លារ ក្នុងឆ្នាំ២០១៨។ នៅឆ្នាំ២០១៩ខាងមុខ កម្មករ-និយោជិត នឹងទទួលបានប្រាក់ឈ្នួលគោល១៨២ដុល្លារ។
លោក ប៉ាន់ សូរសក្តិ បានបញ្ជាក់ដូច្នេះថា៖« រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រវិស័យវាយនភណ្ឌ តាមរយៈការបន្តស្វែងរកទីផ្សារសក្តានុពលបន្ថែម និងការបង្កើនប្រាក់បៀវត្សអតិបរមាជូនកម្មករ-និយោជិត»។
ក្រសួងពាណិជ្ជកម្ម បានបន្ថែមថា ផលិតផលសក្តានុពលនាំចេញរបស់កម្ពុជា រួមមាន សម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំយានយន្ត គ្រឿងសង្ហារឹម ផ្លាស្ទីក ផលិតផលក្មេងលេង និងទំនិញកសិកម្ម។
ទាក់ទងនឹងពាណិជ្ជកម្មនេះ ភាគីកាណាដា សន្យាជួយកៀងគរវិនិយោគិនកាណាដា ឲ្យចូលមកបណ្តាក់ទុនលើការកែច្នៃវត្ថុធាតុដើមសំខាន់ៗ ដើម្បីបម្រើការអភិវឌ្ឍឧស្សាហកម្មវាយនភ័ណ្ឌ និងការធ្វើទំនើបកម្មវិស័យកសិកម្ម នៅកម្ពុជា៕
Tag:
សេដ្ឋកិច្ច
កម្ពុជា
កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com