ជាតិ
កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​លើកដំបូង​នៃ​សន្និសីទ ASCOJA លើក​ទី​២៤ នៅ​ខេត្តសៀមរាប​
20, Oct 2018 , 2:41 pm        
រូបភាព
​សៀមរាប​៖ កម្ពុជា តាមរយៈ​សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន បានទទួល​រៀបចំ​សន្និសីទ​របស់​ក្រុមប្រឹក្សា​អតីត​និស្សិត​អាស៊ាន​មកពី​ប្រទេស​ជប៉ុន​(Asean Council of Japan Alumni) លើក​ទី​២៤ ដែល​ពិធី​នេះ​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ នៅលើ​ទឹកដី​ខេត្តសៀមរាប​។ គោលបំណង​នៃ​សន្និសីទ​ដ៏​ធំ​នេះ គឺ​ដើម្បី​រិត​ចំណងមិត្តភាព​រវាង​សមាជិក​ក្នុង​សមាគម​អតីត​និស្សិត​អាស៊ាន​ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​តាមរយៈ​វិស័យ​ទេសចរណ៍ ក៏ដូចជា​បទពិសោធន៍​នៃ​ការងារ​មួយចំនួនទៀត​។​



 
​ក្នុង​ពិធី​បើក​សន្និសីទ​នៅ​ព្រឹក​ថ្ងៃទី​២០ តុលា នៅ​សណ្ឋាគារ​បុរី​អង្គរ ប្រធាន​សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន លោក វុទ្ធី មុនី​រ័ត្ន បានឱ្យដឹងថា គោលបំណង​សំខាន់​នៃ​កម្មវិធី​នេះ គឺ​ដើម្បី​រិត​ចំណងមិត្តភាព​រវាង​អតីត​និស្សិត​ដែល​ធ្លា​ប់រៀន​នៅ​ប្រទេស​ជប៉ុន​ក្នុង​តំបន់​អាស៊ាន តាមរយៈ​វិស័យ​ទេសចរណ៍ ហេតុនេះហើយ​ទើប​លោក​សម្រេច​រៀបចំ​សន្និសីទ​នេះ​នៅ​ទឹកដី​ខេត្តសៀមរាប​។ ក្រៅពីនេះ សន្និសីទ​នេះ​ក៏​បង្ហាញ​ពី​មេត្រីភាព​រវាង​អាស៊ាន និង​ជប៉ុន និង​ផ្សព្វផ្សាយ​ពី​ភាព​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​តាមរយៈ​ប្រាង្គ​ប្រាសាទ ដែល​សិក្ខាកាម​មកពី​តំបន់​អាស៊ាន​អាច​ពាំនាំ​ការផ្សព្វផ្សាយ​ល្អៗ បន្ត​ទៅដល់​ប្រទេស​ពួកគេ​។​


 
​បើតាម​ការលើកឡើងរ​ប​ស់លោក វុទ្ធី មុនី​រ័ត្ន សន្និសីទ​រយៈពេល​៣​ថ្ងៃនេះ គឺ​ផ្តោតលើ​ការងារ​មួយចំនួន​រួមមាន ការចែករំលែក​បទពិសោធ​ន៍​គ្នា​រវាង​អ្នកជំនាញការ​ប្រទេស​ក្នុង​តំបន់​អាស៊ាន អ្នកជំនាញ​ជប៉ុន​ជុំវិញ​ការងារ​ជួសជុល និង​ថែទាំ​ប្រាសាទ​ក្នុងប្រទេស​កម្ពុជា និង​ក្នុង​តំបន់​អាស៊ាន ដូចជា​បទពិសោធន៍​ការជួសជុល​ប្រាសាទអង្គរវត្ត​ជាដើម​។​ល​។ នៅ​ថ្ងៃទី​៣ អ្នកចូលរួម​ទាំងអស់​នឹងចូលរួម​កម្មវិធី​ដាំ​កូនឈើ​មិត្តភាព​មួយ ដើម្បី​បង្ហាញ​ពី​ការចូលរួម និង​ថែរក្សា​បរិស្ថាន​ផងដែរ​។​


 
​តាម​ការបញ្ជាក់​របស់​ប្រធាន​សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន មកដល់​បច្ចុប្បននេះ​មាន​និស្សិត​ខ្មែរ​ជាង ១២០០​នាក់​ហើយ ដែល​បានបញ្ចប់​ការសិក្សា​ពី​ប្រទេស​ជប៉ុន ដោយ​ពួកគេ​កំពុង​បម្រើការ​ក្នុង​ជួរ​រាជការ និង​វិស័យ​ឯកជន​។​
 
​គួររម្លឹកថា សន្និសីទ ASCOJA លើក​ទី​២៤ មានការ​ចូលរួម​ពី​អតីត​និស្សិត​បញ្ចប់​ការសិក្សា​នី​សកល​វិទ្យាល័យ​នានា​ក្នុងប្រទេស​ជប៉ុន​ប្រមាណ ៣០០​នាក់ មកពី​ប្រទេស​សមាជិក​អាស៊ាន ដោយ​បច្ចុប្បន្ន​ពួកគេ​កំពុង​បម្រើ​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ក្នុងប្រទេស​កំណើត​ខ្លួន​។ ASCOJA ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៧៧ ហើយ​នេះ​ជា​លើក​ទី​១ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ជា​រៀងរាល់ឆ្នាំ សមាគម​អតីត​និស្សិត​ដែល​បញ្ចប់​ការសិក្សា​មកពី​ប្រទេស​ជប៉ុន នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ តែង​រៀបចំ​ប្រារព្ធ​សន្និសីទ​នេះ​៕
 
​ 

© រក្សាសិទ្ធិដោយ thmeythmey.com