ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ កន្លងមកនេះ AIA បានបើកយុទ្ធនាការ និងព្រឹត្តិការណ៍ជាច្រើនទូទាំងពិភពលោក ត្រូវបានប្រារព្ធឡើងសម្រាប់ខែតុលា ដែលជាខែសម្រាប់ការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់។ បូពណ៌ផ្កាឈូកគ្រប់ទំហំ លេចចេញរូបរាងនៅគ្រប់ទីកន្លែង ទាំងនៅតាមបណ្តាញអ៊ីនធឺណិត និងតាមទីតាំងនានា។ កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីជំងឺមហារីសុដន់ និងដើម្បីរៃអង្គាសថវិកាសម្រាប់ការស្រាវជ្រាវ និងព្យាបាលជំងឺនេះ បានធ្វើឡើងគ្រប់សណ្ឋាន។
នៅក្នុងប្រទេសកម្ពុជាឆ្នាំនេះ យុទ្ធនាការ FIT FOR HOPE by AIA បានទទួលអ្នកចូលរួមយ៉ាងច្រើនលើសលប់ ប្រមូលផ្តុំគ្នានៅទីលានកោះពេជ្រ ដោយទទួលបានថវិកាបរិច្ចាគចំនួន ៣០,០០០ ដុល្លារអាមេរិក។
គួររំលឹកផងដែរ យុទ្ធនាការ FIT FOR HOPE by AIA មានការគាំទ្រពីសាលារាធានីភ្នំពេញ និងការចូលរួមពីតំណាងក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅរយៈពេលជាងមួយខែ។ យុទ្ធនាការនេះ រៀបចំឡើងដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក និងបានសហការជាមួយមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម SHCH។
មហារីកសុដន់ គឺជាប្រភេទជំងឺមហារីកដែលកើតមានឡើងច្រើនបំផុត ចំពោះស្រី្តទូទាំងពិភពលោក។ នៅកម្ពុជា បញ្ហាទាក់ទិននឹងជំងឺនេះ គឺកាន់តែធ្ងន់ធ្ងរ ដោយការយល់ដឹងនៅមានកម្រិតទាប និងកង្វះធនធានសម្រាប់ការព្យាបាល។
លោកវេជ្ជបណ្ឌិត ព្រាប ឡី ប្រធានផ្នែកវះកាត់នែមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម បានឲ្យដឹងថារហូតដល់ទៅ៧០% នៃអ្នកជំងឺដែលមកទទួលការព្យាបាលនៅមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម គឺឋិតក្នុងដំណាក់កាលធ្ងន់ធ្ងរទៅហើយ ដោយសារតែអ្នកជំងឺ យឺតយាវក្នុងការមកមន្ទីរពេទ្យ។ ក្នុងករណីខ្លះ ដៃគូ ឬសមាជិកគ្រួសាររបស់ពួកគាត់ផ្ទាល់តែម្តងដែលបានរារាំង បន្ទុចបង្អាក់មិនអោយអ្នកជំងឺមកមន្ទីរពេទ្យ ព្រោះពួកគាត់គិតថាការពិនិត្យសុដន់ដោយអ្នកដទៃ គឺជារឿងមិនសមរម្យទាល់តែសោះ។
នេះជាបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ព្រាប ឡី ដោយលោកបានបន្ថែមថា៖«ហេតុផលនេះហើយ ដែលបង្ហាញអោយឃើញថា យុទ្ធការ FIT FOR HOPE by AIA ពិតជាមានសារសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹងដល់ប្រជាជនកម្ពុជា។ យើងខ្ញុំ ពិតជាអរគុណខ្លាំងណាស់ដែលមានយុទ្ធនាការនេះឡើង»។
យុទ្ធនាការនេះ បានសម្រេចបញ្ចប់ដោយមានកម្មវិធីជាច្រើនទៀតផងដែរ ដូចជា៖
១. ការពិនិតយ្យ និងពិគ្រោះពីជំងឺមហារីកសុដន់ដោយឥតគិតថ្លៃ ដោយគ្រូពេទ្យជំនាញ ជូនដល់សាធារណជនប្រមាណ ១៣០០នាក់។
២. ក្បួនដើរដង្ហែសប្បុរសធម៌ពណ៌ផ្កាឈូក ហៅថា Pink Walk ដែលមិនធ្លាប់មានពីមុនមក បានទទួលការចូលរួមចំនួនជិត២០០០នាក់ ដែលក្នុងនោះមានសកម្មភាពសប្បាយរីករាយជាច្រើននៅតាមផ្លូវ។
៣. ការរាំហ្សាមបា ដែលមានអ្នកចូលរួមរាំប្រហែល៨០០ នាក់។
៤. ការសន្ទនាណែនាំ និងលើកទឹកចិត្តពីអ្នកដែលបានជាសះស្បើយពីជំងឺមហារីកសុដន់ ធ្វើឡើងមុនការប្រគំតន្ត្រី ដែលមានតារាល្បីៗនៅកម្មកម្ពុជា និងបានទាក់ទាញអ្នកទស្សនាជាង ២០០០០នាក់បន្ថែមទៀត។
លោក Richard Bates អគ្គនាយកក្រុមហ៊ុនអេ អាយ អេ ខេមបូឌា មានប្រសាសន៍ថា៖ «យើងខ្ញុំរីករាយណាស់ ដែលឃើញមនុស្សជាច្រើនរួមគ្នា លើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ រួមគ្នាសង្គ្រោះជីវិតមនុស្ស។ យើងខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងដែលបានផ្តល់ការពិនិត្យ និងពិគ្រោះយោលបល់ពីជំងឺមហារីកសុដន់ ដោយឥតគិតថ្លៃ ដល់មនុស្សប្រមាណ ៣០០០ នាក់។»
លោកស្រី ហាក់ សំអាត អ្នកជាសះស្បើយពីជំងឺមហារីកសុដន់ និងជាអ្នកស្មគ្រ័ចិត្តក្នុងមិត្តអប់រំមិត្តម្នាក់នៅមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម បានថ្លែងអំណរគុណដល់យុទ្ធនាការ FIT FOR HOPE by AIA ដែលតាមរយៈយុទ្ធនាការនេះ ក្រុមស្ម័គ្រចិត្តមិត្តអប់រំមិត្តរបស់ខ្លួនអាចមានសម្ភារអប់រំគ្រប់គ្រាន់សម្រាប់មនុស្សជិត ២ លាននាក់ទូទាំងប្រទេស។
បើតាមលោកស្រី ហាក់ សំអាត ថវិកាដ៏ច្រើននេះ អាចជួយដល់មនុស្សដែលត្រូវការជំនួយពិតប្រាកដជាង ៤០០០នាក់ អោយទទួលបានធ្វើរោគវិនិច្ឆ័យ ដោយវិទ្យាសាស្ត្រ (X-Ray) ឬជួយមនុស្សច្រើនជាង ១៣០០នាក់ អោយទទួលបានការធ្វើរោគវិនិច្ឆ័យ ដោយការវិភាគរកកោសិកាមហារីក។
«យើងខ្ញុំត្រេកអរណាស់ ដែលការងាររបស់យើងអាចផ្តល់នូវការយល់ដឹង ពីការសង្គ្រោះជីវិតដ៏ធំធេង និងលទ្ធភាពទទួលបានការថែទាំសុខភាព សម្រាប់ប្រជាជនដែលមានតម្រូវការចាំបាច់»។ លោកស្រី ហាក់ សំអាតបញ្ជាក់ចុងក្រោយដូច្នេះ៕
(អត្ថបទពាណិជ្ជកម្ម)