អន្តរជាតិ
ប៊ូ​តង់​រើស​បាន​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ថ្មី ប៉ុន្តែប្រជាជនខ្លះ​ចង់បាន​របបរាជានិយម​ផ្តាច់ការ​ឡើងវិញ​
19, Oct 2018 , 11:09 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ប៊ូ​តង់​ថ្មី​នឹងត្រូវ​បង្កើតឡើង ក្រោយ​រដ្ឋ​ហិ​ម៉ា​ល័យ​នេះ​រៀបចំ​ការបោះឆ្នោត​ប្រជាធិបតេយ្យ ជាតិ​ជុំ​ទី​ពីរ​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​។ ប្រទេស​ដែលមាន​ប្រជាជន​ត្រឹម ៨០​ម៉ឺន​នាក់​នេះ សង្ឃឹមថា រដ្ឋាភិបាល​ថ្មី​នឹង​អាច​ធានា​សុខដុម​រនា​ក្នុង​សង្គមជាតិ និង​អាច​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ប្រជាជន​នៃ​រដ្ឋ​ហិ​ម៉ា​ល័យ​នេះ​ហាក់ដូចជា​មិនសូវ​ពេញ​ចិត្តនឹង​គោលការណ៍​ប្រជាធិបតេយ្យ​ដែល​ខ្លួន​កំពុង​អនុវត្ត​អស់​ប្រហែល ១០​ឆ្នាំ​មកនេះ​ទេ​។ 

 
​នៅ​ថ្ងៃទី​១៨ ខែតុលា ប៊ូ​តង់​រៀបចំ​ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ​លើក​ទី​បី​របស់ខ្លួន ក្រោយពី​ខ្លួន​បានបញ្ចប់​របបរាជានិយម​ផ្តាច់ការ​ក្នុង​ឆ្នាំ ២០០៨​។ ក្នុងការ​បោះឆ្នោត​នេះ គណបក្ស Druk Nyamrup Tshogpa (DNT) ឬ គណបក្ស​រួប​រួម​ប៊ូ​តង់​ដែល​ទើប​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១៣​នោះ បាន​យកឈ្នះ​អាសនៈ ៣០ លើ​អាសនៈ​សរុប ៤៧ ។ អាសនៈ ១៧​ទៀត ធ្លាក់​ទៅលើ​កណ្តាប់ដៃ​គណបក្ស Druk Phuensum Tshogpa (DPT) ឬ​គណបក្ស​សម្រាប់​សន្តិភាព​ និង​វឌ្ឍនភាព​ប៊ូ​តង់​។ 
 
​តាមពិតទៅ គណបក្ស​ទាំងពីរ​នេះ​បាន​ប្រកួតប្រជែង​គ្នា​នៅក្នុង​ការបោះឆ្នោត​ជុំទីមួយ​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា​កន្លងទៅ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ បក្ស​កាន់អំណាច ដែលមាន​លោក Tshering Tobgay ជា​នាយករដ្ឋមន្ត្រី​នោះបាន​ចាញ់​នៅក្នុង​ការបោះឆ្នោត​ជុំទីមួយ​រួចទៅហើយ​។ 
 
​គណបក្ស​ដែល​ឈ្នះឆ្នោត​បង្កើត​រដ្ឋាភិបាល​នឹងត្រូវ​ប្រឈម និង​ដោះស្រាយ​បញ្ហា​ច្រើន​នៅពេល​ខាងមុខ​ក្នុងនោះ​មានការ​បន្ត​រក្សា​កំណើនសេដ្ឋកិច្ច​, បន្ថយ​បំណុល​សាធារណៈ​កម្រិត​ខ្ពស់ (​បំណុល​ភាគច្រើន​ជំពាក់​ឥណ្ឌា​), ដោះស្រាយ​ការកើនឡើង​នៃ​ការមិន​ពេញចិត្ត​របប​នយោបាយ​ប្រជាធិបតេយ្យ​ក្នុងចំណោម​ពលរដ្ឋ​ប៊ូ​តង់ និង​ការធានា​ឲ្យ​បាន​នូវ​សុខដុមរមនា​របស់​ប្រពល​រដ្ឋ​ទូទៅ​ផងដែរ​។​
 
