ជាតិ
សម្តេច ហ៊ុន សែន៖ សហប្រតិបត្តិការកម្ពុជា-តួកគី នឹងកាន់តែឈានឡើង ពេលកម្ពុជាបើកទូតនៅអង់ការ៉ា ប្រភពរូបភាព៖ ហ្វេសប៊ុស សម្ដេច ហ៊ុន សែន
× ទំហំពាណិជ្ជកម្មកម្ពុជានៅមានកម្រិតនៅឡើយ បើទោះបីជាតួកគី បានស្ថានទូតរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០១៣មកក៏ដោយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រំពឹងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងឈានទៅមុខ បន្ទាប់ពីកម្ពុជា បើកទូតរបស់ខ្លួននៅក្រុងអង់ការ៉ា នាឆ្នាំ២០១៩ ខាងមុខ។
ថ្លែងនៅក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-តួកគី ដែលធ្វើឡើងនៅទីក្រុងអីស្តង់ប៊ុល សាធារណរដ្ឋតួកគី សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា តួកគី បានបើកស្ថានទូតនៅកម្ពុជាអស់រយៈពេល៥ឆ្នាំមកហើយ ខណៈកម្ពុជាគ្រោងបើកស្ថានទូតរបស់ខ្លួននៅអង់ការ៉ា នាឆ្នាំ២០១៩ ខាងមុខ ដែលត្រូវជួបខួបលើកទី២៥នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្ដេចបានបញ្ជាក់ថា៖«ការបើកស្ថានទូតកម្ពុជា នៅតួកគីនឹងជួយពង្រឹងនិងពង្រីក សហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានឡើងមួយកម្រិតទៀត»។
នាជំនួបពិភាក្សាជាមួយ លោក ប៊ីណាលី យីដីរីម (Binali Yidirim) ប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្ត្រីតួកគី សម្តេច ហ៊ុន សែន បានពន្យល់ថា៖ «កម្ពុជាមិនជួលទីតាំងស្ថានទូតទេ ប៉ុន្តែកម្ពុជាចង់មានស្ថានទូតខ្លួនឯង ដែលជាការចាក់គ្រឹះដ៏រឹងមាំក្នុងរយៈពេលវែង ដោយតាមរយៈការទិញដី និងផ្ទះសម្រាប់ស្ថានទូត។ បន្ទាប់ពីចុះកិច្ចព្រមព្រៀងវិនិយោគគាំពារទៅវិញទៅមកដោយខិតខំធ្វើយ៉ាងណា ដើម្បីឈានទៅដល់ការចុះកិច្ចព្រមព្រៀងមិនយកពន្ធពីតួកគី ហើយនេះជាចំណុចទាមទារពីសហគមន៍សន្ទស្ស ទាំងកម្ពុជា-តួកគីចង់បានផងដែរ»។
សម្ដេចបានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-តួគី នៅមានទំហំតិចតួចនៅឡើយ។ នៅក្នុងក្របខណ្ឌនៃការវិនិយោគការអភិវឌ្ឍនេះ រយៈពេល៩ខែដើមឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័គម្រោងវិនិយោគ ដែលមានដើមទុនសរុបចំនួនប្រមាណ ៤៧០០លានដុល្លារអាមេរិក។ ដោយឡែក គម្រោងវិនិយោគរបស់តួកគី នៅកម្ពុជាមានតែ៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១១លានដុល្លាអាមេរិកប៉ុណ្ណោះនិងបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
Tag:
ហ៊ុន សែន-កិច្ចសហប្រតិបត្តិការ-កម្ពុជា-តួកគី-ផលប្រយោជន៍
© រក្សាសិទ្ធិដោយ thmeythmey.com