រថយន្ត
អន្តរជាតិ
តាក់ស៊ី​លើ​អាកាស​នឹងដាក់​ដំណើរការ​សាកល្បង​នៅ​សិង្ហ​បុរី​នា​ឆ្នាំ​២០១៩
22, Oct 2018 , 7:39 pm        
រូបភាព
ដោយ: ធីតា
​តាក់ស៊ី​លើ​អាកាស​នឹងត្រូវ​ដាក់​ដំណើរការ​សាកល្បង​នៅក្នុង​ប្រទេស​សិង្ហ​បុរី នា​ពាក់កណ្តាល​ឆ្នាំ​២០១៩ ។ នេះ​បើតាម​ការប្រកាស​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ Volocopter នា​កិច្ចប្រជុំ​ស្តីពី​ស្វ័យតភាព និង​ច​ល​ភាព​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី​១៨ ខែតុលា​។​

 
​យានយន្ត​ហោះ​នេះ ត្រូវបាន​គេ​ដាក់ឈ្មោះថា Volocopter ដោយ​វា​ប្រើប្រាស់​ថាមពល​អគ្គិសនី និង​អាច​ប្រតិបត្តិការ​ស្របតាម​បរិស្ថាន​នៅក្នុង​ក្រុង​សិង្ហ​បុរី​។ យាន​នេះ អាច​ផ្ទុក​មនុស្ស​បាន​២​នាក់​សម្រាប់​ចម្ងាយ​តិចជាង​៣០​គីឡូម៉ែត្រ​។​
 
​បើទោះបី​ជាមាន​រាងដូចជា​ឧទ្ធម្ភាគចក្រ​ក៏ដោយ ប៉ុន្តែ Volocopter ត្រូវ​អនុវត្តតាម​បច្ចេកវិទ្យា Drone (​យន្តហោះ​ដែល​គ្មាន​មនុស្ស​ជិះ​)​។ វា​អាច​ហោះហើរ​ដោយ​ស្វ័យប្រវត្តិ តាមរយៈ​ការបញ្ជា​ដោយ Joystick (​ប្រដាប់​បញ្ជា​) ពី​ចម្ងាយ​។​


 
​ក្រុមហ៊ុន Volocopter បានបញ្ជាក់​ប្រាប់​សារព័ត៌មាន Channel NewsAsia ថា ក្រុមហ៊ុន​នឹងសិក្សា​លម្អិត​លើ​លក្ខខណ្ឌ​ហោះហើរ​ដែល​សមស្រប​បំផុត ជាពិសេស​ការគោរព​តាម​ប្រព័ន្ធគ្រប់គ្រង​នៃ​ការប្រើប្រាស់​ចរាចរណ៍​ផ្លូវអាកាស​ក្នុងប្រទេស​សិង្ហ​បុរី​។​
 
​បន្ថែម​ពីលើ​នេះ​ទៀត ក្រុមហ៊ុន​អាល្លឺម៉ង់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​សិង្ហ​បុរី នឹងសិក្សា​លើ​ទីតាំង​ចុះចត​ភ្លាមៗ នៅមាន​ភ្លៀង​ខ្លាំង ឬ​ខ្យល់​ត្រូ​ពិ​ក ជាច្រើន​។ ក្រសួង​ដឹកជញ្ជូន​សិង្ហ​បុរី (MOT) និង​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​សិង្ហ​បុរី (CAAS) បាន​អះអាងថា ការសាកល្បង​នឹងធ្វើ​ឡើង​នៅលើ​ទីតាំង​ដែលមាន​ការត្រួតពិនិត្យ​ច្បាស់លាស់ ពោលគឺ​មិនមែន​តំបន់​ដែលមាន​មនុស្ស​ចរាចរណ៍​ច្រើន ឬ​កន្លែង​ដែល​សំបូរ​ទៅដោយ​អចលនទ្រព្យ​នោះទេ​។​


 
​ក្រៅពី​អះអាង​ពី​កិច្ចសហប្រតិបត្តិការ​ខ្លួន​លើ​ដំណើរការ​សាកល្បង​តាក់ស៊ី​លើ​អាកាស​នេះ អាជ្ញាធរ​សិង្ហ​បុរី បានលើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់ខ្លួន​ក្នុងការ​ការពារ​បរិស្ថាន ពីព្រោះថា យាន​ដែល​ប្រើ​បច្ចេកវិទ្យា Drone តែងតែមាន​សុវត្ថិភាព​ជាង ស្ងាត់ស្ងៀម​ជាង និង​ថោក​ជាង​ឧទ្ធម្ភាគចក្រ​ធម្មតា​។​
 
Volocopter បាន​បញ្ជាក់ថា ពួកគេ​បាន​ហោះហើរ​ជា​ទៀងទាត់​នៅ​អាល្លឺម៉ង់ បន្ទាប់ពី​ទទួលបាន​លិខិតអនុញ្ញាត​បឋម​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​។ ក្រុមហ៊ុន​កំពុង​ព្យាយាម​សុំ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​ពេញលេញ​ជាមួយ​ទីភ្នាក់ងារ​សុវត្ថិភាព​អាកាសចរណ៍​អឺរ៉ុប​៕




 

© រក្សាសិទ្ធិដោយ thmeythmey.com