ជាតិ
លោក ប៉ាន សូរ​សក្តិ​៖ ក្រសួង​នឹង​កាត់បន្ថយ​វត្តមាន​ផលិតផល​បរទេស​នៅតាម​ទីផ្សារ
19, Oct 2018 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា​១៧៨​ក្រុមហ៊ុន (SMEs) បានដាក់​តាំង​បង្ហាញ​ផលិតផល​របស់ខ្លួន ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​នៃ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ចាប់ពី​ថ្ងៃទី​១៨​ដល់​២១ តុលា នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេ​ជ្យ​។ ការតាំងពិព័រណ៍​នេះ ក៏​ដើម្បី​ដាស់​ស្មារតី​ប្រជាជន​ខ្មែរ ឲ្យ​ងាក​មក​គាំទ្រ និង​ប្រើប្រាស់​ទំនិញ​ផលិត​ក្នុងស្រុក ជំនួស​ទំនិញ​នាំចូល​ពី​បរទេស​។ ដើម្បី​លើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានប្រកាសថា ក្រសួង​នឹង​កាត់បន្ថយ​វត្តមាន ផលិតផល​បរទេស​នៅតាម​ទីផ្សារ​កម្ពុជា​។  

 
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ បាន​និយាយថា ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​ទីផ្សារ ស្របតាម​គោលដៅ​សសរស្តម្ភ​ទី​៣ ស្តីពី​ការអភិវឌ្ឍ​វិស័យ​ឯកជន និង​ការងារ នៃ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​។ ថ្លែង​ក្នុង​ពិធី​តាំង​ពិ​ព័រ​ណ៌ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ កាលពី​ថ្ងៃទី​១៨ តុលា លោក ប៉ាន សូរ​សក្តិ បានបញ្ជាក់​ដូច្នេះ​៖« ការគាំទ្រ និង​ប្រើប្រាស់​ផលិតផល​ខ្មែរ គឺជា​សកម្មភាព​ស្នេហា​ជាតិ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​គួរតែ​ចូលរួម ដើម្បី​ពង្រឹង​ចង្វាក់​ផលិតកម្ម​ក្នុងស្រុក​»​។ 
 
​ក្រៅពី​ស្នើ​ឲ្យ​ពលរដ្ឋ​ចូលរួម​គាំទ្រ​ផលិតផល​ខ្មែរ​ហើយ លោក ប៉ាន សូរ​ស័ក្តិ បានប្រកាសថា ក្រសួង​នឹង​កាត់បន្ថយ​វត្តមាន​ផលិតផល​បរទេស​នៅតាម​ទីផ្សារ តាមរយៈ​ការ​ចងក្រង និង​អនុវត្ត​ច្បាប់​ឧបាស្រ័យ​ពាណិជ្ជកម្ម (​វិធានការ​ប្រឆាំង​និង​ការលក់​បង្ខូច​ថៃ្ល​) និង​ការសម្របសម្រួល​វិស័យ​ឯកជន​កម្ពុជា ក្នុងការ​ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​អន្តរជាតិ​នានា ដើម្បី​ផ្សព្វផ្សាយ ។ ជាពិសេស​ការធ្វើ​ពិពិធ​កម្ម (​ពង្រីក​) ការនាំចេញ​ផលិតផល​ខ្មែរ​ទៅកាន់​ទីផ្សារ​បរទេស ឲ្យ​បាន​អតិបរមា​។ 
 
«​ខណៈដែល​ក្រសួងពាណិជ្ជកម្ម កំពុង​ខិតខំ​ស្វែងរក​ទីផ្សារ​ថ្មីៗ​ជូន​វិស័យ​ឯកជន បងប្អូន​ផលិតករ និង​សហគ្រិន ចាំបាច់​ត្រូវ​ចេះ​អភិវឌ្ឍន៍ និង​ពង្រឹងគុណភាព​ផលិតផល​ជាមួយ​គំនិត​ច្នៃប្រឌិត​ខ្ពស់ ដើម្បី​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំចូល​ពី​បរទេស ហើយ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ជួយ​គាំទ្រ​ផលិតផល​ជាតិ តាមរយៈ​ការប្រើប្រាស់ និង​បំផុស​ចលនា​ទិញ​ឲ្យ​បាន​ច្រើន ដើម្បី​ទ្រទ្រង់​ផលិតកម្ម​ក្នុងស្រុក និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម ដែល​បានស្នើ​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា ខិតខំ​ពង្រឹងគុណភាព​អនាម័យ​ផលិតផល​របស់ខ្លួន ឲ្យ​កាន់តែ​ប្រសើ​ឡើង​ថែមទៀត ក្នុងការ​ប្រកួត​ជាមួយ​ទីផ្សារ​អាស៊ាន (AEC) ។ 
 
