កីឡាអន្តរជាតិ
អន្តរជាតិ
Man United នឹងមាន​ម្ចាស់​សម្បូរ​ទ្រព្យ​ជាង Man City វិញ បើ​លក់​ក្លិប​ឲ្យ​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​មែន​នោះ​
19, Oct 2018 , 9:56 am        
រូបភាព
​ការពិភាក្សា​លើ​ការ​ទិញដូរ​ក្លិប Manchester United ត្រូវបាន​គ្របដណ្តប់​នៅ​ទូទាំង​ទឹកដី Old Trafford ដោយមាន​សេចក្តីរាយការណ៍​ជា​លើក​ទី​២ ពី​សំណាក់​រជ្ជទាយាទ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Mohammad bin Salman ដែល​គេ​មើលឃើញថា​កំពុង​ថ្លឹងថ្លែង​លើ​សំណើ​ទិញយក​ក្លិប​នៅ​អង់គ្លេស​នេះ​។​


 
​ព្រះអង្គម្ចាស់ bin Salman ជា​បុត្រា​ស្តេច Salman bin Abdulaziz Al Saud ដែល​គ្រួសារ​របស់​ព្រះអង្គ​មានទ្រព្យ​សម្បត្តិ​រហូតដល់ ១១១៨​ពាន់​លាន​ដុល្លារ​អាមេរិក​នោះ បានដាក​ដេញថ្លៃ​ក្នុងតម្លៃ​មហាសាល​សម្រាប់​ក្លិប Man Utd ដែល​គេ​ជឿជាក់ថា​ក្នុង​រង្វង់​ទឹកប្រាក់ ៣​ពាន់​លាន​ផោន (៣,៩៣​ពាន់​លាន​ដុល្លារ​អាមេរិក​) ដែលជា​តម្លៃ​ភាគហ៊ុន​ធំ​បច្ចុប្បន្ន​របស់​គ្រួសារ Glazer​។​
 
​ស្របពេល​មាន​ព័ត៌មាន​ពី​ការ​ទិញដូរ​ក្លិប​ខាងលើនេះ សហប្រធាន​ក្លិប​បិ​សា​ក្រហម លោក Avram Glazer នឹងត្រូវ​ទៅ​ចូលរួម​ក្នុង​សន្និសីទ​ស្តីពី​គំនិត​ផ្តួចផ្តើម​វិនិយោគ​ដែល​ធ្វើឡើង​ក្នុង​រាជធានី រី​យ៉ា​ដ (Riyadh) ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នៅ​សប្តាហ៍​ក្រោយ​ជាមួយ​ម្ចាស់​ធនាគារ និង​អ្នកវិនិយោគ​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក ហើយ​ភាគី​ទាំងពីរ​ក៏​នឹងត្រូវ​ជួ​ម​គ្នា​នៅ​ទីនោះ​ផងដែរ​។​
 
​ប្រសិនបើ​ការទិញ​ដូរ​រវាង​សេដ្ឋី​អារ៉ាប់​ជាមួយ​សេដ្ឋី​អាមេរិក​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​មែន​នោះ មានន័យថា​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester នឹងមាន​ម្ចាស់​ដែល​សម្បូរ​ទ្រព្យ​ជាងគេ​បំផុត ហើយនឹង​រិត​តែ​កើន​ឥទ្ធិពល​បន្ថែមទៀត​ក្នុងចំណោម​ក្លិប​កំពូលៗ​លើ​លោក​។​
 
​នៅពេលនេះ​យើង​នឹង​បង្ហាញ​លោកអ្នក​ពី​ម្ចាស់​ក្លិប​ទាំង​២០​ក្នុង​ក្របខណ្ឌ Premier League ដែល​ខ្លះ​ជា​អ្នកជំនួញ និង​ខ្លះទៀត​ជា​សេដ្ឋី​ដែលមាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ដែល​ក្នុងចំណោម​នោះ​ម្ចាស់​ក្លិប Manchester City មានទ្រព្យ​សម្បត្តិ​លើសគេ នាពេល​បច្ចុប្បន្ន​។​
 
១- លោក Sheikh Mansour ម្ចាស់​ក្លិប Manchester City មហាសេដ្ឋី​ប្រេងកាត​ជនជាតិ​អា​មី​រ៉ា​ត​អារ៉ាប់​រួម មានទ្រព្យ ២២,២៦​ពាន់​លាន​ដុល្លារ​អាមេរិក​។​


 
២- លោក Roman Abramovich ម្ចាស់​ក្លិប Chelsea មហាសេដ្ឋី​ប្រេង​ជនជាតិ​រុស្ស៊ី​មានទ្រព្យ ១១,៥២​ពាន់​លាន​ដុល្លារ​អាមេរិក​។​


 
៣- លោក Stan Kroenke ម្ចាស់​ក្លិប Arsenal អ្នកជំនួញ និង​ជា​មហាសេដ្ឋី​អាមេរិក មានទ្រព្យ ៨,៥១​ពាន់​លាន​ដុល្លារ​អាមេរិក​។​


