ជាតិ
២៥ខេត្ត/រាជធានី
របរ​ច្នៃ​ស្នែងគោ​-​ក្របី​ធ្វើ​ជាង​គ្រឿងអលង្ការ ផ្លាស់ប្តូរ​ជីវភាព​គ្រួសារ​អ្នកស្រី គួ​ន ចិន្តា​
21, Oct 2018 , 2:59 pm        
រូបភាព
អ្នកស្រី គួន ចិន្តា ម្ចាស់សិប្បកម្មកែច្នៃស្នែងតែមួយនៅកម្ពុជា
អ្នកស្រី គួន ចិន្តា ម្ចាស់សិប្បកម្មកែច្នៃស្នែងតែមួយនៅកម្ពុជា
​ភ្នំពេញ​៖ អស់​រយៈពេល​ប្រមាណ​១៥​ឆ្នាំ​កន្លងមកនេះ គ្រួសារ​អ្នកស្រី គួ​ន ចិន្តា ប្រមូល​ទិញ​ស្នែងគោ​-​ក្របី ដែល​គេ​កាប់​លក់​សាច់​នៅ​ទីផ្សារ ដើម្បី​កែច្នៃ​ជា​គ្រឿងអលង្ការ​។ អាជីវករ​ពី​ខេត្តព្រៃវែង​រូបនេះ អះអាងថា រកបាន​ប្រាក់ចំណេញ​ក្នុង​រង្វង់​១០០០​ដុល្លារ​អាមេរិក​ក្នុង​១​ខែ​។​



 
​អ្នកស្រី ចិន្តា បាន​ប្រាប់​សារព័ត៌មាន ThmeyThmey ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ថ្ងៃទី​២០​តុលា ថា​អ្នកស្រី​បាន​ប្រកបមុខរបរ​កែ​ច្នែ​គ្រឿងអលង្ការ​ពី​ស្នែងគោ​-​ក្របី​នេះ អស់​រយៈ​១៥​ឆ្នាំ​មកហើយ​។    គ្រឿងអលង្ការ ដែល​អ្នកស្រី​លក់​តម្លៃ​ពី​ចាប់ពី​២​ដុល្លារ ទៅ​៤០​ដុល្លារ ដោយ​អាស្រ័យ​ទៅតាម​ប្រភេទ​គ្រឿងអលង្ការ​នីមួយៗ​។  


 
​អ្នកស្រី បាន​បន្តថា គ្រឿងអលង្ការ​ទាំងនេះ គឺជា​ផលិតផល​មួយ​ប្រភេទ ដែល​ធ្វើ​ដោយ​ដៃ និង​ពិបាកធ្វើ  ចំណាយពេល​យូរ ព្រមទាំង​ទាមទារ​ភាព​ច្នៃប្រឌិត និង​ប៉ិនប្រសព្វ​ទើប​អាចធ្វើ​វា​បានល្អ​។ ប៉ុន្តែ​វា​ចំណាយ​ដើមទុន​តិច ទៅលើ​ការផលិត​។ ការចំណាយ​ទាំងនោះ មាន​ទៅលើ​ឧបករណ៍​ផលិត ដូចជា ក្រដាសខាត់ ផ្លែ​រណា ម៉ូ​ទ័​រកា​ត់ និង​ថ្នាំប៉ូលា​ជាដើម​។​


 
​ស្រី្ត​វ័យ​៣៩​ឆ្នាំ​រូបនេះ បាន​និយាយ​ដូច្នេះ​«​ទោះបី​មុខរបរ​នេះ​វា​នឿយហត់​បន្តិច​ក៏ពិតមែន ប៉ុន្តែ​ខ្ញុំ​ស្រលាញ់​វា ហើយនឹង​ព្យាយាម​ធ្វើ និង​ផលិត​វា​ឲ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត ដើម្បី​រក្សា​ទុកជា​មរណ​តក   សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ ម្យ៉ាងវិញទៀត ខ្ញុំ​អាច​រកប្រាក់​ចំណេញ​បានជា​ប្រចាំ​ពីមុខ​របរ​នេះ បាន​ពី​ជាង​១០០០​ដុ​លា្ល​រ​ក្នុង​មួយ​ក្នុង​ខែ ផងដែរ »​។​


 
​អ្នកស្រី គួ​ន ចិន្តា បាន​ឲ្យ​ដឹង​ទៀតថា សព្វថ្ងៃ​គ្រឿងអលង្ការ​នេះ បានក្លាយ​ផលិតផល «​ភូមិ​មួយ ផលិត ត​មួយ​» តំណាង​ឲ្យ​ខេត្តព្រៃវែង និង​ជា​សិប្បកម្ម​ផលិតផល​ស្នែង​តែមួយ​នៅ​កម្ពុជា  ព្រមទាំង​បាន​ក្នុង​បញ្ជីរ​ផលិតផល​ខ្មែរ​របស់​ក្រសួងពាណិជ្ជកម្ម កាល​ដើមខែ​ឧសភា ឆ្នាំ​២០១៨​។​


 
​គ្រឿងអលង្ការ ដែល​កែច្នៃ​ពី​ឆ្អឹង និង​ស្នែងគោ​-​ក្របី​ទាំងនោះ រួមមាន  ចិញ្ចៀន កងដៃ ខ្សែករ និង​ក្រវិល​ដើម​៕
 
 

Tag:
 សេដ្ឋកិច្ច​
 ​កែច្នៃ​
 ​ស្នែងគោ​-​ក្របី​
 ​គ្រឿងអលង្ការ​
  គួ​ន ចិន្តា​
  ព្រៃវែង​
© រក្សាសិទ្ធិដោយ thmeythmey.com