​កាលពីពេល​ថ្មីៗ​នេះ សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​(FASMEc) ស្នើ​ឲ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​សម្រេច​ពី​បរទេស​មក​ទីផ្សារ​កម្ពុជា ដើម្បី​ជួយ​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​មានការ​រីកចម្រើន​។​ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​លើក​បែបនេះ ដោយសារ​លោក​សង្កេតឃើញ​ថា ក្រសួង​ពាក់ព័ន្ធ ហាក់​មិនទាន់​អនុវត្តន៍​បាន​ពេញលេញ​លើ​ការនាំ​ចូល​ផលិតផល​សម្រេច​មក​ក​ម្ពុ​ជា​ឡើយ​។​
 
​តែ​យ៉ាងណា​រដ្ឋាភិបាល ធ្លាប់បាន​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម សម្រាប់​ការពារ​ដល់​ផលិតកម្ម និង​ឧស្សាហកម្ម​ក្នុងស្រុក ពី​ការហូរចូល​យ៉ាងគំហុក​នៃ​ផលិតផល​បរទេស​មក​កាន់​ទីផ្សារ​កម្ពុជា និង​ការលក់​បន្ទាប​តម្លៃ​ខុស​ប្រក្រតី ដែលជា​បច្ច័យ​មិនល្អ ដោយ​បង្ក​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ ឬ​គំរាម​គំហែង​ដល់​ឧស្សាហកម្ម​ក្នុងស្រុក​។ នេះ​បើតាម​លោក ផៃ ស៊ី​ផាន ដែល​បច្ចុប្បន្ន​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល ធ្លាប់​ប្រាប់​សារព័ត៌មាន​កន្លងមក​។ 
 
 
​កន្លងមកនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំ​យុទ្ធនាការ​នេះ​ចំនួន​ពីរ​រដូវ​កាល​រួចមកហើយ គឺ​រដូវ​កាល​ទី​១ នៅក្នុង​ខេត្តសៀមរាប កំពង់ចាម ព្រះសីហនុ និង​រាជធានី​ភ្នំពេញ​។  ហើយ​រដូវ​កាល​ទី​២ នៅក្នុង​ខេត្តស្ទឹងត្រែង បាត់ដំបង ស្វាយរៀង រាជធានី​ភ្នំពេញ និង​ខេត្ត​កែប​។ សម្រាប់​រដូវ​កាល​ទី​៣​នេះ ក្រសួងពាណិជ្ជកម្ម បានកំណត់​យក​រាជធានី​-​ខេត្ត​ចំនួន ៦ រួមមាន​៖ ខេត្តកណ្តាល កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រៃវែង កោះកុង និង​រាជធានី​ភ្នំពេញ ធ្វើជា​កន្លែង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​។ ការតាំង​បង្ហាញ​នេះ​គឺ​ដើម្បី​លើកកម្ពស់​ផលិតកម្ម​ក្នុងស្រុក និង​លើកទឹកចិត្ត​ដល់​សហគ្រិន​កម្ពុជា​។​
 
​កញ្ញា ឆា​ត់ ស្រី​ពៅ ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​លី​លី បាន​លើកឡើងថា ការរៀបចំ​ពិ​ព័រ​ណ៌​របស់​ក្រសួងពាណិជ្ជកម្ម ដែល​បង្កើត​ឲ្យ​មាន​យុទ្ធនា​ការណ៍​ទិញ​ផលិតផល​ខ្មែរ​នេះ គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​យល់ដឹង ហើយនឹង​បង្វែរ​ការចាប់អារម្មណ៍​មកលើ​ផលិតផល​ខ្មែរ​កាន់តែ​ច្រើនឡើង​។ 
 
​ប្រធាន​ផ្នែក​ទីផ្សារ​រូបនេះ ក៏​ស្នើ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ពន្ធគយ និង​បែបបទ​ផ្សេងៗ​ក្នុងការ​នាំចេញ ជាពិសេស​បង្កើត​សិក្ខាសាលា​ផ្សេងៗ ដែល​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ដល់​សហគ្រិន ទើប​បង្កើត​ថ្មី​ផងដែរ​៕
 

Tag:
 ​សេដ្ឋកិច្ច​
  ប៉ាន សូរ​សក្តិ​
© រក្សាសិទ្ធិដោយ thmeythmey.com