អន្តរជាតិ
ជំនួបអាស៊ី-អឺរ៉ុប៖ អឺរ៉ុបប្រឹងទាក់ទាញមហាអំណាចអាស៊ីឲ្យបន្តគាំទ្រពាណិជ្ជកម្មសេរី ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដូណាល់ ទូស, នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង និងប្រធានគណៈកម្មការអឺរ៉ុប ហ្សង់-ក្លូដ ចាំងគើ (រូបភាព AFP)
× ជំនួបអាស៊ី-អឺរ៉ុបលើកទី១២ បានចាប់ផ្ដើមហើយនៅថ្ងៃទី១៩ ខែតុលា នៅឯទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ មេដឹកនាំប្រទេសអឺរ៉ុបប្រឹងប្រែងទាក់ទាញការគាំទ្រពីប្រទេសធំៗនៅតំបន់អាស៊ីលើការជំរុញពាណិជ្ជកម្មសេរី និងបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាសំខាន់ពីរត្រូវបានអាមេរិកប្រឆាំង ប៉ុន្តែមន្ត្រីជាន់ខ្ពស់អឺរ៉ុបអះអាងថា ជំនួបនេះមិនមែនជាការជួបជុំដើម្បីតទល់អាមេរិកឡើយ។ អឺរ៉ុបដែលហាក់បាត់បង់ទម្ងន់លើឆាកអន្តរជាតិនោះ ក៏កំពុងរកផ្លូវដើម្បីងើបមុខវិញដែរ។
មេដឹកនាំប្រទេសអឺរ៉ុបចំនួន២៨ប្រទេស និងមេដឹកនាំអាស៊ីជាង២០ប្រទេសផ្សេងទៀត បានជួបគ្នានៅទីក្រុងព្រុចសែលនាជំនួបអាស៊ី-អឺរ៉ុបលើកទី១២ ។ ការការពារពាណិជ្ជកម្មសេរី ការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ និងសំណុំរឿងឧបទ្វីបកូរ៉េ ជាប្រធានបទសំខាន់ក្នុងជំនួបដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្ដង។ ស្របពេលបរិបទនយោបាយ និងពាណិជ្ជកម្មកំពុងប្រែប្រួល អឺរ៉ុបស្វែងរកការគាំទ្ររបស់ប្រទេសអាស៊ីដើម្បីរក្សាស្ថិរភាពភពលោក។
មេដឹកនាំមហាអំណាចធំៗនៅអាស៊ីសុទ្ធតែមានវត្តមាននៅបែលហ្ស៊ិកដូចជានាយករដ្ឋមន្ត្រីចិន លី ខឹឈាំង, នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ និងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ជាដើម ហើយសុទ្ធតែជាអ្នកគាំទ្រចរន្តសាកលភាវូបនីយកម្ម។ ស្របគ្នានឹងភាពតានតឹងផ្នែកពន្ធជាមួយអាមេរិកនោះ គេរំពឹងថា មេដឹកនាំទាំងអស់នឹងផ្ដល់ការគាំទ្រលើប្រព័ន្ធពាណិជ្ជកម្មសាកលដែលផ្អែកលើអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដូណាល់ ទូស បាននិយាយដៀមដាមឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា វាគ្មានតម្លៃឡើយដែលចង់ដោះស្រាយបញ្ហាដោយមិនឈរលើគោលការណ៍ច្បាប់នោះ។ លោកបន្តថា តាមនិយមន័យ ពិភពលោកមួយដែលគ្មានច្បាប់ទម្លាប់ គឺជាពិភពលោកចលាចល។
ប្រទេសជាច្រើនទាំងនៅអាស៊ី និងអឺរ៉ុប សុទ្ធតែកំពុងជួបបញ្ហាជាមួយអាមេរិកលើរឿងពន្ធនេះ បន្ទាប់រដ្ឋបាល ត្រាំ ប្រកាសដំឡើពន្ធដល់នាំចូលអាលុយមីញ៉ូមចំនួន១០ភាគរយ និងដែកថែប២៥ភាគរយ។ បើនិយាយពីចិនវិញ គឺជាគោលដៅចម្បងនៃមុខព្រួញរបស់អាមេរិក។ ជម្លោះធំជាងគេ និងបង្កការព្រួយបារម្ភខ្លាំងជាងគេ មហាអំណាចទាំងពីរបានដាក់ពន្ធលើផលិតផលគ្នាទៅវិញទៅមកក្នុងទំហំប្រាក់រាប់ពាន់លានដុល្លារ។
យ៉ាងណាមិញ ប្រមុខការទូតសហភាពអឺរ៉ុប Federica Mogherini បញ្ជាក់ថា ជំនួបរវាងមេដឹកនាំអាស៊ី និងអឺរ៉ុបពេលនេះ មិនបានសំដៅប្រទេសណាមួយឡើយ ទោះជាអឺរ៉ុបមានជំហរខុសពីអាមេរិកលើសំណុំរឿងជាច្រើនក្ដី។ របៀបវារៈនៃកិច្ចប្រជុំ នឹងផ្ដោតលើការគាំទ្រពហុភាគីនិយម ការប្រែប្រួលលអាកាសធាតុ ការធ្វើពាណិជ្ជកម្មសេរី និងយុត្តិធម៌ជាដើម។
ឆ្លៀតឱកាសជំនួបដ៏ធំនេះដែរ អឺរ៉ុបក៏នឹងព្យាយាមបង្កើនតួនាទីរបស់ខ្លួនលើឆាកអន្តរជាតិឡើងវិញ បន្ទាប់ពីត្រូវបានមើលឃើញថា បានធ្លាក់ចុះ និងពង្រឹងទំនាក់ទំនងជាមួយអាស៊ីឲ្យកាន់តែរឹងមាំថែមទៀត។ មេដឹកនាំអាស៊ី-អឺរ៉ុបនឹងជជែកពីយុទ្ធសាស្ត្រតភ្ជាប់អាស៊ី ដែលសំដៅជំរុញការតភ្ជាប់ទ្វីបទាំងពីរ និងការការពារបរិស្ថាន និងការលើកកម្ពស់សិទ្ធិពលករ។ គំនិតផ្ដួចផ្ដើមនេះហាក់ដើរប្រឆាំងគម្រោងផ្លូវសូត្ររបស់ចិន តែអឺរ៉ុបបដិសេធ៕
Tag:
អាស៊ី
អឺរ៉ុប
ASEM
© រក្សាសិទ្ធិដោយ thmeythmey.com