អន្តរជាតិ
ប្រមុខការពារជាតិអាមេរិកជួបសមភាគីចិនដើម្បីសម្រួលភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគី រូបភាព៖ Japan Times
× រដ្ឋមន្ត្រីការពារជាតិអាមេរិក ជេម ម៉ាធីស (Jim Mattis) ជួបសមភាគីចិន នៅថ្ងៃទី១៨ ខែតុលា ក្រោយពីកិច្ចពិភាក្សាលើកមុនត្រូវបានលុបចោល។ ជំនួបនេះធ្វើដំឡើង ដើម្បីឈានទៅបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម និងការដាក់ទណ្ឌកម្មជាដើម។
ជំនួបរវាងរដ្ឋមន្ត្រីការពារអាមេរិក ជេម ម៉ាធីស និងសមភាគីចិន Wei Fenghe ត្រូវធ្វើឡើងនៅឯក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus)នៅសិង្ហបុរី។ គេរំពឹងថា ប្រមុខការពារជាតិទាំងពីរនេះនឹងប្តេជ្ញាបន្តទំនាក់ទំនងខាងផ្នែកយោធាដ៏យូរអង្វែងដែលមាន និងអាចឈានទៅសម្រួលភាពតានតឹងមួយកម្រិតក្នុងបញ្ហាសេដ្ឋកិច្ច និងនយោបាយផង។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខប្រចាំតំបន់ប៉ាស៊ីហ្វិក និងអាស៊ី Randall Schriver បានអះអាងថា ការពិភាក្សាទល់មុខរវាងលោកម៉ាធីស និងលោក Wei បានបង្ហាញឲ្យឃើញថា ក្រុងប៉េកាំងចាប់អារម្មណ៍ក្នុងការរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យនៅធម្មតា និងមានស្ថិរភាពឡើងវិញ។
កាលពីសប្តាហ៍មុនជំនួបទ្វេភាគីរវាងលោក ម៉ាធីស និងលោក Wei ត្រូវបានភាគីគ្រោងរៀបចំធ្វើឡើងនៅទីក្រុងប៉េកាំង ប៉ុន្តែក្រុងប៉េកាំងចិនសម្រេចលុបចោលជំនួបនេះទៅវិញ។ លុបចោលដ្បិតថា ចិនខឹងសម្បារយ៉ាងខ្លាំងពបន្ទាប់ពីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មលើយោធាចិនជុំវិញរឿងទិញសព្វាវុធពីរុស្ស៊ី ព្រមទាំងរឿងដែលអាមេរិកបានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងទៅក្បែរសមុទ្រចិនខាងត្បូងផងដែរ៕
Tag:
សហរដ្ឋអាមេរិក
ចិន
ជេម ម៉ាធីស
© រក្សាសិទ្ធិដោយ thmeythmey.com