អត្ថបទពាណិជ្ជកម្ម
Bosch៖ សុវត្ថិភាព​ផ្លូវថ្នល់ គឺជា​ទំនួល​ខុសត្រូវ​របស់​បុគ្គល​គ្រប់រូប​
22, Oct 2018 , 5:21 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ មាន​មនុស្ស​ជាង ១.២ លាន​នាក់ បាន​បាត់​បង់ជីវិត​នៅលើ​ផ្លូវថ្នល់ ជា​រៀងរាល់ឆ្នាំ នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​មាន​អ្នកស្លាប់​ប្រមាណ ១២០,០០០ នាក់ នៅក្នុង​តំបន់​អាស៊ាន​។ តួលេខ​ដ៏​ច្រើន​នេះហើយ ទើបបានជា​មហាសន្និបាត​អង្គការសហប្រជាជាតិ UNGA​នៅតែ​បន្ត​គាំទ្រ និង​តស៊ូ​មតិ​យ៉ាង​មុតមាំ ចំពោះ​សុវត្ថិភាព​ផ្លូវថ្នល់ ដោយ​ផ្អែកលើ​ការ​ប្រកាសថា​ឆ្នាំ ២០១១ ដល់ ២០២០ ជា «​ទសវត្ស​នៃ​ចំណាត់ការ​ដើម្បី​សុវត្ថិភាព​នៅលើ​ដងផ្លូវ​»​។​
 
​យានយន្ត​ដែល​បាន​ចុះ​ប​ញ្ជើ​នៅ​ប្រទេស​កម្ពុជា គឺមាន​ចំនួន ៣.៧ លាន​គ្រឿង នៅក្នុង​ឆ្នាំ ២០១៧ ដែលជា​ការកើនឡើង​ប្រមាណ ១៦​ភាគរយ​ប្រចាំឆ្នាំ​។ ស្របគ្នា​នេះដែរ អត្រា​នៃ​ការស្លាប់​លើផ្លូវ​ថ្នល់ ក៏​បន្ត​កើនឡើង​ផងដែរ ដែល​ចំនួន​ប្រហែលជា ១,៧៨០ នាក់​កាលពី​ឆ្នាំទៅ​។ គ្រោះថ្នាក់​ចរាចរណ៍ ច្រើន​កើតឡើង​ក្នុងអំឡុង​ពិធីបុណ្យ​ផ្សេងៗ​ដូចជា បុណ្យចូលឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌ នៅពេលដែល​ចរាចរណ៍​មាន​ភាព​មមាញឹក​ខ្លាំង​បំផុត​។​


 
​នៅ​ខែមេសា​ឆ្នាំ ២០១៨ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​កត់ត្រា​ការស្លាប់​សរុប ៤៧ នាក់ និង​របួស ១៤៣ នាក់​ក្នុងអំឡុងពេល​អង្កេត​ការណ៍ ៣​ថ្ងៃ នៃ​បុណ្យចូលឆ្នាំ​ខ្មែរ​។ ដូចគ្នានេះដែរ ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​កន្លងទៅនេះ ជា​ពេលដែល​ប្រជាជន​កម្ពុជា​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ត្រលប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ យ៉ាងហោចណាស់​មាន​គ្រោះថ្នាក់​ចំនួន​៥៣​ករណី ក្នុងនោះ​មនុស្ស​ស្លាប់​ចំនួន​២៨​នាក់ និង​របួសធ្ងន់​៨៥​នាក់ ។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ 
 
​រាល់​គ្រោះថ្នាក់​ទាំងអស់ ដែល​បាន​ចុះបញ្ជី​ក្នុងអំឡុង​រដូវ​បុណ្យទាន ភាគច្រើន​គឺ​ដោយសារតែ ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ការបើកបរ​ហួស​ល្បឿន​កំណត់ ការ​ងងុយគេង​ពេល​បើកបរ ការ​ជែង​គ្នា និង​បញ្ហា​យាន្ត​ជំនិះ​។ ៨០​ភាគរយ នៃ​រថយន្ត​ដែល​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​នៅ​កម្ពុជា គឺជា​រថយន្ត​ជជុះ ហើយ​ជារឿយៗ​រថយន្ត​ទាំងនេះ មាន​បញ្ហា​បច្ចេកទេស​ដូចជា​បញ្ហា​កង់ឡាន ប្រព័ន្ធ​ហ្វ្រាំង ឬ​ប្រព័ន្ធ​ចង្កូត ដែល​តម្រូវ​ឲ្យ​មានការ​ពិនិត្យ​បច្ចេកទេស​ហ្មត់ចត់​។ 
 
