ជាតិ
សម្ដេច ហ៊ុន សែន៖ ដល់ពេលនេះហើយ ទោះជាយក្សក៏មិនអាចរាំងផ្លូវបានដែរ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ទោះជាយក្សក៏មិនអាចរាំងផ្លូវសម្ដេចក្នុងការបន្តដំណើរដឹកនាំរដ្ឋាភិបាលឡើយ។ សម្តេចចង់ផ្ញើសារទៅកាន់អតីតគណបក្សសង្គ្រោះជាតិ ថា សម្រាប់តួនាទីមេឃុំ ពួកគេត្រូវរង់ចាំដល់ការបោះឆ្នោតឆ្នាំ២០២២ និងតំណាងរាស្ត្រ ឆ្នាំ២០២៣។ សម្ដេចថ្លែងបែបនេះ នៅក្នុងជំនួបជាមួយសិស្ស- និស្សិត ដែលកំពុងបន្តការសិក្សានៅប្រទេសតួកគីនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨។
«មិនអាចមានការបោះឆ្នោត ឡើងវិញណាមួយឡើយនៅក្នុងអំឡុងពេលនេះ ទោះជាយក្សក៏រាំងផ្លូវគេមិនបានដែរ»។ នេះជាការបញ្ជាក់ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបជាមួយសិស្ស- និស្សិត ដែលកំពុងបន្តការសិក្សានៅប្រទេសតួកគីនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងឱកាសនេះសម្ដេចបានបន្ថែមថា «ប្រសិនជារស់ឡើងវិញមេឃុំ និងតំណាងរាស្ត្រ គឺត្រូវរង់ចាំរស់ឡើងវិញនៅឆ្នាំ២០២២ សម្រាប់ការបោះឆ្នោតឃុំ/សង្កាត់ និងឆ្នាំ២០២៣ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ»។
សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ទាំងជឿជាក់ថា សម្ដេចនឹងដឹកនាំប្រទេសកម្ពុជារហូតដល់ ប្រសិនជាលោក សម រង្ស៊ី នៅតែបន្តប្រឆាំងចង់បានអំណាច។ មិនតែប៉ុណ្ណោះសម្ដេចបានបន្ថែមថា យ៉ាងហោចណាស់សម្ដេចបន្តដឹកនាំប្រទេសកម្ពុជាដល់ឆ្នាំ២០២៨ គឺនៅពេលដែលGDP របស់ប្រទេសកម្ពុជាកាន់តែខិតជិតមកជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ តាមការព្យាករណ៍របស់ធនាគារពិភពលោក។
សំឡេងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖
Tag:
តួកគី
ស្ថានទូត
ការទូត
បក្សប្រឆាំង
© រក្សាសិទ្ធិដោយ thmeythmey.com