អតីតឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានបក្សប្រឆាំង UMNO លោក Ahmad Zahid Hamidi ត្រូវបានតុលាការចោទប្រកាន់ជុំវិញករណីលាងលុយ រំលោភសេចក្តីទុកចិត្ត និងរំលោភអំណាចនៅថ្ងៃសុក្រទី ១៩ ខែតុលា។ បទចោទប្រកាន់ដែលលោកប្រឈមនោះមានសរុប ៤៥ករណីក្នុងនោះមាន និងពាក់ព័ន្ធលុយ ២៦លានដុល្លារ។
អតីតឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលលោក ណាជីប រ៉ាហ្សាក់ លោក Zahid ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការនៅព្រឹកថ្ងៃសុក្រ បន្ទាប់ពីឃុំខ្លួនរយៈពេលខ្លីប៉ុណ្ណោះកាលពីថ្ងៃព្រហស្បតិ៍។ មានវ័យ ៦៥ឆ្នាំ លោកមានជាប់ពាក់ព័ន្ធនឹងករណីរំលោភអំណាច លាងលុយកខ្វក់ និងរំលោភសេចក្តីទុកចិត្តផង។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រទី ១៩ ខែតុលានេះ លោក Zahid បានបង្ហាញខ្លួននៅតុលាការក្រុងគូឡាឡាំពួ ដើម្បីទទួលការចោទប្រកាន់ជាផ្លូវការដោយផ្អែកតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងប្រឆាំងការលាងលុយកខ្វក់ផងដែរ។ លោកត្រូវប្រឈមនឹងបណ្តឹងសរុបទាំង ៤៥ ក្នុងនោះមាន ២៧ពាក់ព័ន្ធនឹងការលាងលុយ, ៨ ទទួលសំណូក និង១០ករណីផ្សេងទៀតពាក់ព័ន្ធនឹងការរំលោភសេចក្តីទុកចិត្ត។
គេអះអាងថា ការចោទប្រកាន់ លោក Zahid នេះសម្អាងលើករណីដែលលោកប្រើប្រាស់លុយមូលនិធិដែលស្ថិតក្រោមមូលនិធិសប្បុរសធម៌នៃគ្រួសារលោកដើម្បីចាយវាយសម្រាប់ខ្លួនឯងផ្ទាល់ និងភរិយារបស់លោកផង។ ហើយបន្ថែមពីនេះលោកក៏បានទទួលសំណូកជាថ្នូរនឹងការជួយសម្រួលឲ្យក្រុមហ៊ុនទទួលបានកិច្ចសន្យាជាមួយរដ្ឋ និងលាងលុយដោយទិញអចលនទ្រព្យទុកផង។ បរិមាណលុយដែលពាក់ព័ន្ធនឹង បទចោទទាំងអម្បាលម៉ានខាងលើនេះគឺមានតម្លៃប្រហែល ២៦,៦លានដុល្លារឯណោះ។
យ៉ាងណាក៏ដោយចុះ មន្ត្រីជាន់ខ្ពស់ខាងលើបានបដិសេធរាល់ការចោទប្រកាន់ និងបានអះអាងថា លោកស្អាតស្អំ មិនមានពាក់ព័ន្ធករណីខាងលើដូចការចោទប្រកាន់ឡើយ។ ខាងគណបក្សរបស់លោកUNMO បានចេញពីរិះគន់ចំណាត់ការ និងបានចោទប្រកាន់ថា រាល់ការចោទប្រកាន់តាមតុលាការនេះជាករណីនយោបាយទាំងអស់។
បច្ចុប្បន្ននេះ លោកក៏ត្រូវបានដោះលែងឲ្យនៅក្រៅឃុំដោយបង់លុយ ២លានរីងហ្គីត ឬ ប្រហែល ៤០ម៉ឺនដុល្លារដើម្បីធានាផងដែរ។ សវនាការលើសំណុំរឿងរបស់លោកនឹងចាប់ផ្តើមជាថ្មីនៅថ្ងៃ ១៤ ខែធ្នូខាងមុខ។
តាមពិតទៅការចាប់ខ្លួន និងចោទប្រកាន់អតីតមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលម៉ាឡេស៊ីខាងលើនេះ កើតឡើងខណៈដែលអាជ្ញាធរប្រឆាំងពុករលួយបង្កគណនីធនាគារាប់រយ និងហាមឃាត់មនុស្សជាច្រើននាក់ដែលជាសមាជិកបក្សប្រឆាំង UMNO ដែលធ្លាប់ដឹកនាំប្រទេសប្រហែល ៦ទសវត្សរ៍ មិនឲ្យចាកចេញពីប្រទេស។ អង្គភាពនេះក៏កំពុងបន្តពន្លឿនការស៊ើបអង្កេតករណីបាត់លុយរដ្ឋរាប់ពាន់លានដុល្លារក្នុងមូលនិធិរដ្ឋ 1MDB ដែលមានជាប់ពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្ត្រីលោក ណាជីប និងភរិយារបស់ខ្លួនលោកស្រី Rosmah Mansor ដែរ។
លោក ណាជីប រងបទចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ៣២ ករណីក្នុងនោះមានករណីលាងលុយ រំលោភសេចក្តីទុកចិត្ត និងលាងលុយដែលពាក់ព័ន្ធនឹងទំហំទឹកប្រាក់ប្រមាណ៥៥៣,៦លានដុល្លារអាមេរិកដែលចេញពីមូលនិធិ 1MDB។ ចំណែកភរិយាលោកវិញ រងបទចោទប្រកាន់ចំនួន ១៧ ករណីផងដែរ៕