​លោក ហៃ ភិរម្យ អគ្គនាយក​ក្រុមហ៊ុន Bosch ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា​៖ «​ជា​រៀងរាល់ឆ្នាំ មនុស្ស​រាប់លាន​នាក់​បាន​ស្លាប់ ឬ​រងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ ក្នុងនាម​ជា​ក្រុមហ៊ុន​មួយ ដែល​ផ្គត់ផ្គង់​បច្ចេកវិទ្យា​យានជំនិះ Bosch បានរួម​ចំណែក​លើកស្ទួយ និង​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​យានយន្ត​ជាច្រើន​ឆ្នាំ​មកហើយ​។​»​។ លោក​បាន​បន្តថា​៖ «​គ្រោះថ្នាក់​ជាច្រើន​អាច​រារាំង​បាន ដោយ​ការបំពាក់​ប្រព័ន្ធ​សុវត្ថិ​ភាពទំនើប​ទៅលើ​យានយន្ត​»​។​


 
​នៅ​ប្រទេស​កម្ពុជា Bosch មានបំណង​ចង់​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ចែករំលែក​ចំណេះដឹង និង​ជំនាញ លើ​ការបង្កើន​កម្រិត​នៃ​ការយល់ដឹង អំពី​តម្រូវ​ការចាំបាច់ ដើម្បី​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព​នៅលើ​ផ្លូវថ្នល់ និង​យានយន្ត​។​
 
​សុវត្ថិ​ភាពជា​ចម្បង​

​លោក Martin Hayes នាយក​ក្រុមហ៊ុន Bosch នៅ​តំបន់​អាស៊ី​អា​គ្មេ​យ៍​មានប្រសាសន៍ថា​៖ «​ការស្លាប់ និង​ការរង​របួស នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក មិន​ត្រឹមតែ​ធ្វើអោយ​ខាតបង់​ខាង​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ វា​ក៏បង្ក​ឲ្យ​មានការ​រងទុក្ខវេទនា និង​ទុក្ខសោក ដែល​មិនអាច​កាត់ថ្លៃ​បាន​»​។ លោក​បាន​បន្តថា​៖ « Bosch នឹង​បន្តធ្វើ​ការស្រាវជ្រាវ និង​វិនិយោគ​លើ​ការអភិវឌ្ឍ​ជាច្រើន ដោយ​ផ្អែកលើ​ការបង្កើត​បច្ចេកវិទ្យា ដែល​អាចជួយ​ជីវិត​មនុស្ស​បាន​។ នេះ​រួមទាំង​ការបង្កើត​ផលិតផល និង​ដំណោះស្រាយ​ដែល​អាចធ្វើ​ឲ្យ​ផ្លូវថ្នល់ និង​យានយន្ត​មាន​សុវត្ថិភាព​ជាង​មុន​»​។​
 
​ក្នុងចំណោម​ការច្នៃប្រឌិត​ថ្មីៗ​ជាច្រើន​របស់​ក្រុមហ៊ុន Bosch ក្នុង​វិស័យ​សុវត្ថិភាព​យានយន្ត ក្នុងនោះ​ក៏មាន​ប្រព័ន្ធ  Anti-Lock Braking System (ABS) ដែលជា​ប្រព័ន្ធ​សម្រាប់​ជួយ​មិនអោយ​គាំង​កង់​រថយន្ត​ពេល​ចាប់​ហ្វ្រាំង​។ ប្រព័ន្ធ​នេះ ត្រូវបាន​ណែនាំ​សម្រាប់​រថយន្ត​ដឹក​អ្នកដំណើរ​នៅ​ឆ្នាំ ១៩៧៨ និង​សម្រាប់ទោ​ចក្រយានយន្ត នៅ​ឆ្នាំ ១៩៩៥​។ បច្ចេកវិទ្យា​នេះ ត្រូវបាន​ពង្រឹង​បន្ថែមទៀត ជាមួយនឹង​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​រក្សា​លំនឹង​យានយន្ត​អេឡិចត្រូនិក (Electronic Stability Program ឬ ESP®) ដំបូង​គេ​បង្អស់​លើ​ពិភពលោក ដែល​បច្ចេកវិទ្យា​នេះ អាច​តាមដាន​ចលនា​រអិល​របស់​រថ​យន្ត ហើយ​ទប់ស្កាត់ ការ​រអិល​នោះ ដើម្បី​បង្កើន​សុវត្ថិភាព​ក្នុងពេល​បើកបរ​។ រហូតមកដល់​បច្ចុប្បន្ន​នេះ ៧៤ ភាគរយ នៃ​យានយន្ត​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​ត្រូវបាន​បំពាក់​ជាមួយ ESP® ហើយ​បច្ចេកវិទ្យា​នេះ បាន​រារាំង​មិន​ឲ្យ​មាន​គ្រោះថ្នាក់​ជាង ២៦០,០០០ ករណី​នៅ​អឺរ៉ុប (​គិត​ត្រឹម​ឆ្នាំ ២០១៤) ។​
 
