ជាតិ
រុស្ស៊ី សន្យាជួយធ្វើទំនើបនីយកម្មមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត
× ភ្នំពេញ៖ រុស្ស៊ី សន្យាជួយធ្វើទំនើបនីយកម្មមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ការសន្យានេះកើតឡើង នៅក្នុងជំនួបរវាងលោក Dmitry Medvedev នាយករដ្ឋមន្ត្រីរុស្ស៊ី និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
រុស្សីនឹងបន្តសហការជាមួយកម្ពុជា ទៅលើវិស័យជាច្រើនរួមទាំងវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បីឲ្យទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែរឹងមាំទ្វេឡើងថែមទៀត។ ហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដែលបានស្រង់សម្ដីលោក Dmitry Medvedev នាយករដ្ឋមន្ត្រីរុស្ស៊ី ដោយបានសរសេរដូច្នេះថា៖« ចាប់ពីឆ្នាំ២០១៩ទៅ រុស្ស៊ីនឹងផ្តល់ជំនួយមួយចំនួនដល់ប្រទេសកម្ពុជា ហើយតាមរយៈការបញ្ជូនប្រធានថ្មីរុស្សី នៃគណៈកម្មការអន្តររដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ដែលគ្រោងនឹងបើកកិច្ចប្រជុំនៅក្នុងខែមករា ឆ្នាំ២០១៩»។
ក្រៅពីការផ្តល់ជំនួយបច្ចេកទេសមួយចំនួននេះ រុស្ស៊ី ក៏បានសន្យាជួយជួសជុល និងរៀបចំការធ្វើទំនើបនីយកម្មមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ។ ហ្វេសប៊ុកសម្ដេច ហ៊ុន សែន បានបន្ថែមថា៖«សម្តេចក៏បានអរគុណចំពោះរុស្ស៊ី ដែលបានសន្យាជួយដល់ការធ្វើឲ្យទំនើបនីយកម្ម នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ សម្តេចបានចាត់ទុកថា មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត គឺពិតជាមានតម្លៃបំផុតសម្រាប់កម្ពុជា រួមទាំងវិទ្យាស្ថាបច្ចេកវិទ្យាកម្ពុជាតិចណូផងដែរ»។
កន្លងមកកម្ពុជា ធ្លាប់ស្នើរុស្ស៊ីឲ្យជួយធ្វើទំនើបកម្មបរិក្ខារវេជ្ជសាស្ត្រ បច្ចេកទេសព្យាបាល និងជួយបណ្តុះបណ្តាលធនធានវេជ្ជបណ្ឌិតឯកទេស ដើម្បីលើកកម្ពស់សេវាព្យាបាលឲ្យដូចរុស្ស៊ីថែមទៀត។
មិនត្រឹមតែជួយដល់ផ្នែកសុខាភិបាលទេ រុស្ស៊ីក៏មានបំណងជួយដល់ការជួសជុលប្រាសាទបុរាណមួយចំនួនរបស់កម្ពុជាផងដែរ ។ ការជួយនេះ ក៏ព្រោះតែមានអ្នកទេសចររុស្ស៊ីជាច្រើន បានទៅទស្សនា និងចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសកម្ពុជា។ នេះបើតាមសំណេរនៅលើហ្វេសប៊ុកនាយករដ្ឋមន្ត្រីកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com