កីឡាជាតិ
ជាតិ
ប៊ី​ន ចន្ថា​ធា​រី បង្ហាញ​ទង់ជាតិ​កម្ពុជា ក្រោយ​ជួយ​ក្រុម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Malaysia Cup
22, Oct 2018 , 12:59 pm        
រូបភាព
កីឡាករ ប៊ីន ចន្ថាធារី (ខាងស្តាំ)លើកទង់ជាតិកម្ពុជា ក្រោយជួយ Terenganu ឡើងវគ្គផ្តាច់ព្រ័ត្រ Malaysia Cup
កីឡាករ ប៊ីន ចន្ថាធារី (ខាងស្តាំ)លើកទង់ជាតិកម្ពុជា ក្រោយជួយ Terenganu ឡើងវគ្គផ្តាច់ព្រ័ត្រ Malaysia Cup
ដោយ:
​ខ្សែបម្រើ​ខ្មែរ​-​បារាំង ប៊ី​ន ចន្ថា​ធា​រី លើក​បង្ហាញ​ទង់ជាតិ​កម្ពុជា​នៅលើ​ទឹកដី​ម៉ាឡេស៊ី ក្រោយ​ជួយ​ក្រុម Terenganu ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Malaysia Cup ប្រចាំឆ្នាំ​២០១៨​។ ចន្ថា​ធា​រី ត្រូវ​ជួយ Terenganu ប្រជែង​ដណ្តើម​ជើងឯក​ជាមួយ​ក្រុម Perak​។​

 
​ក្រុម Terenganu របស់​ខ្សែបម្រើ​ខ្មែរ​-​បារាំង ប៊ី​ន ចន្ថា​ធា​រី បានឈ្នះ​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Malaysia Cup ប្រចាំឆ្នាំ​២០១៨ ក្រោយ​ទម្លាក់​ក្រុម​ជើងឯក​៥​សម័យកាល Johor Darul Ta’zim នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាមួយ​លទ្ធផល​សរុប​ទាំងពីរ​ជើង ៣-២​។ នា​ការប្រកួត​ជើង​ទី​១ ក្រុម Terenganu បាន​យកឈ្នះ Johor DT ក្នុង​លទ្ធផល ១-០ មុន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ ២-២ ក្នុង​ជើង​ទី​២​។ 
 
​ក្រោយ​ជួយ​ក្រុម​ឈ្នះ​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ ខ្សែបម្រើ​ខ្មែរ​-​បារាំង ប៊ី​ន ចន្ថា​ធា​រី និង​កីឡាករ​ម៉ាឡេស៊ី​បាន​លើក​ទង់ជាតិ​កម្ពុជា​បង្ហា​ញ​នៅមុខ​អ្នកគាំទ្រ​ម៉ាឡេស៊ី ដើម្បី​អបអរសាទរ​ចំពោះ​ជោគជ័យ​ដ៏​អស្ចារ្យ​នេះ​។ សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ ត្រូវ​ជួយ​ក្រុម Terenganu ប្រជែង​ដណ្តើម​ជើងឯក Malaysia Cup ជាមួយ​ក្រុម Perak ដែល​បាន​ទម្លាក់​ក្រុម Sabah ក្នុង​លទ្ធផល ៧-២ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ 


ប៊ីន ចន្ថាធារី ក្នុងជំនួបជើងទី២ជាមួយ Johor Darul Ta'zim កាលពីសប្តាហ៍មុន
 
​មុន​ឡើង​មកជួប​ក្រុម​ជើងឯក​៥​សម័យកាល Johor Darul Ta’zim ក្រុម​របស់​កីឡាករ ប៊ី​ន ចន្ថា​ធា​រី បាន​ទម្លាក់​ក្រុម Felda United ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៦-៤ ខណៈ​ក្រុម Perak ទម្លាក់​ក្រុម PKNS FC ជាមួយ​លទ្ធផល ២-០​។ 
 
​បើ​មើល​លទ្ធផល​ក្នុង​ពានរង្វាន់​លី​គ​កំពូល​ម៉ាឡេស៊ី Terenganu បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៥​ក្នុង​តារាង ខណៈ Perak ជា​ក្រុម​ជើងឯក​រង​ឆ្នាំ​២០១៨​។ តាម​ប្រវត្តិ​ជួបគ្នា​ពីរលើក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​ម៉ាឡេស៊ី​ឆ្នាំ​២០១៨ ក្រុម​ទាំងពីរ​ឈ្នះ​ម្នាក់​១​ប្រកួត ក្នុងនោះ​ក្រុម Terenganu យកឈ្នះ Perak ២-០ ក្នុង​ជើង​ទី​១ និង​ចាញ់ ៣-២ វិញ​នៅ​ជើង​ទី​២៕    

Tag:
 ​បាល់ទាត់​
  ប៊ី​ន ចន្ថា​ធា​រី​
  Malaysia Cup
© រក្សាសិទ្ធិដោយ thmeythmey.com