​ការធ្វើដំណើរ​ដោយ​គ្មាន​គ្រោះថ្នាក់ ជាមួយនឹង​ប្រព័ន្ធ​ជំនួយ​សុវត្ថិភាព​ក្នុងការ​បើកបរ​

​គ្រោះថ្នាក់​ចរាចរណ៍​ប្រមាណ​៩០​ភាគរយ អាច​កើតឡើង​ដោយសារ​កំហុស​របស់​អ្នកបើកបរ​។ ឧទាហរណ៍​នៅពេលដែល​អ្នកបើកបរ មិន​គិតថា​ស្ថានភាព​ផ្លូវ​ជា​ស្ថានភាព​គ្រោះថ្នាក់ ឬ​ហានិភ័យ​ចំពោះមុខ មិន​ត្រូវបាន​វិនិច្ឆ័យ​ត្រឹមត្រូវ ហើយ​អ្នកបើកបរ​មានប្រតិកម្ម​យឺត​ពេក ឬ​មិន​ត្រឹមត្រូវ​។ ដោយ​ប្រើប្រាស់​ចំណេះដឹង ដែល​ទទួលបាន​ពី​ការស្រាវជ្រាវ​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ​គ្នា​ជាច្រើន Bosch បាន​បង្កើត​ប្រព័ន្ធ​ជំនួយ​ដល់​អ្នកបើកបរ​រថយន្ត ដែលមាន​លក្ខណៈ​ឆ្លាត​វាងវៃ ដូចជា​ហ្វ្រាំង​សង្គ្រោះបន្ទាន់​ស្វ័យប្រវត្តិ​( Automatic Emergency Braking ឬ AEB) ប្រព័ន្ធ​ជំនួយការ​រក្សា​ឡាន​ឲ្យ​នៅ​ត្រូវ​ជួរ (Lane Keeping Support) និង​ប្រព័ន្ធ​ជំនួយ​ការមើល​កញ្ចក់​ចំហៀង​( Side View Assist ) ដែល​ជួយ​ដល់​អ្នកបើកបរ​ក្នុងស្ថានភាព ចរាចរណ៍​ដែល​ស្មុគស្មាញ ឬ​ស្ថានភាព​គ្រោះថ្នាក់​។ ប្រព័ន្ធ​ទាំងនេះ​គ្រប់គ្រង​លើ​ស្ថានភាព​នៃ​ការបើកបរ​ប្រចាំថ្ងៃ​បាន​យ៉ាង​ទូលំទូលាយ និង​ជាការ​បោះជំហាន​ដ៏​សំខាន់ ក្នុងការ​ធ្វើដំណើរ​ដោយ​គ្មាន​គ្រោះថ្នាក់ និង​គ្មាន​ភាព​តានតឹង​នៅ​ថ្ងៃ​អនាគត​។​
 