​តាមពិតទៅ វា​ជាការ​បោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​លើក​ទី​បី ក្រោយពេល​រដ្ឋ​ហិ​ម៉ា​ល័យ​នេះ​បញ្ចប់​របប​ដឹកនាំ​រាជានិយម​ផ្តាច់ការ​នៅ​ឆ្នាំ  ២០០៨​នោះ​។ យ៉ាងណាមិញ ការបោះឆ្នោត​ប្រកួតប្រជែង​គ្នា​តាមបែប​ប្រជាធិបតេយ្យ​នេះ មិនបាន​ធ្វើ​ឲ្យ​ប្រជាជន​ប៊ូ​តង់​រីករាយ​ឡើយ​។ ផ្ទុយទៅវិញ គេ​ជឿជាក់ថា វា​ធ្វើ​ឲ្យ​បែកខ្ញែក​គ្នា​ក្នុងសង្គម​ប៊ូ​តង់​ជុំវិញ​ដោយសារ​និន្នាការ​នយោបាយ​ផ្ទុយគ្នា​ទៅវិញ​។​
 
 សារព័ត៌មាន​អាមេរិក Washington Post បាន​ស្រង់​សម្តី​ប្រជាជន​ប៊ូ​តង់​វ័យ​៦៨​ឆ្នាំ​មួយរូប​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​ដូច្នេះ​ថា​៖«​ក្នុងន័យ​សន្តិភាព ភាពស្ងប់ស្ងាត់ និង​ភាពចុះ​សម្រុង​គ្នា ខ្ញុំ​យល់ឃើញថា ប្រព័ន្ធ​ដឹកនាំ​ចាស់ (​របបរាជានិយម​ផ្តាច់ការ​) មាន​ភាពប្រសើរ​ជាង​»​។ 
 
​រីឯ​ប្រជាជន​វ័យ​៥៨​ឆ្នាំ​មួយរូប​ទៀត​ដែល​លាក់​អត្តសញ្ញាណ​ដែរនោះ​ក៏បាន​លើកឡើង​ស្រដៀង​គ្នា គេ​ចង់​វិលត្រឡប់​ទៅរក​ប្រព័ន្ធ​ដឹកនាំ​ចាស់​វិញ ព្រោះ​គេ​យល់ឃើញថា ប្រជាជន​អាច​នឹង​បាន​សប្បាយចិត្ត​ជាង​ពេលបច្ចុប្បន្ន​នេះ​។​
 
​វា​មិនមែនជា​រឿង​ចម្លែក​ទេ ដែល​ប៊ូ​តង់​មិនសូវ​ស្វាគមន៍​របប​ដឹកនាំ​ប្រជាធិបតេយ្យ​ដែល​ផ្តោតលើ​ការប្រកួតប្រជែង​រវាង​បេក្ខជន​នៃ​បក្សនយោបាយ​ដើម្បី​អាចឈាន​ឆ្ពោះទៅ​ដឹកនាំ​ប្រទេស​។ ហេតុផល​គឺថា ជានិច្ច​ជា​កាល ប៊ូ​តង់​ព្យាយាម​បិទទ្វារ​មិន​ទទួលយក​លំហូរ​វប្បធម៌ ឬ​ទំនាក់ទំនង​ជាមួយ​ពិភព​ខាងក្រៅ ដ្បិត​ចង់​រក្សា​អត្តសញ្ញាណ​វប្បធម៌ អរិយធម៌ និង​ប្រពៃណី​របស់ខ្លួន​ដែរ​។  
 
