ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បករ រៀម មុនី​ស៊ី​ឡុ​ង ច្នៃ​កាកសំណល់​សំរាម​ជាវ​ត្ថុ​សិល្បៈ​ដើម្បី​រួមចំណែក​ការពារ​បរិស្ថាន​
21, Oct 2018 , 8:59 am        
រូបភាព
​សៀមរាប​៖ សិល្បករ រៀម មុនី​ស៊ី​ឡុ​ង ជា​សិល្បករ​ដ៏​កម្រ​មួយរូប ដែល​យក​សំរាម​ច្នៃ​ជាវ​ត្ថុ​សិល្បៈ​។ អ្នក​ស្គាល់​លោក​ច្រើន តែង​ហៅ​លោក ស៊ី​ឡុ​ម​ថា «​មនុស្ស​សំរាម​» ផងដែរ​។ លោក ស៊ី​ឡុ​ម​បាន​រម្លឹកថា ហេតុដែល​លោក​ចាប់ផ្តើម​ច្នៃ​សំរាម​ជាវ​ត្ថុ​សិល្បៈ​នេះ​ឡើង ដោយសារ​លោក​ធ្លាប់​ពុល​ផ្សែង​សំរាម​។ ដោយសារ​មិន​ចង់ឱ្យមាន​អ្នករងគ្រោះ​ដូច​លោក ក៏ដូចជា​ផ្សព្វផ្សាយ​ពី​ផល​លំបាក ឬ​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ប្លា​ស្ទីក លោក ស៊ី​ឡុ​ម ផ្តើម​កែច្នៃ​សំរាម​មួយចំនួន ដែល​លោក​ថា សម្ភារ​ដែល​គេ​បោះចោល​ទាំងនោះ នៅមាន​សារប្រយោជន៍​ដែល​អាច​យកមក​បង្កើត​របស់​ថ្មី​វិញ​បាន​។​



 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​
 
​លោក រៀម មុនី​ស៊ី​ឡុ​ង បច្ចុប្បន្ន​រស់នៅ​ភូមិ​មណ្ឌល​៣ ក្រុង​សៀមរាប​។ លោក​ជា​សិល្បករ​មួយរូប ដែល​កែច្នៃ​កាកសំណល់​ផ្សេងៗ​ជា​វត្ថុ​សិល្បៈ​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​។ កាកសំណល់​ទាំងនោះ​មាន​ទាំង​សំរាម​ស្លឹកឈើ សំបក​ដប​ប្លា​ស្ទីក សំណល់​ផ្ទះបាយ ស្រកាត្រី សំបកខ្យង ខ្ចៅ​ជាដើម​។​ល​។ 


 
​តាមពិតទៅ វា​មិនមែនជា​រឿង​ចៃដន្យ​ទេ ដែល​សិល្បករ​រូបនេះ​មានគំនិត​ផ្តើម​ច្នៃ​កាកសំណល់​សំរាម​ផ្សេងៗ ឱ្យ​ក្លាយជា​វត្ថុ​សិល្បៈ​ដ៏​រស់​រវើក​។ លោក ស៊ី​ឡុ​ម ដែលមាន​សក់វែង និង​ពុកមាត់​-​ចង្កា​ដុះ​ជ្រោង បាន​រំលឹកថា លោក​ធ្លាប់មាន​អា​ការៈពុល​ផ្សែង​សំរាម ដែល​គ្រួសារ​លោក​បាន​ដុត​នៅមុខ​ផ្ទះ​។ លើកដំបូង លោក​មាន​អាកា​រៈ​ត្រឹមតែ​ឈឺក្បាល​តែប៉ុណ្ណោះ តែ​លើក​ទី​២ ធ្វើឱ្យ​ស្បែ​កលោក ស៊ី​ឡុ​ង ឡើង​ពងបែក ទើប​លោក​សន្មត​ថា ខ្លួន​ពិតជា​ពុល​សំរាម​ពិតប្រាកដ​មែន​។​


 
​ដោយសារ​មាន​ជំនាញ​ខាង​ធ្វើ​ក្រដាស ដំបូង​លោក ស៊ី​ឡុ​ង សាកល្បង​យក​សំរាម​សរីរាង្គ​មក​ច្នៃ​ជា​ក្រដាស និង​បន្ទាប់មក ក៏​ច្នៃ​ជា​រូប​សិល្បៈ​ផ្សេងៗ​តាម​ដែល​អាចធ្វើ​ទៅបាន​។ លោក​ចាប់ផ្តើម​ការងារ​នេះ​ដំបូង​នៅ​ឆ្នាំ ២០០៩ តែដោយសារ​មិនសូវមាន​ទីផ្សារ លោក ស៊ី​ឡុ​ម ធ្លាប់​បោះបង់​ការងារ​នេះ​ម្ដង​នៅ​អំឡុង​ឆ្នាំ ២០១៣-២០១៤​។ 
 
​សម្រាប់​លោក ស៊ី​ឡុ​ង ត្រឹម​កាកសំណល់​ផ្ទះបាយ អាច​ច្នៃ​ជា​រូប​សិល្បៈ​បាន មាន​ពី​៧០ ទៅ​៨០​ភាគរយ​។ កាកសំណល់​ទាំងនោះ មានដូចជា​ស្រកាត្រី​ជាដើម​។ យ៉ាងណា​លោក​ថា ដើម្បី​យកមកប្រើ​ប្រាស់​បាន គឺ​ត្រូវ​ប្រើពេល​យូរ​បន្តិច ដើម្បី​លាង​សម្អាត ស​ម្ងួ​ត ដើម្បី​ទុក​បានយូរ​មិនមាន​សត្វល្អិត​រោម​ស៊ី​ជាដើម​។ 
 
 
​ខុសពី​ពេលមុន ទីផ្សារ​សម្រាប់​រូប​សិល្បៈ​ដែល​ច្នៃ​ពី​សំរាម មាន​ត្រឹមតែ​ភ្ញៀវ​អឺរ៉ុប​តែប៉ុណ្ណោះ តែ​បច្ចុប្បន្ន ភ្ញៀវ​អាស៊ី​ក៏​ចាប់អារម្មណ៍​ខ្លះ​ដែរ​។ គំនូរ ឬ​រូប​សិល្បៈ​របស់លោក ស៊ី​ឡុ​ង អាច​លក់បាន​ចាប់ពី​តម្លៃ ១០​ដុល្លារ ទៅ​២​ពាន់​ដុល្លារ​ក៏មាន តាម​ទំហំ និង​អត្ថន័យ​ដែល​លោក​បង្កប់​ក្នុង​រូប​។​
 
 
  
​សារសំខាន់​របស់លោក ស៊ី​ឡុ​ង ដែល​បាន​ច្នៃ​សំណល់​សំរាម​ផ្សេងៗ ជា​វត្ថុ​សិល្បៈ គឺ​លោក​ចង់ឱ្យ​ពលរដ្ឋ​ស្គាល់​ពីសារ​ប្រយោជន៍​រប​ស់​សំរាម ពិសេស គឺ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទីក ព្រោះ​វា​ជា​មូលហេតុ​មួយ​ដែល​បំផ្លាញ​ស្រទាប់ផែនដី និង​បំពុល​បរិ​យា​កាល​ដ៏​ធ្ងន់ធ្ងរ​៕
 
 

Tag:
 រៀម មុនី​ស៊ី​ឡុ​ម​
  មនុស្ស​សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com