ជាតិ
២៥ខេត្ត/រាជធានី
ខ្មែរ​គាំទ្រ​ខ្មែរ​! លោក ភួង ពិសិដ្ឋ ជឿជាក់​យ៉ាង​ដូច្នេះ ទើប​ហ៊ាន​ចាយ​ទុន​ច្រើន​លើ​ដំណាំ​ស្លឹកគ្រៃ​
21, Oct 2018 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ ស្លឹកគ្រៃ ជា​ដំណាំ​មួយ​ប្រភេទ ដែល​ងាយស្រួល​ក្នុង​ការដាំ និង​ថែទាំ​។ លោក ភួង ពិសិដ្ឋ តំណាង​កសិករ​ដាំ​ស្លឹកគ្រៃ​ក្នុង​ខេត្តស្វាយរៀង បាន​ចំណាយ​ដើមទុន​អស់​១​ម៉ឺន​ដុល្លារ លើ​ដំណាំ​ស្លឹកគ្រៃ​នេះ​។ មូលហេតុ​ដែល​នាំ​ឲ្យ​លោក ពិសិដ្ឋ ចំណាយ​ទុន​លើ​ដំណាំ​ស្លឹកគ្រៃ​តែមួយ​មុខ​បែបនេះ ព្រោះ​គល់​ស្លឹកគ្រៃ មាន​ទីផ្សារ​ទូលាយ និង​មាន​តម្រូវការ​ច្រើន​។



 
​ក្នុង​ទំហំ​ដី​ប្រមាណ ១០​ហិកតា លោក ពិសិដ្ឋ បាន​ចំណាយ​ដើមទុន​ចំនួន ១​ម៉ឺន​ដុល្លារ សម្រាប់​ផ្គត់ផ្គង់​លើ​ដំណាំ​ស្លឹកគ្រៃ​។ លោក ភួង ពិសិដ្ឋ តំណាង​កសិករ​ដាំ​គល់​ស្លឹកគ្រៃ បាន​លើកឡើងថា​៖ «​គល់​ស្លឹកគ្រៃ វា​ងាយស្រួល​ដាំ និង​ថែទាំ ថែមទាំង​ទទួលបាន​ផល​ច្រើន​។ ម្យ៉ាងទៀត ទីផ្សារ​ទូលាយ និង​មាន​តម្រូវការ​ច្រើន​»​។​


 
​ក្នុង​កសិដ្ឋាន​របស់លោក ពិសិដ្ឋ ដែល​ស្ថិតក្នុង​ខេត្តស្វាយរៀង មាន​ដាំ​គល់​ស្លឹកគ្រៃ តែមួយ​មុខ​ប៉ុណ្ណោះ​។ ការផ្ដោត​លើ​គល់​ស្លឹកគ្រៃ​តែមួយ​មុខ​នេះ ព្រោះ​លោក និង​ប្រជា​សហគមន៍ ចង់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក​ឲ្យ​បាន​គ្រប់គ្រាន់  ដោយ​មិនចាំបាច់​នាំចូល​ពី​ក្រៅប្រទេស​។ ទីផ្សារ​គល់​ស្លឹកគ្រៃ​ទូលាយ និង​ងាយស្រួល​លក់​នេះ ព្រោះ​លោក ពិសិដ្ឋ និង​ក្រុមការងារ បាន​ចុះ​សិក្សា​ពី​ទីផ្សារ​ច្បាស់លាស់​មុននឹង​សម្រេចចិត្ត​ដាំ​។ លោក ពិសិដ្ឋ បញ្ជាក់ថា​៖ «​គ្រាន់តែ​ទីផ្សារ​ក្នុង​ខេត្តស្វាយរៀង ១៦ ១៥០០​គីឡូ ក្នុង​១​ថ្ងៃ​។​


 
​សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក ភួង ពិសិដ្ឋ តំណាង​កសិករ​ដាំ​គល់​ស្លឹកគ្រៃ​ដូចតទៅ​៖ 

 
 
​ក្នុង​១​ថ្ងៃ គល់​ស្លឹកគ្រៃ​ក្នុង​កសិដ្ឋាន​របស់លោក ពិសិដ្ឋ ត្រូវបាន​ផ្គត់ផ្គង់​លើ​ទីផ្សារ​ចំនួន ៥០ ទៅ ១០០​គីឡូក្រាម ដោយ​១​គីឡូ មានតម្លៃ​១,៤០០​រៀល​។ ការផ្គត់ផ្គង់​ត្រឹមតែ ៥០ ទៅ​១០០ គីឡូ​នេះ ព្រោះ​វា​ជា​ចំណុច​ចាប់ផ្ដើម ដែល​លោក​ផ្ដើម​ពី​តិច​ទៅ​ច្រើន​។ ដំណាំ​គល់​ស្លឹកគ្រៃ​នេះ ត្រូវ​ចំណាយពេល​ដាំ​ពី ៦ ទៅ​៧​ខែ ទើប​អាច​ប្រមូលបាន ហើយ​ក្នុង​រយៈពេល​១​នេះ លោក ពិសិដ្ឋ ចាប់ផ្ដើម​ប្រមូល​ផល​គល់​ស្លឹកគ្រៃ​ផងដែរ​។ 



​លោក ពិសិដ្ឋ អះអាងថា​៖ «​ប្រសិនបើ​យើង​ផ្ដោត​ឲ្យ​ខ្លាំង​លើ​ដំណាំ​គល់​ស្លឹកគ្រៃ​នេះ វា​នឹងធ្វើ​ឲ្យ​យើង​អាច​ក្លាយជា​សេដ្ឋី​ស្រុកស្រែ​បាន​ផងដែរ​។ ខ្ញុំ​សង្ឃឹម និង​ជឿជាក់​លើ​មុខរបរ​កសិកម្ម ដែល​ផ្ដោត​សំខាន់​លើ​ដំណាំ​គល់​ស្លឹកគ្រៃ​នេះ​»​។ 


 
​ទាក់ទង​នឹង​បច្ចេកទេស​នៃ​ការដាំដុះ​វិញ លោក ពិសិដ្ឋ មាន​មូលដ្ឋានគ្រឹះ​ពី​អង្គការ​សេ​ដាក ដែល​លោក​បានចាប់ផ្ដើម​ការងា​រ​នៅ​ទីនោះ តាំងពី​ឆ្នាំ​២០១៤​មក​។ ជាពិសេស​លោក​បានធ្វើកា​រងារ ដោយផ្ទាល់​ជាមួយ​កសិករ ដែល​ផ្ដោតលើ​ដំណាំ​គល់​ស្លឹកគ្រៃ​នេះ​ផងដែរ​៕


 

Tag:
 សំឡេង​
  កសិករ​
 ​កសិកម្ម​
 ​គល់​ស្លឹកគ្រៃ​
 ​ស្វាយរៀង​
© រក្សាសិទ្ធិដោយ thmeythmey.com