អន្តរជាតិ
លោក ថាក់ស៊ីន ទទូច​ឲ្យ​បក្ស​មាន​ទំនោរ​ទៅ​ប្រជាធិបតេយ្យ​រួមគ្នា ផ្តួល​បក្ស​គាំទ្រ​យោធា​ពេល​បោះឆ្នោត​
20, Oct 2018 , 7:29 pm        
រូបភាព
ដោយ:
​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ នៅតែមាន​ជំនឿ​មុតមាំ​ថា បក្សនយោបាយ​ដែលមាន​ទំនោរ​លើ​លទ្ធិប្រជាធិបតេយ្យ​ថៃ​នឹង​ទទួលបាន​ជ័យជម្នះ​នៅ​ថ្ងៃ​បោះឆ្នោតជាតិ​ថៃ​ខាងមុខនេះ​។ អតីត​នាយករដ្ឋមន្ត្រី​បញ្ជាក់​បន្ថែមថា ជ័យជម្នះ​នេះ​នឹង​កើតឡើង​យ៉ាងពិត​ប្រាកដ ប្រសិនបើ​បក្ស​ទាំងនោះ​រួមគ្នា​ជា​ធ្លុង​មួយ​។​



«​ខ្ញុំ​គិតថា បក្ស​មាន​ទំនោរ​ទៅរក​ប្រជាធិបតេយ្យ​ទាំងអស់​រួមគ្នា នឹង​ឈ្នះ​អាសនៈ​ជាង​៣០០ នៃ​អាសនៈ​សរុប​ទាំងអស់​៥០០​។ នេះ គឺជា​ពេលវេលា​សម្រាប់​អ្នកបោះឆ្នោត​ដើម្បី​បង្ហាញ​ពី​សិទ្ធិអំណាច​នៃ​ការបោះឆ្នោត​ក្នុងការ​បញ្ចប់​របប​ផ្តាច់ការ​ពី​រាជាណាចក្រ​ថៃ​ហើយ​»​។  លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ និយាយ​បែបនេះ​នៅ​ថ្ងៃ​១៨ ខែតុលា ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​ភ្នាក់ងារ​ព័ត៌មាន Kyodo ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ហុងកុង​។​
 
​អ្នកនយោបាយ​ដែល​កំពុងតែ​រស់នៅ​និរទេស​ខ្លួន​នៅ​បរទេស​រូបនេះ បាន​បន្តទៀតថា ពលរដ្ឋ​ថៃ នឹង​បោះឆ្នោត​ឲ្យ​បក្ស​ដែលមាន​ទំនោរ​ខាង​ប្រជាធិបតេយ្យ ដ្បិត​ពួកគេ​គិតថា វា​ជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ក្នុងការ​ធ្វើ​ឲ្យ​របប​ប្រជាធិបតេយ្យ​វិលត្រឡប់​ឡើងវិញ​។ 
 
​លោក​អតីត​នាយករដ្ឋមន្ត្រី ថ្លែង​ជាមួយនឹង​ការ​ជឿជាក់ថា គ្រប់​ពេលដែល​បក្ស​ទំនោរ​ខាង​ប្រជាធិបតេយ្យ​ដឹកនាំ​រដ្ឋាភិបាល ប្រជាជន មាន​អារម្មណ៍​ថា ពួកគេ​កំពុងតែ​រស់នៅក្នុង​ភាពរុងរឿង ហើយ​ពួកគេ ត្រូវការ​បក្ស​មួយ ដែល​អាចមាន​ដំណោះស្រាយ​សម្រាប់​ការរស់នៅ​របស់​ពួកគេ មិនមែន​បក្ស​ដែល​ក្តោប​ក្តាប់​អំណាច​លើសលប់​ដែល​មិន​អនុញ្ញាត​ឲ្យ​ប្រជាជនមាន​សេរីភាព​ច្រើនពេក​នោះ​។ 
 
​សម្រាប់​លោក ថាក់ស៊ីន ការបោះឆ្នោតជាតិ​នៅ​ខែ​ដើម​ឆ្នាំក្រោយ​ដែល​ត្រូវ​បានប្រកាស​ចុងក្រោយ​ដោយ​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នាពេល​ថ្មីៗ​នេះ នឹង​កើតឡើង​យ៉ាងពិត​ប្រាកដ​។ ការណ៍​ដែល​លោក អាច​ហ៊ាន​អះអាង​បែបនេះ ដ្បិត​លោក ដឹងថា លោក ប្រា​យុទ្ធ លើកឡើង​ពី​ពេល​កំណត់​នេះ​ទៅកាន់​វេទិកា​អន្តរជាតិ​ជាច្រើនលើក​មកហើយ​។ នេះ​ក៏​ជា​លើកចុងក្រោយ​ដែល​លោក​ប្រា​យុទ្ធ ត្រូវ​រក្សា​សម្តី​របស់ខ្លួន​នោះ​។​
 
​គួរ​ជម្រាប​ផងដែរ គិត​ចាប់ពី​ឡើងអំណាច​តាមរយៈ​រដ្ឋប្រហារ​យោធា​នៅ​ឆ្នាំ​២០១៤​មក រដ្ឋាភិបាល​របប​សឹក​ថៃ ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា ជា​ប្រមុខ​បាន​សន្យា​រៀបចំ​ការបោះឆ្នោត​ជាច្រើនលើក​មកហើយ តែ​ត្រូវបាន​ពន្យារ​ជា​បន្តបន្ទាប់ ក្រោម​ហេតុផល​ថា ប្រទេស​មិនទាន់មាន​សន្តិសុខ និង​សណ្តាប់​។ 
 
​បើ​ក្រឡេក​ទៅ​មើល អតីត​នាយករដ្ឋមន្ត្រី​ថៃ គឺ​លោក ថាក់ស៊ីន វិញ កន្លងមក​លោក​បានប្រកាស​ថា លោក នឹងមិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ទៀតឡើយ​។ ក៏ប៉ុន្តែ​ថ្មីៗ​នេះ លោក​ហាក់ដូចជា​សកម្ម​ឡើងវិញ​ទាំង​តាមរយៈ​ការផ្តល់​សម្ភាសន៍​ឲ្យ​សារព័ត៌មាន និង​តាម​បណ្តាញ​សង្គម ក្នុងការ​រិះគន់​របប​សឹក​៕ 

Tag:
 ថៃ​
  អាស៊ាន​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com