ជាតិ
ផ្លូវក្រវាត់ក្រុងទី៣ ប្រវែងសរុប៤៧,៦គីឡូម៉ែត្រ គ្រោងសាងសង់នាពេលឆាប់ៗនេះ Front រូបថត៖ AKP
× គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ប្រវែងសរុប៤៧,៦គីឡូម៉ែត្រ នឹងត្រូវដំណើរការសាងសង់នាពេលឆាប់ៗខាងមុខ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AKP ដែលដកស្រង់សំដីមន្ត្រីជំនាញពីមន្ទីរសារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បន្ទាប់ពីកិច្ចព្រមព្រៀងនៃគម្រោងនេះ ត្រូវបានចុះហត្ថលេខាតាំងពីថ្ងៃទី១០ ខែកក្កដា មក។
ដោយរត់កាត់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីផ្លូវជាតិលេខ៤ មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងបញ្ចប់នៅផ្លូវជាតិលេខ១ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ នឹងត្រូវសាងសង់ឡើងក្នុងរង្វង់ទឹកប្រាក់២៥៩លានដុល្លារអាមេរិក។គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ នឹងត្រូវចាប់ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយត្រូវកាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ២១+២០០ កាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ២២+៨០០ និងកាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៨+៤០០ និងផ្លូវខ្នែងប្រវែង ៥.៣៧៥ម៉ែត្រ។
មន្ត្រីជំនាញ បានបញ្ជាក់ថា គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ ផ្លូវរថយន្តមាន៤គន្លង ដែលមួយគន្លងមានទទឹង ៣,៥០ម៉ែត្រ ដោយមានទទឹងតួផ្លូវសរុប ២៥ម៉ែត្រ។ ចំណែកផ្លូវទោចក្រយានយន្ត មាន២គន្លង ដោយមួយគន្លងមានទទឹង ២,២៥ម៉ែត្រ។
ធនាគារនីហរ័ណ-អាហរ័ណចិនបានយល់ព្រមផ្តល់ឥណទានសម្បទាន ក្នុងរង្វង់ទឹកទឹកប្រាក់ប្រមាណ ២៥៩លានដុល្លារអាមេរិក។ លោកបានបន្តទៀតថា កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ។ «ក្រុមហ៊ុនសំណង់សៀងហៃជាអ្នកទទួលខុសត្រូវក្នុងការងារសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ ដោយមានការត្រួតពិនិត្យបច្ចេកទេសពីក្រុមហ៊ុនក្វាងចូវ វ៉ាន់អានមកពីប្រទេសចិន»។ នេះជាការបញ្ជាក់ពីមន្ត្រីជំនាញមកពីមន្ទីរសាធារណការក្រុង៕
Tag:
ផ្លូវក្រវ៉ាត់ក្រុងទី៣
© រក្សាសិទ្ធិដោយ thmeythmey.com