​ដូច​ឃើញស្រាប់ ប៊ូ​តង់​បាន​នាំមុខគេ​ក្នុងការ​ដាក់ចេញ «​ការបំពេញ​សេចក្តី​ពេញចិត្ត​ជាតិ (National Contentment) »  ជា​គោលនយោបាយ​ស្នូល​របស់​ប្រទេស​។ ទ​ស្សៈ​វិជ្ជា​នេះ​បាន​ជួយ​ប៊ូ​តង់ ឲ្យ​បង្កើត​វិធានការ​មួយចំនួន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​។ រដ្ឋធម្មនុញ​របស់​ប៊ូ​តង់​តម្រូវ​ឲ្យ​រក្សា​ដីព្រៃ​យ៉ាងហោចណាស់ ៦០% ។ វិធានការ​នេះ​បានប្រែក្លាយ​ប៊ូ​តង់​ទៅជា​ប្រទេស​គ្មាន​កាបូន (Carbon-negative) តែមួយគត់​ក្នុង​លោក​។​
 
​រដ្ឋ​ដ៏​តូច​មួយ​នេះ​ក៏មាន​ចំណង​ការទូត​ជាមួយ​ប្រទេស​ប្រហែល ៥០​ប៉ុណ្ណោះ​លើ​លោក ហើយក៏​មិនសូវ​ចង់​បើកទ្វារ​ទទួល​ទេសចរ​បរទេស​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប៊ូ​តង់​ជា​ប្រទេស​តែមួយគត់​លើ​លោក​ដែល​កំណត់​យកស​ន្ទ​ស្សន៍​សុភមង្គល​ជាតិ (GNH) កំណត់​ការរីកចម្រើន​នៃ​សង្គម ខុសពី​ប្រទេស​ឯទៀត​ដែល​កំណត់​យក​ផលិតផល​ក្នុងស្រុក​សរុប (GDP)​។​
 
​ទាក់ទិន​នឹង​បញ្ហា​កើតឡើង​ដោយសារ​ការអនុវត្ត​ល​ទ្ធិ​ប្រជាធិបតេយ្យ​នេះ ប្រធាន​មជ្ឍមណ្ឌល​សម្រាប់​សិក្សា​សុភមង្គល​ជាតិ​ប៊ូ​តង់ Dorji Penjore  បាន​លើកឡើងថា​៖ «​យើង​មាន​អារម្មណ៍​ក្រៀមក្រំ​ជាខ្លាំង​ចំពោះ​ការបែងចែក​ក្នុងសង្គម​ទាំងនេះ​។ របប​ប្រជាធិបតេយ្យ​ក្នុងប្រទេស​ប៊ូ​តង់​នឹង​អាច​ដំណើរការ​ទៅមុខ​បាន ប៉ុន្តែ​វា​នឹងត្រូវ​ការបង់​ខាត​ខ្លះ​»​។ 
 
​លោក Penjore  បាន​ពន្យល់​ទៀតថា​៖ «​ប្រជាធិបតេយ្យ​កំពុង​ដាក់​សម្ពាធ​លើ​ភាពសុខដុមរមនា​រប​ស់​រដ្ឋ​ប៊ូ​តង់​»​។ ត្រង់នេះ​លោក​ចង់​មានន័យថា ទិដ្ឋភាព​មួយចំនួន​នៃ​ប្រជាធិបតេយ្យ​គឺ​ប្រឆាំង​ទៅនឹង​ធាតុ​ផ្សំ​នៃ​វប្បធម៌​របស់​ជនជាតិ​ប៊ូ​តង់ ដែល​ទទួល​ឥទ្ធិពល​យ៉ាងខ្លាំង​ពី​ទស្សនៈ​របស់​ព្រះពុទ្ធសាសនា​។ ជាក់ស្តែង បេក្ខជន​ដែល​មកពី​បក្ស​នីមួយៗ​ត្រូវតែ​បង្អួត​ពី​កម្លាំង និង​សមត្ថភាព​របស់​ពួកគេ ព្រោះ​ក្នុង​របប​ប្រជាធិបតេយ្យ​ការ​ឱនលំទោន​គឺជា​រឿង​បរាជ័យ​នៅក្នុង​ការបោះឆ្នោត​៕ 
 

Tag:
 ប៊ូ​តង់​
  ប្រជាធិបតេយ្យ​
 ​ហិ​ម៉ា​ល័យ​
  រាជានិយម​ផ្តាច់ការ​
© រក្សាសិទ្ធិដោយ thmeythmey.com