ជាតិ
វិមាន​នយោបាយ​ឈ្នះ​-​ឈ្នះ នឹង​សម្ពោធ​ជា​ផ្លូវការ នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០១៨
22, Oct 2018 , 8:29 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​អន្តរក្រសួង ដើម្បី​រៀបចំ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨​។ កម្មវិធី​សម្ភោ​ធ​នឹង​ធ្វើឡើង​ក្នុងឱកាស​អបអរ​ខួប​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​លើ​ន​យោ​បាយ​ឈ្នះ​-​ឈ្នះ​។



​យោងតាម​សេចក្ដីសម្រេច​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ គណៈកម្មការ​អន្តរក្រសួង​នេះ មាន​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ជា​ប្រធាន  និង​អនុប្រធាន​៥​រូប គឺ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា រួមទាំង​សមាជិក​៦៣​រូប​ទៀត​។ 
 
​វិមាន​ឈ្នះ​-​ឈ្នះ គឺជា​និមិត្តរូប​នៃ​សុខសន្តិភាព​កម្ពុជា និង​ជា​តឹកតាង​ចេញពី​នយោបាយ​ឈ្នះ​-​ឈ្នះ ក្រោយ​ការបញ្ចប់​សង្គ្រាមស៊ីវិល​ឆ្នាំ​១៩៩៨​។ វិមាន​ឈ្នះ​-​ឈ្នះ ត្រូវបាន​សាងសង់ឡើង​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៦ នៅក្នុង​ផ្ទៃដី​៨​ហិកតា មាន​កម្ពស់​៥៤​ម៉ែត្រ និង​ទទឹង​៣៦​ម៉ែត្រ ស្ថិតនៅក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
 
​ការសាងសង់​វិមាន​ឈ្នះ​-​ឈ្នះ គឺ​ដើម្បី​រំឭក​គុណ​ដល់​បុព្វបុរស​ខ្មែរ​គ្រប់​សម័យកាល​ដែល​បាន​លះបង់​ជីវិត ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​។ វិមាន​នេះ នឹង​ក្លាយជា​កេរ​មរតក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​៕
 

Tag:
 សង្គម
  វិមាន​ឈ្នះ​-​ឈ្នះ
© រក្សាសិទ្ធិដោយ thmeythmey.com