​ចំនួន​រថយន្ត​កើនឡើង​កាន់តែច្រើន បង្កើន​ហានិភ័យ​នៃ​ការប៉ះទង្គិច​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​ផងដែរ​។ ហ្វ្រាំង​សង្គ្រោះ​បន្ទាន់ដោយ​ស្វ័យប្រវត្តិ (AEB) ដោយមាន​មូលដ្ឋាន​លើ​បណ្តាញ​ឧបករណ៍​ចាប់​សញ្ញា នៅក្នុង​ប្រព័ន្ធ ESP® អាចជួយ​កាត់បន្ថយ​ស្ថានភាព​នេះ​បាន​។ ដោយ​ផ្អែកលើ​ការវិភាគ​ចរាចរណ៍​ជា​បន្តបន្ទាប់ រួមជាមួយ​ការស្វែងរក​ចំណុច​ស្មុគស្មាញ ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ប្រព័ន្ធ AEB ក៏មាន​លក្ខណៈ​ចាប់​ហ្វ្រាំង​ពាក់កណ្តាល​ដោយ​ស្វ័យប្រវត្តិ ដើម្បី​កាត់បន្ថយ​ល្បឿន​រថយន្ត​។ ប្រសិនបើ​អ្នកបើកបរ​នៅ​មិន​ជាន់​ហ្វ្រាំង AEB នឹង​ចាប់​ហ្វ្រាំង​ពេញលេញ ដើម្បី​ចៀសវាង​ការប៉ះទង្គិច​ជាមួយ​រថយន្ត​ខាងមុខ​។ ក្នុងករណី​ដែល​ការប៉ះទង្គិច​គ្នា​មិនអាច​ជៀសវាង​បាន យ៉ាងហោចណាស់ ក៏​ការធ្វើអន្តរាគមន៍​ដោយ​ប្រព័ន្ធ​នេះ អាច​កាត់បន្ថយ​កំរិត​គ្រោះថ្នាក់ ដល់​យានយន្ត និង​អ្នកបើកបរ រួម​ជាមួយនឹង​អ្នកដំណើរ​ផងដែរ​។​


 
​ប្រព័ន្ធ​ជំនួយការ​រក្សា​រថយន្ត​ឲ្យ​នៅ​គន្លង​ផ្លូវ (LKS) ជួយ​ដល់​អ្នកបើកបរ រក្សា​រថយន្ត​អោយនៅ​គន្លង​ផ្លូវ​បាន​ត្រឹមត្រូវ​។ ការប្រើ​កាមេរ៉ា​វីដេអូ ដើម្បី​កំណត់​គន្លង​ផ្លូវ​នៅ​ពីមុខ​ឡាន LKS​អាច​កំណត់​បាន​រហូតដល់​៤​ជួរ បើទោះបី​ស្ថិតនៅ​ក្នុងស្ថានភាព​មើល​មិនសូវ​ច្បាស់​ក៏ដោយ ក៏​ប្រព័ន្ធ​នេះ ឆ្លើយតប​ទៅនឹង​ការ​កាច់ចង្កូត​មិន​ប្រក្រតី​របស់​អ្នកបើកបរ ដើម្បី​ធានា​ឱ្យបាន​ថា អ្នកបើកបរ​នៅត្រង់​គន្លង​ផ្លូវ​។ អ្នកបើកបរ​អាច​បត់​ចង្កូត​បាន នៅពេលដែល​កាច់​សញ្ញា​បត់​ឆ្វេង ឬ​ស្តាំ នេះ​ជាស​ញ្ញា​ដែល​ប្រាប់​ប្រព័ន្ធ LKS នេះ​ថា អ្នកដំណើរ​មាន​ស្មារតី​ត្រឹមត្រូវ និង​អាច​គ្រប់​គ្រង់​យានយន្ត​បាន​វិញ​ហើយ​។ 
 
