ជាតិ
ក្នុង​ឆ្នាំ​២០១៧ មន្ទីរពេទ្យ​កុមារ​អង្គរ​មាន​ជំងឺ​សង្គ្រោះបន្ទាន់ និង​ជំងឺ​ធ្ងន់ ជិត​១៨​ពាន់​នាក់​
21, Oct 2018 , 7:59 pm        
រូបភាព
​សៀមរាប​៖ មន្ទីរពេទ្យ​កុមារ​អង្គរ បានរៀបចំ​សន្និសីទ​ប្រចាំឆ្នាំ​លើក​ទី​២​របស់ខ្លួន ដែល​ប្រធានបទ​នៅ​ឆ្នាំនេះ ផ្តោតលើ «​ការសង្គ្រោះ​បន្ទាន់ និង​ជំងឺ​ធ្ងន់​»​។ ប្រធានបទ​នេះ​មាន​សារសំខាន់​ដល់​សិក្ខាកាម​ដែល​មកពី​បណ្តា​ពេទ្យ​រដ្ឋ និង​ឯកជន​ដើ ម្បី​ស្វែងយល់ និង​សិក្សា​ពីបទ​ពិសោធន៍​ការសង្គ្រោះ​បន្ទាន់ និង​ព្យាបាល​ជំងឺ​ធ្ងន់​កុមារ​។ សម្រាប់​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ មន្ទីរពេទ្យ​នេះ​បានទទួល​ព្យាបាល​កុមារ​ផ្នែក​ជំងឺ​សង្គ្រោះបន្ទាន់ និង​ជំងឺ​ធ្ងន់​មាន​ជិត ១៨​ពាន់​នាក់​។



 
​ប្រធាន​មន្ទីរពេទ្យ​កុមារ​អង្គរ លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទ​ភក្ដ្រា បានលើកឡើង​ក្នុង​សន្និសីទ​ប្រចាំឆ្នាំ​លើក​ទី​២​របស់ខ្លួន​ថា ប្រធានបទ​នៅ​ឆ្នាំនេះ​ពិតជា​មាន​សារសំខាន់ ព្រោះ​រាល់ថ្ងៃ​មន្ទីរពេទ្យ​លោក​ទទួល​ព្យាបាល​កុមារ​ជំងឺ​ធ្ងន់ធ្ងរ និង​សង្គ្រោះបន្ទាន់​ជាច្រើន​។ ហើយ​សន្និសីទ​នេះ លោក​ជឿជាក់ថា វា​នឹង​រួមចំណែក​ចែករំលែក​បទពិសោធន៍​ការព្យាបាល​ផ្នែក​ជំងឺ​នេះ​ដល់​គ្រូពេទ្យ​ផ្សេងៗ​ទៀត​ដែល​មកពី​បណ្ដា​ខេត្ត​ក្រុង​មួយចំនួន ដើម្បី​សិក្សា និង​ស្វែងយល់​ផងដែរ​។​


 
​ក្នុង​សន្និសីទ​ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា សៀមរាប នៅ​ព្រឹក​ថ្ងៃទី​២០ តុលា លោក ងួន ច័ន្ទ​ភក្ដ្រា បានឱ្យដឹង​ទៀតថា មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​បង្កើត​ផ្នែក​សង្គ្រោះបន្ទាន់ និង​ជំងឺ​ធ្ងន់​នៅ​ឆ្នាំ ២០០៤ និង​ត្រូវបាន​កែលម្អ​ឡើងវិញ​នៅ​ឆ្នាំ ២០១៥ ដើម្បី​លើ​កម្ពស់​គុណភាព​នៃ​ការបង្ការ និង​ការត្រួតពិនិត្យ​ការចម្លង​រោគ និង​ផាសុកភាព​របស់​អ្នកជំងឺ​។ លោក​បន្ថែមថា ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ ផ្នែក​សង្គ្រោះបន្ទាន់ និង​ជំងឺ​ធ្ងន់ បានផ្តល់​ការព្យាបាល​ដល់​កុមារ​ជិត ១៨​ពាន់​នាក់ ក្នុងនោះ​ផ្នែក​សង្គ្រោះបន្ទាន់ ប្រមាណ ១៧​ពាន់​នាក់ និង​ផ្នែក​ជំងឺ​ធ្ងន់ ប្រមាណ ១​ពាន់​នាក់​។ សម្រាប់​ជំងឺ​ធ្ងន់ ដែល​ភាគច្រើន​នៃ​ជំងឺ​នេះ​រួមមាន រលាក​ស្រោមខួរ រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ កង្វះ​អាហារ​រូប​ត្ថ​ម្ភ​ធ្ងន់ធ្ងរ គ្រុនឈាម បង្ក​រោគ​ក្នុង​ឈាម ការថែទាំ​ក្រោយ​វះកាត់ ឆ្កែ​ខាំ និង​គ្រោះថ្នាក់​ចរាចរណ៍​។​ល​។​



