កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ប្រាប់​មូលហេតុ​ដែល​បន្ត​កិច្ចសន្យា​ឲ្យ Shaw ជាមួយនឹង​ការបន្ថែម​ប្រាក់​ឈ្នួល​
19, Oct 2018 , 7:19 pm        
រូបភាព
​លោក Jose Mourinho ថា Luke Shaw ពិតជា​សម​នឹង​ទទួលបាន​កិច្ចសន្យា​ថ្មី​របស់​ក្លិប Manchester United បន្ទាប់ពី​ខ្សែការពារ​ឆ្វេង​រូបនេះ​បាន​ចុះហត្ថលេខា​បន្ថែម​រយៈពេល ៥ ឆ្នាំ​ទៀត​នៅ​ថ្ងៃទី​១៨ ខែតុលា ដោយ​កើន​ប្រាក់​ឈ្នួល ១៥​ម៉ឺន​ផោន (១៩៥០០០​ដុល្លារ​អាមេរិក​) ក្នុង​មួយ​សប្តាហ៍​។​


 
​កីឡាករ​វ័យ​២៣​ឆ្នាំ សញ្ជាតិ​អង់គ្លេស​រូបនេះ​បាន​ខិតជិត​នឹង​ការចាកចេញ​ពី Old Trafford ទៅហើយ​កាលពី​រដូវ​កាល​មុន​ដ្បិត​បានបង្ហាញ​ខ្លួន​តិចតួច​ប៉ុណ្ណោះ​នៅក្រោម​ការដឹកនាំ​របស់​លោក Mourinho​។​


 
​ប៉ុន្តែ​នៅ​រដូវ​កាល​ថ្មី​នេះ Shaw បាន​ក្លាយជា​កីឡាករ​ដ៏​ឆ្នើម​ម្នាក់​សម្រាប់​ក្រុម​រហស្សនាម​បិសាច​ក្រហម​ជាមួយនឹង​ទម្រង់​លេង​ដ៏​ល្អ ហើយ​រូបគេ​ត្រូវបាន​ផ្តល់​ឲ្យ​នូវ​កិច្ចសន្យា ៥ ឆ្នាំ និង​លក្ខខណ្ឌ​បន្ត​មួយឆ្នាំ​ទៀត​។​
 
​ជុំវិញ​ការផ្តល់​កិច្ចសន្យា​ថ្មី​សម្រាប់​កីឡាករ​ដែល​ទើប​ជា​ពីរ​បួស​បាក់ជើង និង​ឡើង​ទម្រង់​លេង​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​រៀបរាប់​ហេតុផល​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លិប Man Utd  ថា​៖« Shaw ពិតជា​សម​នឹង​ទទួលបាន​កិច្ចសន្យា​នេះ​ណាស់​។ គាត់​យល់​ពី​ដំណើរការ​អភិវឌ្ឍ​ខ្លួន​របស់គាត់ គាត់​បានធ្វើការ​យ៉ាង​លំបាក​នៅ​គ្រប់​កម្រិត​ទាំង​អស់ហើយ​គាត់​តែងតែ​ជឿជាក់​លើ​ខ្លួនឯង ដែល​នេះ​ជា​គុណសម្បត្តិ​ដ៏​អស្ចារ្យ​ដែល​រូបគេ​មាន​»​។​
 
«Shaw នៅ​ក្មេង​ហើយ​កំពុង​រីកចម្រើន​គ្រប់ពេល​ហើយ​គាត់​ត្រូវតែមាន​មោទនភាព​ចំពោះ​ខ្លួនឯង​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​យើង​រក្សា​កីឡាករ​វ័យក្មេង​ដ៏​មាន​ទេពកោសល្យ​របស់​អង់គ្លេស​ម្នាក់​ដែល​នឹង​ភ្លឺស្វាង​នៅ​ថ្ងៃ​អ​នាគ​»​។ Mourinho បន្ថែម​ដូច្នេះ​។​
 
​កន្លងមក អ្នកចាត់ការ​រហស្សនាម Special One វ័យ​៥៥​ឆ្នាំ​រូបនេះ​ធ្លាប់បាន​ប៉ះទង្គិច​គ្នា​ជាមួយ Shaw ម្តង​ដែរ​កាលពី ៧​ខែ​មុន នៅពេលដែល Mourinho បាន​ប្តូរ​ខ្សែការពារ​រូបនេះ​នៅ​ពាក់កណ្តាល​តង់​អំឡុង​ការប្រកួត​ដែល Man United យកជ័យ​ជម្នះ ២-០ លើ​ក្រុម Brighton​។​
 
​កាលនោះ Shaw បាន​ចោទសួរ​ទៅកាន់ Mourinho ភ្លាមៗ​ថា «​ហេតុអ្វី​បានជា​អ្នក​តែងតែ​ធ្វើបាប​ខ្ញុំ​?»​។​
 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ Mourinho មិនបាន​តបត​នឹង​សំណួរ​បែប​រិះគន់​របស់​អតីត​ខ្សែការពារ Southampton នេះឡើយ​៕
​ 

Tag:
 ​បាល់ទាត់​
  Jose Mourinho
  Luke Shaw
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com