អន្តរជាតិ
ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​កើនឡើង​ខ្លាំង ឯការប្រែប្រួល​អាកាសធាតុ​កាន់តែ​ធ្ងន់ធ្ងរ
19, Oct 2018 , 8:39 am        
រូបភាព
នាយកប្រតិបត្តិទីភ្នាក់ងារបរិស្ថានអន្តរជាតិ Fatih Birol (រូបភាព AFP)
នាយកប្រតិបត្តិទីភ្នាក់ងារបរិស្ថានអន្តរជាតិ Fatih Birol (រូបភាព AFP)
​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច (CO2) ពី​វិស័យ​ថាមពល នឹង​កើនឡើង​ថែមទៀត​ក្នុង​ឆ្នាំ​២០១៨ នេះ ខណៈ​នៅ​ឆ្នាំ​២០១៧ ការបញ្ចេញ​ឧស្ម័ន​ពុល​មួយ​នេះ​បាន​ឈានដល់​កម្រិត​កំណត់ត្រា​។ ប្រធាន​ទីភ្នាក់ងារ​បរិ​ស្ថាន​អន្តរជាតិ និយាយថា វា​ធ្វើ​ឲ្យ​មាន​ភាពស្រពេចស្រពិល​ដ​ល់​ក្នុងកា​អនុវត្ត​កិច្ចព្រមព្រៀង​ក្រុងប៉ារីស សំដៅ​កាត់បន្ថយ​ការកើនឡើង​កម្ដៅ​ពិភពលោក​។ បាតុភូត​នេះ​កំពុងតែ​បង្ក​ផលប៉ះពាល់​សម្រាប់​ពិភពលោក​ដូចជា​ទឹកជំនន់ គ្រោះរាំងស្ងួត និង​គ្រោះធម្មជាតិ​កាន់តែ​មហន្តរាយ​។​

 
​វិស័យ​ថាមពល​មាន​ចំណែក​ចំនួន​៨០​ភាគរយ​នៃ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច (CO2) របស់​ពិភពលោក ហើយ​សល់​ពី​នោះ​គឺ​ដោយសារ​ការកាប់​ព្រៃ និង​កសិកម្ម​។ នេះ​មានន័យថា វិស័យ​មួយ​នេះ​ដើរ​សំខាន់​ក្នុងការ​ប្រឹងប្រែង​ទប់ស្កាត់​ការកើនឡើង​កម្ដៅ​សាកល​។ យ៉ាងណាមិញ ការបញ្ចេញ​ឧស្ម័ន​មួយ​នេះ​ពី​សំណាក់​វិស័យ​ថាមពល ចេះតែ​បន្ត​កើនឡើង​រហូតដល់​ឆ្នាំ​២០១៧ ដែល​ឈានដល់​កម្រិត​ខ្ពស់បំផុត​កាលពី​ឆ្នាំមុន​។​
 
​នា​ជំនួប​រវាង​មន្ត្រីការទូត​នៅ​ស្ថានទូត​ប៉ូឡូញ​ប្រចាំ​ក្រុងប៉ារីស​នៅ​ថ្ងៃទី​១៧ ខែតុលា ប្រធាន​ប្រតិបត្តិ​ទីភ្នាក់ងារ​បរិស្ថាន​អន្តរជាតិ (IEA) លោក Fatih Birol និយាយថា​៖ «​ខ្ញុំ​សុំទោស​។ ខ្ញុំ​មាន​ព័ត៌មាន​អាក្រក់​សម្រាប់​អ្នក​ទាំងអស់គ្នា​។ ការបញ្ចេញ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​នឹង​កើនឡើង​ម្ដងទៀត​នៅ​ឆ្នាំ​២០១៨ ។ យើង​មាន​កិច្ចប្រជុំ COP ពេលដែល​ការបញ្ចេញ​ឧស្ម័ន​ពុល​កើន​ដល់​ចំណុច​កំណត់ត្រា​ជាថ្មី​»​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​បន្ទាប់ពី​នៅ​ថេរ​បី​ឆ្នាំ ការបញ្ចេញ​កាបូន​នៅ​ទូទាំង​ពិភពលោក​បាន​កើន​ចំនួន​១.៤​ភាគរយ​នៅ​ឆ្នាំ​២០១៧​។ នៅ​ខែធ្នូ ឆ្នាំ​២០១៨ ប្រទេស​នានា​នឹង​ជួបជុំគ្នា​នៅ​ទីក្រុង Katowice ប្រទេស​ប៉ូឡូញ នា​សន្និសីទ​លើក​ទី​២៤ នៃ​ភាគី​របស់​អនុសញ្ញា​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​ស្ដីពី​ប្រែប្រួល​អាកាស (COP24) ។ ជំនួប​នេះ​នឹង​ផ្ដោត​សំខាន់​លើ​ការបញ្ចប់​សៀវភៅ​ណែ​សម្រាប់​អនុត្ត​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ដែល​នឹង​ចូល​ធរមាន​នៅ​ឆ្នាំ​២០២០ និង​ស្នើ​រក្សា​កំណើន​កម្ដៅ​ត្រឹម​១.៥​អង្សា​បើ​អាចធ្វើ​បាន​។​
 
​សម្រាប់​លោក Birol ឱកាស​ក្នុង​ការសម្រេច​ឲ្យ​បាន​គោលដៅ​ខាងលើ បាន​ថយចុះ​ជា​រៀងរាល់ឆ្នាំ និង​រាល់​ខែ​។ ត្រឹម​ការកើនឡើង​កម្ដៅ​ត្រឹម​មួយ​អង្សា​នៅពេល​សព្វថ្ងៃ ផែនដី​ទាំងមូល​បាន​រង​បញ្ហា​មិនចេះចប់​ទៅហើយ​ដូចជា​ការឡើង​កម្ដៅ​ខ្លាំង គ្រោះរាំងស្ងួត​រយៈពេល​វែង ទឹកជំនន់​ធំៗ និង​ព្យុះ​ដែល​កើតចេញពី​កំណើន​កម្ពស់​ទឹកសមុទ្រ​។ 
 
​បើ​គន់គូរ​បញ្ចូល​ទាំង​ការស្ម័គ្រចិត្ត​របស់​ប្រទេស​ក្នុងការ​កាត់បន្ថយ​ការ​បញ្ច​ញ​ឧស្ម័ន​ដោយ​ថាមពល​ផូស៊ីល​នោះ ពិភពលោក​នឹងមាន​កំណើន​កម្ដៅ​ពី​៣​ទៅ​៤ អង្សា​នៅ​ចុង​សតវត្សរ៍​ខាងមុខ​។ អតីតរដ្ឋមន្ត្រី​ការបរទេស​បារាំង Laurent Fabius ដែល​ដឹកនាំ​ការចរចា​រហូត​សម្រេចបាន​កិច្ចព្រមព្រៀង​ប៉ារីស​ចាត់ទុក​បម្រែបម្រួល​អាកាសធាតុ ជា​បញ្ហា​ពេល​ខ្លី តែបើ​ក្រឡេកមើល​មហន្តរាយ​វិញ វា​នឹង​កើតឡើង​នៅ​រយៈពេល​៥០​ឆ្នាំ​ខាងមុខ​៕
 

Tag:
 IEA
  ប្រែប្រួល​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com