​ក្នុង​សន្និសីទ​លើក​ទី​២ ក្រោម​ប្រធានបទ «​ការសង្គ្រោះ​បន្ទាន់ និង​ជំងឺ​ធ្ងន់​» លោក ងួន ច័ន្ទ​ភក្ដ្រា បញ្ជាក់ថា ធ្វើឡើង​ក្នុង​បំណង​ចែករំលែក​បទពិសោធន៍ ចំណេះដឹង​ជំនាញ និង​ពង្រឹងសមត្ថភាព​វិជ្ជាជីវៈ​ពាក់ព័ន្ធ​នឹង​ការរៀបចំ​បង្កើត​ផ្នែក​នេះ ពិសេស​ការកំណត់​រោគ​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​របស់​ទារក និង​កុមារ របៀប​នៃ​ការថែទាំ​ព្យាបាល​ទារក និង​កុមារ ដែលមាន​ការតក់ស្លុត ការរង​របួស ការ​រលាក ការពុល និង​ការសង្គ្រោះ​សម្រាប់​ជំងឺ​គាំងបេះដូង ដើម្បី​រួមចំណែក​កាត់បន្ថយ​អត្រា​មរណៈភាព​ទារក និង​កុមារ តាមរយៈ​ការផ្តល់​ការពិនិត្យ​ព្យាបាល​ដោយ​យកចិត្តទុកដាក់​ខ្ពស់ និង​បន្ត​ជានិច្ច​។​

 
​លោក​វេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា នៃ​ក្រសួងសុខាភិបាល បាន​កោតសរសើរ​ចំពោះ​មន្ទីរពេទ្យ​កុមារ ដែលមាន​ម្ចាស់ការ​ក្នុងការ​រៀបចំ​សន្និសីទ​វេជ្ជសាស្ដ្រ​កុមារ​មកដល់​ឆ្នាំ​ទី​២​នេះ​។ សម្រាប់​លោក​វេជ្ជបណ្ឌិត សន្និសីទ​នេះ​មិនអាច​ធ្វើទៅ​បានទេ ប្រសិនបើ​គ្មាន​ទុន​គ្រប់គ្រាន់​ពាក់ព័ន្ធ​នឹង​ការព្យាបាល​ត្រឹមត្រូវ ធនធានមនុស្ស ឯកសារ​ពាក់ព័ន្ធ​នឹង​ការព្យាបាល​អ្នកជំងឺ និង​ការសិក្សា​លើ​ជំងឺ​ទៀងទាត់​។​ល​។ សម្រាប់​ការព្យាបាល​ផ្នែក​ជំងឺ​ធ្ងន់ និង​សង្គ្រោះបន្ទាន់ លោក​វេជ្ជបណ្ឌិត​មើលឃើញថា គ្រូពេទ្យ​ខ្មែរ​មានលទ្ធភាព​ច្រើន​ក្នុង​ការជួយ​កុមារ ពិសេស​មន្ទីរពេទ្យ​ជំនាញ​ផ្នែក​កុមារ ដូច​មន្ទីរពេទ្យ​កុមារ​អង្គរ និង​មន្ទីរពេទ្យ​គន្ធបុប្ផា​ជាដើម​។​


 
​ជាមួយគ្នានេះ ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សា​នៃ​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា លោក ធា គ្រុយ ក៏បាន​ក្រើនរំលឹក​ដល់​គ្រូពេទ្យ​ទាំងអស់ ទាក់ទង​នឹង​ក្រមសីលធម៌ វិជ្ជាជីវៈ និង​ការវិនិច្ឆ័យ​រោគ​ផងដែរ​។ លោក​សង្កត់ធ្ងន់ថា គ្រូពេទ្យ​ទាំងអស់ ត្រូវ​ព្យាបាល​កុមារ​ឱ្យ​ដូច​ព្យាបាល​កូនចៅ​ខ្លួនឯង និង​ត្រូវមាន​ក្រមសីលធម៌​ល្អ​។ ទោះ​បច្ចុប្បន្ន ចំណុច​នេះ​មានការ​ពង្រឹង​បានល្អ​យ៉ាងណាក្ដី តែ​លោក​ទទួលស្គាល់ថា នៅមាន​ចំណុច​ខ្វះខាត​នៅឡើយ​។ តែ​យ៉ាងណា លោក​ស្នើ​សុំឱ្យ​អ្នកជំងឺ​ព្យាយាម​យល់​ពី​គ្រូពេទ្យ ឬ​យល់​ពីគ្នា​ទៅវិញទៅមក ព្រោះថា​ពេលខ្លះ​មាន​ជំងឺ​ច្រើន​ធ្វើឱ្យ​ពេទ្យ​ខ្លះ​ហត់នឿយ​ក៏មាន​។ បែបនេះ​ក្ដី ក្នុងនាម​ជា​គ្រូពេទ្យ លោក ធា គ្រុយ មិន​លើកទឹកចិត្ត​ឱ្យ​គ្រូពេទ្យ​បង្ហាញ​អាកប្បកិរិយា​ឆ្គាំឆ្គង​ទៅលើ​អ្នកជំងឺ​ឡើយ គឺ​ពួកគេ​គួរតែ​ទន់ភ្លន់ មាំទាំ ហ្មត់ចត់ សមរម្យ​ដល់​អ្នកជំងឺ​ជានិច្ច ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​៕





© រក្សាសិទ្ធិដោយ thmeythmey.com