​នៅពេល​បើកបរ អ្នកបើកបរ​ផ្តោត​សំខាន់​មើលទៅ​ខាងមុខ​ដោយ​ស្វ័យប្រវត្តិ ដោយ​មិនបាន​មើល​គ្រប់​ទិសដៅ រួមទាំង​ផ្នែក​សងខាង​នៃ​រថយន្ត​ផងដែរ​។ វា​អាច​នឹង​ប៉ះពាល់​ដល់​សមត្ថភាពរ​បស់​អ្នកបើកបរ ក្នុងការ​វាយតម្លៃ​ស្ថានភាព​ខាងក្រៅ ជុំវិញ​រថយន្ត​របស់​ពួកគេ នៅពេល​ធ្វើ​សកម្មភាព​ផ្សេងៗ ដូចជា​ការប្តូរ​គន្លង​ផ្លូវ​បើកបរ ។ ប្រព័ន្ធ​ជំនួយ​ការមើល​កញ្ចក់​ចំហៀង (SVA) ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​បច្ចេកវិទ្យា​ជំនួយ​នៅ​ចំណុច​មើលមិនឃើញ (Blind Spot Technology) ដែល ភ្លាមៗ​នោះ វា​នឹង​បង្ហាញ​សញ្ញា​ព្រមាន នៅលើ​កញ្ចក់​ចំហៀង​នៃ​រថយន្ត​។ សម្រាប់ទោ​ចក្រយានយន្ត ការព្រមាន​នេះ​លេចឡើង ជា​សញ្ញា​អុ​ប​ទិ​កនៅ​ជិត​កញ្ចក់​។ ឧបករណ៍​ចាប់​សញ្ញា​ដ៏​ឆ្លាត​វៃ ក៏​អាច​ចាត់ថ្នាក់​វត្ថុ​ដែល​ត្រូវ​វា​ចាប់បាន ដើម្បី​ជៀសវាង​ការជូនដំណឹង​ហានិភ័យ​មិន​ត្រឹមត្រូវ​។ បច្ចេកវិទ្យា​ជំនួយ​នៅ​ចំណុច​មើលមិនឃើញ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ត្រួតពិនិត្យ​យានយន្ត​ថ្មី របស់​អាស៊ាន​ដែល​ហៅថា ASEAN New Car Assessment Program ឬ​NCAP នៃ​ឆ្នាំ ២០១៧- ២០២០ ក្រោម​ផ្នែក​ជំនួយ​សុវត្ថិភាព ដែលជា​លក្ខខណ្ឌ​កំណត់​មួយ ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​។​
 
​សុវត្ថិភាព​តាម​ដងផ្លូវ​ជា​ទំនួល​ខុសត្រូវ​របស់​បុគ្គល​គ្រប់រូប​

​របាយការណ៍​ឆ្នាំ ២០១៨ ដែល​បានចេញ​ផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ ធ្វើ​ឲ្យ​ប្រទេស​ខាតបង់ ប្រមាណ​ជា ៣ ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក (GDP)​។ របាយការណ៍​ក៏បាន​បញ្ជាក់​ផងដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ នឹង​ក្លាយទៅជា​មូល​ហេតុដែល​បណ្តាល​ឲ្យ​មានការ​ស្លាប់​លំដាប់​លេខ ៧ ក្នុង​ពិភពលោក​នា​ឆ្នាំ ២០៣០ ប្រសិនបើ​គ្មាន​វិធានការ​ទ្រទ្រង់​ណាមួយ ទទួលបាន​ជោគជ័យ​នោះទេ​។​
 
​លោក Hayes បាន​ថ្លែង​ជា​ចុងក្រោយ​ថា​៖ «Bosch ជឿជាក់ថា​មានតែ​សកម្មភាព​រួមគ្នា​ទេ ដែល​យើង​អាច​ឃើញ​ការផ្លាស់ប្តូរ​បាន​។ យើង​សូម​អំពាវនាវ ឲ្យ​មានការ​ពិភាក្សា និង​សហការ​យ៉ាងសកម្ម រវាង​រដ្ឋាភិបាល សមាគមន៍​វិទ្យាសាស្ត្រ អង្គការក្រៅរដ្ឋាភិបាល ឧស្សាហកម្ម​យានយន្ត និង​សាធារណជន​ទូទៅ ដើម្បី​ទាញយក​អត្ថប្រយោជន៍​នៃ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន ដើម្បី​ធ្វើ​ឲ្យ​ផ្លូវថ្នល់​មាន​សុវត្ថិភាព​ជាង​មុន សម្រាប់​មនុស្ស​គ្រប់ៗ​គ្នា​។ យើងទាំងអស់គ្នា​មានការ​ទទួលខុសត្រូវ​រួមគ្នា ក្នុង​ការធានា​ឱ្យបាន​នូវ​អាស៊ាន​នា​ថ្ងៃ​អនាគត​មួយ ដែល​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ ហើយ Bosch គាំទ្រ​យ៉ាង​មុតមាំ នូវ​ទស្សនវិស័យ​មួយ​នេះ​»៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com