សម្តេច ហ៊ុន សែន យល់ឃើញថា បើមានការដកប្រព័ន្ធអនុគ្រោះ ចេញពីកម្ពុជាមែននោះ គឺប្រៀបដូចជាសហភាពអឺរ៉ុប សម្រេចចិត្តបោះបង់អ្វីៗ ដែលខិតខំធ្វើនៅកម្ពុជាកន្លងមក។ មេដឹកនាំកម្ពុជា ស្នើឲ្យសហភាពអឺរ៉ុប ពិចារណាឲ្យបានល្អិតល្អន់ មុននឹងសម្រេចលើរឿងនេះ។
កំពុងស្ថិតក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំអាស៊ាន-អឺរ៉ុបលើកទី១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានជំនួបដោយឡែកមួយជាមួយ លោក ម៉ាទីន ហេ (Martin Hayes) តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប និងជាប្រធានក្រុមហ៊ុនបុសច៍ (Bosch) ប្រចាំអាស៊ីអាគ្នេយ៍ផងដែរ។ នៅលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន គេ ឃើញអត្ថបទព័ត៌មានដ៏វែងអន្លាយមួយ ដែលត្រូវបានបង្ហោះនៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ស្តីពីខ្លឹមសារនៃជំនួបនោះ។
តាមរយៈអត្ថបទដ៏វែងនេះ គេ អាចដឹងថា អ្នកទាំងពីរ បាននិយាយគ្នាច្រើន ពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងកម្ពុជា ដោយក្នុងនោះ ការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធលើសព្វមុខទំនិញ (EBA) ចេញពីកម្ពុជា ក៏ត្រូវបានលើកឡើងដែរ។ សម្តេច ហ៊ុន សែន បង្ហាញការយល់ឃើញផ្ទាល់ខ្លួនទៅកាន់លោក ម៉ាទីន ថា សហភាពអឺរ៉ុប ត្រូវស្តាប់គេឯង មុននឹងសម្រេចចិត្តលើបញ្ហាអ្វីមួយ។
ព័ត៌មានលើទំព័រហ្វេសប៊ុកនោះ បានសរសេរយ៉ាងដូច្នេះថា៖«សម្តេច បានជម្រាបថា មានប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប បានគំរាមដល់កម្ពុជា និងមីយ៉ាន់ម៉ា ក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសំអាងលើហេតុផលមួយចំនួន។ សហភាពអឺរ៉ុប បានជួយដល់កម្ពុជាយ៉ាងច្រើន ព្រោះចង់ឃើញកម្ពុជារីកចម្រើន។ ប៉ុន្តែ បើសហភាពអឺរ៉ុប សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺហាក់បីដូចជា សហភាអឺរ៉ុប បោះបង់ចោលនូវអ្វីៗ ដែលខ្លួនបានខិតខំធ្វើ នៅកម្ពុជា កន្លងមក។ ដូច្នេះ សូមឲ្យសហភាពអឺរ៉ុប មុនសម្រេចអ្វី គឺត្រូវពិនិត្យឲ្យគ្រប់ជ្រុងជ្រោយ ហើយស្តាប់មតិយោបល់របស់ក្រុមអ្នកធុរកិច្ចនៅអឺរ៉ុបផងដែរ»។
នៅចំពោះមុខតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា ខ្លួន មិនចង់ឃើញប្រទេសប្រជាធិបតេយ្យមួយចំនួន ដែលធ្លាប់បានប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរចំនួនពីរលើកមកលើកម្ពុជារួចមកហើយនោះ បន្តប្រព្រឹត្តកំហុសជាលើកទីបីទៀតឡើយ។
កំហុសលើកទីមួយ គឺកាលពីទសវត្សរ៍៧០ មានប្រទេសប្រជាធិបតេយ្យមួយចំនួននៅអឺរ៉ុប បានគាំទ្ររដ្ឋប្រហារនៅកម្ពុជា ដែលនាំឲ្យមានសង្គ្រាម។ កំហុសទីពីរ គឺប្រទេសប្រជាធិបតេយ្យទាំងនោះ បានគាំទ្ររបបខ្មែរក្រហម រួមទាំងការពារកៅអីខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ដែលរបបនេះ បានសម្លាប់មនុស្សអស់ជាងបីលាននាក់។ ទាំងនេះគឺជាការរៀបរាប់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ទៅកាន់តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប។
មេដឹកនាំកម្ពុជា បានសង្កត់ធ្ងន់បែបនេះថា៖«ប្រទេសប្រជាធិបតេយ្យទាំងនោះ មិនសោកស្តាយចំពោះការបាត់បង់របស់កម្ពុជានាពេលកន្លងមកឡើយ។ ហើយបើមានកំហុសទីបីមែន ក៏ពួកគេនៅតែគ្មានមនោសញ្ចតនាសោកស្តាយជាមួយកម្ពុជាដែរ។ ដូច្នេះសូមកុំឲ្យមានកំហុសទីបីកើតឡើងចំពោះកម្ពុជាជាបន្តទៀត ព្រោះមិនមែនប្រទេសទាំងនោះជាអ្នកដែលត្រូវទទួលរងនូវភាពខ្លាចផ្សារទេ គឺពលរដ្ឋកម្ពុជា ជាអ្នកដែលត្រូវទទួលរងនូវការឈឺចាប់ និងវិនាសហិនហោច»។
