បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
មុន​លាចាក​លោក​, អតីត​អ្នកនយោបាយ-​អ្នកជំនួញ ​លោក មឿង សុន ត្រៀម​រៀបចំ​ពិធី​បង្កើត​«​ក្តី​ស្រឡាញ់​»​ដោយ​បំភ្លេច​អតីតកាល​អាក្រក់ៗ​ចោល
22, Oct 2018 , 4:29 pm        
រូបភាព
​ក្រុង​អង្គរ​ខេត្តសៀមរាប (​កម្ពុជា​)៖ ធ្លាប់ជា​អ្នកជំនួញ​ផង អ្នកនយោបាយ​ផង និង​អ្នកធ្វើ​កិច្ចការ​សង្គម​ផង​, លោក មឿង សុន ដែល​បច្ចុប្បន្ន​មាន​អាយុ​៧៣​ឆ្នាំ កំពុង​ត្រៀម​រៀបចំ​ពិធី​«​ជួបជុំ​មិត្តភាព​»​ដើម្បី​បង្កើត​«​ក្តី​ស្រឡាញ់​» ហើយ​បំភ្លេច​អតីតកាល​អាក្រក់ៗ​ចោល​។ តាមពិតទៅ លោក មឿង សុន ត្រៀម​រៀបចំ​ខួបអាពាហ៍ពិពាហ៍​៥០​ឆ្នាំ​របស់លោក​ទេ​។ តែ​ព្រម​ពេល​ជាមួយគ្នា លោក​ក៏​ឆ្លៀ​ត​ឱកាស​បង្កើត​បរិយាកាស​មួយទៀត​ដើម្បី​ធ្វើ​ពិធី​ជួបជុំ​មិត្តភក្តិ​ពី​កុមារភាព មិត្ត​ភ​កិ្ត​រួម​ថ្នាក់ រួម​សាលា មិត្ត​ភ​កិ្ត​រួម​អាជីព ដៃគូ​ប្រកួតប្រជែង​នយោបាយ ដៃគូ​ប្រកួតប្រជែង​ជំនួញ​។​ល​។ សម្រាប់​លោក មឿង សុន​, ពិធី​នេះ មាន​គោលបំណង​តែមួយគត់ គឺ​បង្កើត​«​ក្តី​ស្រឡាញ់​» ហើយ​បំភ្លេច​អតីតកាល​អាក្រក់ៗ​ចោល ទោះបី​រឿង​នោះ ជា​រឿង​នយោបាយ​ក្តី រឿង​ជំនួញ​ក្តី ឬ​ការ​ច្រណែន​គ្នា​ក្នុង​ជីវិត​ក្តី​។ លោក​គ្រោង​នឹង​រៀបចំ​ពិធី​នេះ​នៅ​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៨​ខាងមុខនេះ​នៅក្នុង​ទីក្រុង​ប្រាសាទ ខេត្តសៀមរាប​។ លោក​គ្រោង​អញ្ជើញ​មិត្ត​ភ​កិ្ត​ទាំងអស់​ឲ្យ​ចូលរួម​ដោយ​មិន​ទទួល​កម្រៃ​អ្វី​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​នឹង​ផ្តល់ជូន​នូវ​ការ​ស្នាក់នៅ​ដោយ​មិន​គិត​ប្រាក់​ថែមទៀត​ផង​។

 

​សំឡេង​សម្ភាស​

 


សុខភាព​មាំមួន​, ស្ថិតក្នុង​អាយុ​៧៣​ឆ្នាំ លោក មឿង សុន បច្ចុប្បន្ន រស់នៅក្នុង​ប្រទេស​បារាំង​ជាមួយនឹង​ជីវភាព​កម្រិត​ខ្ពស់ បាន​និយាយប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (Thmeythmey.com) ក្នុងពេលដែល​លោក​មក​ស្នាក់​នៅក្នុង​ខេត្តសៀមរាប​ថា មុនពេល​ដែល​លោក​លាចាក​លោក​ទៅ លោក​ចង់​បង្កើត​អនុស្សា​រី​យ៍​ល្អៗ​ជាមួយ​មិត្ត​រួម​អាជីព មិត្ត​ភ​កិ្ត​ពី​អតីតកាល ឬ​សូម្បីតែ​អ្នក​ធ្លាប់ជា​ដៃគូ​ប្រកួតប្រជែង​ក្នុង​ឆាកនយោបាយ ឬ​ក្នុង​ពិភព​ជំនួញ​ក៏ដោយ​។ 
 