 
៤- លោក Shahid Khan ម្ចាស់​ក្លិប Fulham អ្នកជំនួញ និង​ជា​មហាសេដ្ឋី​អាមេរិក​ដើមកំណើត​ប៉ា​គី​ស្ថាន មានទ្រព្យ ៦,៩៤​ពាន់​លាន​ដុល្លារ​អាមេរិក​។​


 
៥- ក្រុមហ៊ុន​វិនិយោគ​ចិន Fosun International ជា​ម្ចាស់​ក្លិប Wolveshamton មានទ្រព្យ ៦,៨១​ពាន់​លាន​ដុល្លារ​អាមេរិក​។​
 
៦- គ្រួសារ Glazer ជា​ម្ចាស់​ក្លិប Manchester United និង​ជា​អ្នកជំនួញ​អាមេរិក មានទ្រព្យ ៥,៨៩​ពាន់​លាន​ដុល្លារ​អាមេរិក​។​


 
៧- មហាសេដ្ឋី​អង់គ្លេស លោក Joe Lewis ម្ចាស់​ក្លិប Tottenham Hotspur មានទ្រព្យ ៤,៩៨​ពាន់​លាន​ដុល្លារ​អាមេរិក​។​


 
៨- មហាសេដ្ឋី​ថៃ​លោក Vichai Srivaddhanaprabha ម្ចាស់​ក្លិប Leicester City មានទ្រព្យ ៤,៨៤​ពាន់​លាន​ដុល្លារ​អាមេរិក​។​
  
 
៩- លោក Mike Ashley អ្នកជំនួយ​ជនជាតិ​អង់គ្លេស ជា​ម្ចាស់​ក្លិប Newcastle United មានទ្រព្យ ៣,៧២​ពាន់​លាន​ដុល្លារ​អាមេរិក​។​


 
១០- លោក John Henry ម្ចាស់​ក្លិប Liverpool ជា​អ្នកជំនួញ​ជនជាតិ​អាមេរិក មានទ្រព្យ ២,៤៩​ពាន់​លាន​ដុល្លារ​អាមេរិក​។​


 
១១- លោក David Sullivan ម្ចាស់​ក្លិប West Ham ជា​អ្នកជំនួញ​ជនជាតិ​វេ​ល​សិ៍ មានទ្រព្យ ១,៩៦​ពាន់​លាន​ដុល្លារ​អាមេរិក​។​


 
១២- លោក Gao Jisheng ម្ចាស់​ក្លិប Southampton អ្នកជំនួញ​ជនជាតិ​ចិន មានទ្រព្យ ១,៨៣​ពាន់​លាន​ដុល្លារ​អាមេរិក​។​
  
 
១៣- លោក Farhad Moshiri ម្ចាស់​ក្លិប Everton អ្នកជំនួញ​អ៊ីរ៉ង់ មានទ្រព្យ ១,៧០​ពាន់​លាន​ដុល្លារ​អាមេរិក​។​
  
 
១៤- លោក Tony Bloom អ្នកជំនួញ​អង់គ្លេស ជា​ម្ចាស់​ក្លិប Brighton មានទ្រព្យ ១,៣១​ពាន់​លាន​ដុល្លារ​អាមេរិក​។​
  
 
១៥- លោក Vincent Tan ម្ចាស់​ក្លិប Cardiff City អ្នកជំនួញ​ម៉ាឡេស៊ី មានទ្រព្យ ៨១៤​លាន​ដុល្លារ​អាមេរិក​។​


 
១៦- លោក Dean Hoyle ម្ចាស់​ក្លិប Huddersfield Town ជា​អ្នកជំនួញ​អង់គ្លេស មានទ្រព្យ ៤៧៧​លាន​ដុល្លារ​អាមេរិក​។​


 
១៧- លោក Gino Pozzo ម្ចាស់​ក្លិប Watford ជា​អ្នកជំនួញ​ជនជាតិ​អ៊ីតាលី មានទ្រព្យ ១៥៧​លាន​ដុល្លារ​អាមេរិក​។​
  
 
១៨- លោក Maxim Demin អ្នកជំនួញ​រុស្ស៊ី ជា​ម្ចាស់​ក្លិប Bournemouth មានទ្រព្យ ១៣០​លាន​ដុល្លារ​អាមេរិក​។​


 
១៩- លោក Mike Garlick អ្នកជំនួញ​អង់គ្លេស ជា​ម្ចាស់​ក្លិប Burnley មានទ្រព្យ ៧៤​លាន​ដុល្លារ​អាមេរិក​។​


 
២០- លោក Steve Parish ម្ចាស់​ក្លិប Crystal Palace អ្នកជំនួញ​អង់គ្លេស មានទ្រព្យ ៥៨​លាន​ដុល្លារ​អាមេរិក​។​


 

 

 

Tag:
 ​បាល់ទាត់​
  Manchester United
  Mohammad bin Salman
© រក្សាសិទ្ធិដោយ thmeythmey.com