បរិយាយរឿងទាំងអស់ខាងលើរួចហើយ មេដឹកនាំកម្ពុជា ក៏ឆ្លៀតបញ្ចេញបំណងរបស់ខ្លួន ដែលមិនចង់ឲ្យសហភាពអឺរ៉ុប ដាក់គំនាបមកលើកម្ពុជា យ៉ាងដូច្នេះថា៖«ឥឡូវនេះ យើង បានដឹងហើយអំពីសភាពការណ៍ពិតរបស់កម្ពុជា។ […..] សហភាពអឺរ៉ុប មិនត្រូវដាក់ការកៀបសង្កត់ណាមួយ ដែលប្រាសចាកការពិត ដើម្បីប្រឆាំងនឹងបំណងប្រាថ្នារបស់ពលរដ្ឋកម្ពុជា និងអ្នកវិនិយោគិនអឺរ៉ុបឡើយ ព្រោះលក្ខខណ្ឌការងារ ប្រាក់ខែ និងផលប្រយោជន៍បុគ្គលិក កម្មករ-កម្មការនី កាន់តែប្រសើរឡើង»។
ព័ត៌មានលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន ក៏មានសរសេរពីការឆ្លើយតបរបស់លោក ម៉ាទីនផងដែរ។ សម្រាប់លោក ម៉ាទីន លោក មើលឃើញហានិភ័យ ដែលអាចកើតមានលើពួកវិនិយោគិនអឺរ៉ុបនៅកម្ពុជា បើប្រព័ន្ធអនុគ្រោះពន្ធ EBA ពិតជាត្រូវបានដកចេញពីកម្ពុជាមែននោះ។
អត្ថបទព័ត៌មាននោះ សរសេរបែបនេះថា៖«តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប ដែលមានក្រុមហ៊ុនអឺរ៉ុបប្រមាណ៤០០ បានចាត់ទុកថា បើមានការដកចេញនូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាមែននោះ វានឹងធ្វើឲ្យប៉ះពាល់ដល់បណ្តាក្រុមហ៊ុនធុរកិច្ចមកពីសហភាពអឺរ៉ុប។ តំណាងអាស៊ាន-សហភាពអឺរ៉ុប នឹងជួបពិភាក្សាដោយផ្ទាល់ជាមួយតំណាងក្រុមប្រឹក្សាអឺរ៉ុបលើបញ្ហានេះ ព្រោះវានឹងធ្វើឲ្យប៉ះពាល់និងខាតបង់ផលប្រយោជន៍ក្រុមហ៊ុនអ៊ឺរ៉ុបជាច្រើនដែលកំពុងវិនិយោគនៅកម្ពុជា»។
ថ្មីៗនេះ សហភាពអឺរ៉ុប បានចេញសេចក្តីសម្រេចមួយស្តីពីដំណើរការនៃការដកការប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជា។ នីតិវិធីនេះ មានរយៈពេលមួយឆ្នាំ ទើបសហភាពអឺរ៉ុប អាចសម្រេចជាផ្លូវការថា ត្រូវដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជា ឬបន្ត។
មូលហេតុ ដែលនាំឲ្យសហភាពអឺរ៉ុប យកប្រព័ន្ធអនុគ្រោះពន្ធ EBA មកព្រមានកម្ពុជា ដោយសារតែសហភាពអឺរ៉ុប មិនពេញចិត្តនឹងទង្វើមួយចំនួនរបស់រដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។ សហភាពអឺរ៉ុប ចោទថា រដ្ឋាភិបាលកម្ពុជា រឹតត្បិតសិទ្ធិសេរីភាព និងមិនសូវគោរពសិទ្ធិមនុស្ស។ ជាពិសេស ការរំលាយគណបក្សប្រឆាំង និងការឃុំមេគណបក្សប្រឆាំង គឺជារឿងដែលធ្វើឲ្យសហភាពអឺរ៉ុប កាន់តែមិនពេញចិត្តថែមទៀត។
ក្រោយសហភាពអឺរ៉ុប ប្រកាសពីដំណើរការនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជា មជ្ឈដ្ឋានជាច្រើន បានជជែកគ្នាយ៉ាងផុសផុលពីបញ្ហានេះ។ មជ្ឈដ្ឋានខ្លះ សម្តែងក្តីព្រួយបារម្ភពីសេដ្ឋកិច្ចកម្ពុជា ក្នុងករណីដែលសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ EBA។
សូមបញ្ជាក់ថា EBA (Everything but Arms) គឺជាប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញនិងផលិតផល ដោយលើកលែងតែអាវុធប៉ុណ្ណោះ។ ប្រទេសណា ដែលបានចុះកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបស្តីពី ប្រព័ន្ធ EBA ប្រទេសនោះ ត្រូវទទួលបានការអនុគ្រោះពន្ធ ចំពោះការនាំចូលទំនិញនិងផលិតផល ទៅកាន់ទីផ្សារអឺរ៉ុប។ កម្ពុជា ក៏ជាប្រទេសមួយ ដែលបានចុះកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបស្តីពី ប្រព័ន្ធ EBA ដែរ៕