​អង្គុយ​នៅក្នុង​សណ្ឋាគារ​របស់លោក​នៅក្នុង​ទីក្រុង​ប្រាសាទ ខេត្តសៀមរាប លោក សុន និយាយថា​៖«​ខ្ញុំ​ចង់​បំភ្លេច​រឿង​ចាស់ កុំ​ឲ្យ​ប្រកាន់​រឿង​មិនល្អ បំភ្លេច​រឿង​មិនល្អ​ចោល​។ ខ្ញុំ​ចង់​បង្កើត​សេចក្តីស្រឡាញ់ មុនពេល​ជីវិត​បែក​គ្នា​»​។ សុខភាព​លោក សុន នៅ​ល្អជា​ធម្មតា​ទេ​។ តែ​លោក​ហាក់បីដូចជា​គិតទុក​ជាមុន​ថា បើ​ជីវិត​ស្លាប់​ទៅហើយ អ្វីៗ​ក៏​មិនអាច​យកទៅ​ជាមួយ​បានដែរ​។ ក្រោយ​សេចក្តីស្លាប់ អ្វីដែល​ស្ថិតនៅ គឺ​កិ​តិ្ត​យស និង​កេរ្តិ៍ឈ្មោះ​។  



​ងាក​មក​និយាយ​ពី​ពិធី​ខួបអាពាហ៍ពិពាហ៍ និង​ពិធី​ជួបជុំ​មិត្តភក្តិ​នៅក្នុង​ខេត្តសៀមរាប​វិញ អ្វីដែល​លោក​ចង់បាន គឺ​ការបង្កើត​អនុស្សាវរីយ៍​ថ្មីៗ​ជាមួយ​មិត្ត​ចាស់ មុនពេល​ដែល​លោក​លាចាក​លោក​ទៅ​។ លោក​ចង់​ថត​រូបថត​អនុស្សាវរីយ៍​ជាមួយ​មនុស្ស​គ្រប់រូប​ដែល​លោក​ធ្លាប់​ស្គាល់​។ 

​លោក មឿង សុន ដែល​បាន​និយាយថា លោក​សប្បាយ​ចិត្តនឹង​ជីវិត​នៅក្នុង​ជាតិ​នេះ បាន​អំពាវ​ទៅកាន់​មិត្តភក្តិ​ទាំងអស់​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​របស់លោក ហើយ​លោក​នឹង​ទទួល​រ៉ាប់រង​រាល់​ការចំណាយ​ទាំងអស់ រាប់ទាំង​ការធ្វើដំណើរ និង​ការ​ស្នាក់នៅ​ផង​។ លោក​បានបញ្ជាក់​បន្ថែម​ថា មិត្តភក្តិ​ដែល​ធ្លាប់មាន​និន្នាការ​នយោបាយ​ខុសគ្នា ក៏​លោក​អញ្ជើញ​ឲ្យ​ចូលរួម​ដែរ ហើយ​លោក​សូម​ឲ្យ​ពួកគេ​ទាំងអស់​បំភ្លេច​រឿង​ចាស់​ចោល​។ ពិធី​របស់លោក សុន ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៧​ខាង​មុននេះ គឺជា​ពិធី​ជួបជុំ​មិត្តភាព បំភ្លេច​គំនុំ និង​ការ​ច្រណែន ហើយ​ជំនួស​មកវិញ​នូវ​ក្តី​«​ស្រឡាញ់​»៕  

(​លោកអ្នក​អាចទាក់ទង​ទៅ​លោក មឿង សុន តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់លោក Sonn Moeung)  




© រក្សាសិទ្ធិដោយ thmeythmey.com