អន្តរជាតិ
ការវាយប្រហារ​ក្នុង​មហាវិទ្យាល័យ​បច្ចេកវិទ្យា​មួយ​ក្នុង​តំបន់​⁠ Crimea បាន​បណ្តាលឱ្យ​មនុស្ស ១៩​នាក់​ស្លាប់​
19, Oct 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ក្រុម​អ្នកស៊ើប​អង្កេត និង​នាយក​មហាវិទ្យាល័យ​បាន​និយាយថា នៅក្រោយ​មានការ​ផ្ទុះ​មួយ ជនប្រដាប់អាវុធ​ម្នាក់​បាន​ចូលទៅក្នុង​អាគារ​មហាវិទ្យាល័យ​នេះ​ដោយ​បាញ់​ទៅលើ​ក្រុមមនុស្ស​ដែល​គាត់​បានឃើញ​នៅក្នុង​មហាវិទ្យាល័យ​ពហុ​បច្ចេកវិទ្យា Kerch​។​

 
​និស្សិត​ម្នាក់​អាយុ​១៨​ឆ្នាំ​បាន​បាញ់សម្លាប់​មនុស្ស​១៩​នាក់ និង​បានធ្វើឱ្យ​របួស​មនុស្ស​ជាង ៥០​នាក់​ទៀត​នៅក្នុង​មហាវិទ្យាល័យ​បច្ចេកវិទ្យា​មួយ​ក្នុង​តំបន់​គ្រី​ម៉េ (Crimea)​។​
 
​ប៉ូលិស​បាន​និយាយថា អ្នកបាញ់​កាំភ្លើង​នេះ​ឈ្មោះ Vladislav Roslyakov ជា​និស្សិត​ឆ្នាំ​ទី​៤​នៃ​មហាវិទ្យាល័យ​នេះ​ក្នុង​ក្រុង Kerch នៅជាប់​ឆ្នេរសមុទ្រ​ខ្មៅ​។ គេ​បានឃើញ​យុវជន​នេះ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ដោយ​ធ្វើអត្តឃាត​។​
 
​ក្រុម​អ្នកស៊ើប​អង្កេត និង​នាយក​មហាវិទ្យាល័យ​បាន​និយាយថា នៅក្រោយ​មានការ​ផ្ទុះ​មួយ ជនប្រដាប់អាវុធ​ម្នាក់​បាន​ចូលទៅក្នុង​អាគារ​មហាវិទ្យាល័យ​នេះ​ដោយ​បាញ់​ទៅលើ​ក្រុមមនុស្ស​ដែល​គាត់​បានឃើញ​នៅក្នុង​មហាវិទ្យាល័យ​ពហុ​បច្ចេកវិទ្យា Kerch​។​
 
​លោក Sergei Aksyonov មេដឹកនាំ​តំបន់​គ្រី​ម៉េ​បាន​និយាយថា «​និស្សិត​រូបនេះ​បាន​ដើរ​បាញ់​ទៅលើ​ពួក​និស្សិត និង​សាស្ត្រាចារ្យ​ដោយ​គ្មាន​មេត្តា​»​។ តំបន់​គ្រី​ម៉េ​ជា ឧបទ្វីប​មួយ​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​ប្រទេស​រុស្សី​បាន​ចូលកាន់​កាប់​កាលពី​ឆ្នាំ​២០១៤ ដែល​បាន​នាំឱ្យមាន​ការដាក់ទណ្ឌកម្ម​ពី​បស្ចិមប្រទេស​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​។​
 
​លោក Dmitry Peskov អ្នកនាំពាក្យ​ប្រធានាធិបតី​រុស្សី​បាន​និយាយថា​លោក Vladimir Putin បាន​បញ្ជា​ឱ្យមាន​ការស៊ើបអង្កេត​ល្អិតល្អន់ ហើយ​លោក​បាន​សម្តែង​ការរំលែក​មរណទុក្ខ​ដល់​គ្រួសារ​ជនរងគ្រោះ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com