ជាតិ
សមាគម​អតីត​និស្សិត​ជប៉ុន​នៅ​កម្ពុជា​ទទួល​ពានរង្វាន់​ពី​រដ្ឋាភិបាល​ជប៉ុន​លើ​ការ​រឹតចំណង​មិត្ត​កម្ពុជា​-​ជប៉ុន​
22, Oct 2018 , 9:19 pm        
រូបភាព
​សៀមរាប​៖ សមាគម​អតីត​និស្សិត​ជប៉ុន​នៅ​កម្ពុជា បានទទួល​ពានរង្វាន់​ពី​រាជរដ្ឋាភិបាល​ជប៉ុន សម្រាប់​ការខិតខំ​ប្រឹងប្រែង​រប​ស់​សមាគម​ក្នុងការ​រិត​ចំណងមិត្តភាព​រវាង​ប្រទេស​ខ្លួន​ជាមួយ​ប្រទេស​ជប៉ុន​។ ពានរង្វាន់​នេះ​ធ្វើឡើង​ក្នុងឱកាស​ដែល​សមាគម​នេះ​ទទួល​រៀបចំ​សន្និសីទ​ក្រុមប្រឹក្សា​អតីត​និស្សិត​អាស៊ាន​មកពី​ប្រទេស​ជប៉ុន​(Asean Council of Japan Alumni = ASCOJA) លើក​ទី​២៤ នៅ​ខេត្តសៀមរាប​។

 
​ប្រធាន​សមាគម​អតីត​និស្សិត​ជប៉ុន​នៅ​កម្ពុជា លោក វុទ្ធី មុនី​រ័ត្ន បានឱ្យដឹងថា លោក​រីករាយ​ជាខ្លាំង និង​មិន​នឹកស្មានថា បានទទួល​ពានរង្វាន់​នេះ​ទេពី​មុន​។ លោក​ថា ពានរង្វាន់​នេះ​ទទួលបាន​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​សមាជិកសមាគម​ទាំងអស់ តាមរយៈ​ការងារ​ជាច្រើន​របស់​សមាគម​។ តាម​ការបញ្ជាក់​របស់​លោក វុទ្ធី មុនី​រ័ត្ន កន្លងមក​សមាគម​លោក​បានធ្វើការ​ផ្សព្វផ្សាយ​ពី​ការសិក្សា​នៅក្នុង​ប្រទេស​ជប៉ុន ទាក់ទង​នឹង​អរិយធម៌ ការរស់នៅ និង​ភាព​អស្ចារ្យ​របស់​ប្រទេស​នេះ​ដល់​សិស្ស​និស្សិត​ខ្មែរ ដែលមាន​បំណង​ចង់ទៅ​បន្ត​ការសិក្សា​នៅ​ទីនោះ​ជាដើម​។​ល​។ 


 
​គួរ​បញ្ជាក់ថា ពានរង្វាន់​នេះ​ត្រូវបាន​ប្រគល់ជូន​សមាគម​អតីត​និស្សិត​ជប៉ុន​នៅ​កម្ពុជា នៅក្នុង​ពិធីជប់លៀង​ក្នុងឱកាស​សន្និសីទ​លើក​ទី​២៤ នៃ ASCOJA ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​២០ តុលា នៅ​សណ្ឋាគារ សុខា​សៀមរាប​។ សមាគម​អតីត​និស្សិត​ជប៉ុន​នៅ​កម្ពុជា បាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០២​។ តាំងពី​ឆ្នាំ ១៩៩៣​មក មាន​និស្សិត​ខ្មែរ​ជាង ១២០០​នាក់​ហើយ ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​៕
 




















© រក្សាសិទ្ធិដោយ thmeythmey.com