អន្តរជាតិ
កិច្ចចរចា​សន្តិភាព​មី​យ៉ាន់​ម៉ា​៖ លោកស្រី ស៊ូ​ជី អំពាវនាវ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​បើក​ចិត្ត​ឲ្យ​ទូលាយ​
21, Oct 2018 , 9:29 pm        
រូបភាព
ដោយ:
​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​នៃ​ការចរចា​សន្តិភាព​មី​យ៉ាន់​ម៉ា បើក​ចិត្ត​ឲ្យ​ទូលាយ និង​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅវិញទៅមក​ដើម្បី​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​រាប់សិប​ទសវត្ស​រ៍ហើយ​នោះ​។ សម្រាប់​លោកស្រី ការធ្វើ​បែបនេះ មិនមែន​ដើម្បី​ផលប្រយោជន៍​ណា​ឡើយ តែ​ដើម្បី​បង្ហាញ​ពី​ការទទួលខុសត្រូវ​ចំពោះ​មុខ​ប្រជាជន​។​


 
​នា​ថ្ងៃ​ដំបូង នៃ​ជំនួប​ចរចា​សន្តិភាព​ជាតិ​រយៈ​ពេល​ប្រាំ​ថ្ងៃ នៅ​ថ្ងៃ​១៥ តុលា​កន្លងទៅ លោកស្រី ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី បាន​ថ្លែង វា​ជា​រឿង​សំខាន់​ណាស់ ដែល​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម ហើយ​ភាគី​នីមួយៗ ក៏​គួរតែ​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ឲ្យ​ដំណើរ​ការចរចា​អាច​បន្ត​ទៅមុខ និង​ឈានដល់​ការបញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​នៅក្នុង​ប្រទេស​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Myanmar Times​។​
 
​នា​ជំនួប​ដដែល​នោះ លោកស្រី ស៊ូ​ជី នៅ​ចំពោះមុខ​មន្ត្រីជាន់ខ្ពស់រ​ដ្ឋា​ភិ​បាល យោធា និង​តំណាង​ក្រុម​ជនជាតិភាគតិច ដែលជា​ក្រុម​ប្រដាប់​ផងដែរ​នោះ បាន​សង្កត់ធ្ងន់ថា មេដឹកនាំ​ទាំងអស់​ដែល​ហ៊ាន​សម្រេចចិត្ត កំពុងតែ​ចូលរួម​ក្នុង​កិច្ចប្រជុំ ហើយ ក៏ត្រូវ​ចាំ​ផងដែរ​ថា ប្រសិន​ការធ្វើ​សម្រេចចិត្ត​នេះ ធ្វើឡើង​ទៅដោយ​គ្មាន​ទំនុកចិត្ត​នោះទេ ភាគី​ទាំងអស់ នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ប្រជាជន​ហើយ​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ នា​ថ្ងៃ​ដំបូង​នៃ​ជំនួប ភាគី​ពាក់ព័ន្ធ​សម្រេចបាន​កិច្ចព្រមព្រៀង​ជាច្រើន ខណៈ​បញ្ហា​រសើប​ជាច្រើន​រួមទាំង​បញ្ហា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ក៏​កំពុងតែ​ស្ថិតនៅក្នុង​របៀបវារៈ​ប្រជុំ​ផងដែរ​។ ក៏ប៉ុន្តែ​លោកស្រី ស៊ូ​ជី ដែលជា​ប្រមុខ​នៃ​បក្ស​កាន់អំណាច​ផង​នោះ ក៏បាន​ទទូច​ឲ្យ​មេដឹកនាំ​ទាំងអស់ ផ្តល់​អនុសាសន៍​ដែល​យកទៅអនុវត្ត​ហើយ​ភាគី​ទាំង​អាច​ទទួលបាន​។​
 
​គួរ​ជម្រាប​ផងដែរ ក្រោយពី​ទទួលបាន​ឯករាជ្យ​នៅ​ឆ្នាំ ១៩៤៨​មក មី​យ៉ាន់​ម៉ា មកទល់ពេលនេះ នៅ​មិនទាន់​អាច​ធានា​សន្តិភាព​ទូទាំងប្រទេស​បានឡើយ​។ រដ្ឋ​អាស៊ីអាគ្នេយ៍ ដែល​ត្រូវបាន​យោធា​ក្តោប​ក្តាប់​អំណាច​ពីមុន​ច្រើន​ទសវត្សរ៍​ហើយ​នោះ តែងតែមាន​ការប៉ះទង្គិច​គ្នា​រវាង​កម្លាំង​រដ្ឋាភិបាល និង​ឧទ្ទាម​ជនជាតិភាគតិច​ប្រដាប់អាវុធ​ជា​បន្តបន្ទាប់​។​
 
​ទោះបីជា​កិច្ចចរចា​សន្តិភាព​រហូត​ដល់​មាន​ការចុះ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ថ្នាក់ជាតិ ត្រូវបាន​បើកទូលាយ​ក៏ដោយ ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​មួយចំនួន​ទៀត នៅ​មិនទាន់​ព្រម​ចុះចូល​នៅឡើយ​នោះទេ​។ ពួកគេ មាន​លក្ខខណ្ឌ​ច្រើន ជាមួយនឹង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ពាក់ព័ន្ធ​នឹង​ស្វ័យភាព​គ្រប់គ្រង​តំបន់​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com