កីឡាអន្តរជាតិ
អន្តរជាតិ
ករណី Khashoggi មិនអាច​រារាំង​ការ​ប្រមាញ់​ទិញ Man Utd របស់​ព្រះអង្គម្ចាស់ Bin Salman ឡើយ​
22, Oct 2018 , 2:55 pm        
រូបភាព
​តើ Premier League នឹង​ធ្លាក់ចុះ​ប្រជាប្រិយភាព​របស់ខ្លួន​ដែរឬទេ ប្រសិនបើ​សែ​រាជវង្ស​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​មានបំណង​វិនិយោគ​ក្លិប Manchester United កំពុង​ជាប់​ក្តីក្តាំ​ការ​បំបិទ​សិទ្ធិសេរីភាព​សារព័ត៌មាន ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ការសម្លាប់​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត​លោក Jamal Khashoggi កាលពី​កន្លងមក​?​

 
​បើតាម​ការផ្សាយ​របស់ The Sun អ្នក​រិះគន់​រដ្ឋាភិបាល​របស់​ប្រទេស​សម្បូរ​ប្រេង​នេះ​កំពុងមាន​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​គំនិត​របស់​រជ្ជទាយាទ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ព្រះអង្គម្ចាស់ Mohammad bin Salman ក្នុងការ​ទិញយក​ក្លិប​កីឡាបាល់ទាត់​នៅ​អង់គ្លេស​បន្ទាប់ពី​ប្រទេស​នេះ​ទទួលស្គាល់ ថា​អ្នកកាសែត​លោក Khashoggi បាន​ស្លាប់​នៅក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​នៅ​តួ​ក​គី​ដែរ​។​


អ្នកកាសែត Jamal Khashoggi ដែលត្រូវបានសម្លាប់
 
​ជុំវិញ​ការស្លាប់​នេះ អារ៉ាប៊ីសាអ៊ូឌីត​ធ្លាប់បាន​បកស្រាយ​ថា Khashoggi បាន​ចាក​ចេញពី​ស្ថាន​កុងស៊ុល​ទាំង​រស់រានមានជីវិត​ហើយ ប៉ុន្តែ​ក្រោយមក​ពួកគេ​ក៏បាន​អះអាងថា​អ្នកកាសែត​វ័យ​៦០​ឆ្នាំ​ដែល​តែងតែ​សរសេរ​រិះគន់​រដ្ឋាភិបាល​នោះបាន​ស្លាប់​នៅក្នុង​ជម្លោះ​មួយ​ក្នុង​ស្ថាន​កុងស៊ុល​វិញ​។​
 
​ថ្វីបើ​មាន​ស្ថានការណ៍​មិនសូវ​ល្អ​នាពេល​បច្ចុប្បន្ន​ក៏ដោយ តែ​ទំនាក់ទំនង​រវាង​អង់គ្លេស​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត​មិនអាច​រាំងខ្ទប់​ការវិនិយោគ​នៅក្នុង​វិស័យ​កីឡាបាល់ទាត់ ឬ​វិស័យ​អាជីវកម្ម​ដទៃទៀត​ឡើយ​។​


 
​និយាយ​រួម​ខាង​ភាគី​ពី​ចក្រភព​អង់គ្លេស អាមេរិក និង​ប្រទេស​លោកខាងលិច​ដទៃទៀត​ដែល​ខ្ទាស់​គំនិត​ជុំវិញ​ការស្លាប់​អ្នកកាសែត Khashoggi នោះ ពួកគេ​ទ​នៅតែ​ត្រូវការ​ទំនាក់ទំនង​ល្អ​ជាមួយ​ព្រះអង្គម្ចាស់ Bin Salman ដែលជា​អ្នក​ស្នងរាជ្យ​អារ៉ាប៊ីសាអ៊ូឌីត​ដើម្បី​បំពេញ​គោលដៅ​នយោបាយ និង​សេដ្ឋកិច្ច​របស់​ពួកគេ​រៀងខ្លួន​។​
 
​នេះ​មានន័យថា ការចូល​ខ្លួន​មក​វិនិយោគ​ក្លិប​បិសាច​ក្រហម​ពី​សំណាក់​ព្រះអង្គម្ចាស់​វ័យ​៣៣​ឆ្នាំ ដែល​កំពុង​ជាប់​សង្ស័យ​ការសម្លាប់​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត​ខាងលើ នឹងមិន​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​ក្របខណ្ឌ Premier League ឡើយ ព្រោះ​រាល់​ម្ចាស់​ក្លិប និង​នាយក​គ្រប់គ្រង​ទាំងអស់​ស្ថិតក្រោម​លក្ខខណ្ឌ​ច្បាប់​របស់​ចក្រភព​អង់គ្លេស​៕
 

Tag:
 បាល់ទាត់​
  Manchester United
  Mohammad bin Salman
  Jamal Khashoggi
© រក្សាសិទ្ធិដោយ thmeythmey.com