ជាតិ
​​​ន​យោ​បាយ​ជាតិ​
សហភាព​អឺរ៉ុប និង វៀតណាម នឹង​ឈប់​យកពន្ធ​ពីគ្នា លើ​ការ​នាំចូល​គ្រប់មុខ​ទំនិញ
22, Oct 2018 , 11:39 pm        
រូបភាព
លោក Donald Tusk ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប (ខាងឆ្វេង) Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម (កណ្តាល) និង លោក Jean-Claude Juncker ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប (ខាងស្តាំ) ថតជាគ្នាកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសនៃកិច្ចប្រជុំអាស៊ាន-អឺរ៉ុបលើកទី១២។ រូបពី AFP
លោក Donald Tusk ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប (ខាងឆ្វេង) Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម (កណ្តាល) និង លោក Jean-Claude Juncker ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប (ខាងស្តាំ) ថតជាគ្នាកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសនៃកិច្ចប្រជុំអាស៊ាន-អឺរ៉ុបលើកទី១២។ រូបពី AFP
​ភ្នំពេញ​៖ សហ​ភា​អឺរ៉ុប​និង​វៀតណាម បាន​យល់ព្រម​ជាមួយគ្នា​ថា នឹង​លុបចោល​នូវ​ការយកពន្ធ​លើ​ទំនិញ​គ្រប់យ៉ាង​។ ភាគី​ទាំងពីរ បានធ្វើ​កិច្ចព្រមព្រៀង​ជាមួយគ្នា​ពី​បញ្ហា​នេះ​រួចហើយ នឹង​ត្រៀម​អនុវត្ត​ក្នុងពេល​ខាងមុខ​។​

 
 
​នៅ​ពាក់កណ្តាល​ខែតុលា ឆ្នាំ​២០១៨​នេះ  សហភាព​អឺរ៉ុប​និង​វៀតណាម បានរួម​គ្នា​បង្កើត​កិច្ចព្រមព្រៀង​មួយ​ស្តីពី «​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​ភាគី​ទាំងពីរ​»​។ សហភាព​អឺរ៉ុប ប្រកាសថា  នឹង​ប្រឹងប្រែង​ធ្វើការងារ លើ​កិច្ចព្រមព្រៀង​នេះ ដើម្បីដាក់ចូលជា​ធរមានឲ្យបាន​​ឆាប់រហ័ស តាមតែ​អាចធ្វើ​ទៅបាន​។ 
 
​បើតាម​អត្ថបទ​ព័ត៌មាន ដែល​បង្ហោះ​លើ​គេហទំព័រ​របស់​គណៈកម្មាធិកា​រ​សហភាព​អឺរ៉ុប កិច្ចព្រមព្រៀង​នេះ នឹង​ផ្តល់​ផលប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច ដល់​ភាគី​ទាំងពីរ​។ ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ខាងលើ បញ្ជាក់ថា វៀតណាម នឹងមិន​បង់ពន្ធ​នោះទេ ពេល​នាំ​ទំនិញ​ចូលទៅក្នុង​ទីផ្សារ​សហភាព​អឺ​រុ​ប ហើយ​សហភាព​អឺរ៉ុប ក៏​មិនត្រូវ​បង់ពន្ធ​ដូចគ្នា ពេល​នាំ​ទំនិញ​ទៅកាន់​វៀតណាម​។ 
 
«​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម នឹង​លុបបំបាត់​ការយកពន្ធ​ស្ទើរ​ទាំងស្រុង​លើ​ទំនិញ ដែល​ភាគី​ទាំងពីរ នាំចូល​ទៅកាន់​ទីផ្សារ​ប​ស់​គ្នា​ទៅវិញទៅមក​។ កិច្ចព្រមព្រៀង​នេះ ក៏​រួមបញ្ចូល​នូវ​ការប្តេជ្ញាចិត្ត​យ៉ាងរឹងមាំ ក្នុងការ​អភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព ការគោរព​សិ​ទិ្ធ​មនុស្ស សិទ្ធិ​ការងារ​ការការពារ​ប​រិ​ស្ថាន និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​»​។ នេះ​បើតាម​អត្ថបទ​ព័ត៌មាន លើ​គេហទំព័រ​របស់​គណៈកម្មាធិកា​រ​សហភាព​អឺរ៉ុប​។ 
 
​ប្រភព​ដដែល បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន វៀតណាម ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំជាងគេ របស់​សហភាព​អឺរ៉ុប បន្ទាប់ពី​សិង្ហ​បុរី​។ ពាណិជ្ជកម្ម​ផ្នែក​ទំនិញ​រវាង​សហភាព​អឺរ៉ុប​និង​វៀតណាម មានតម្លៃ​ជិត​៤៨​ពាន់​លាន​អឺរ៉ូ ក្នុង​មួយឆ្នាំ​។ 
 
​ស្របពេល​វៀតណាម ជិត​នឹង​ទទួល​អំណោយផល​ផ្នែក​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប កម្ពុជា បែរជា​ជួប​ភាព​រកាំរកូស​ទៅវិញ​។ សហភាព​អឺរ៉ុប បាន​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចេញពី​កម្ពុជា ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា EBA​។ 
 
​កម្ពុជា ដែល​បច្ចុប្បន្ន បាន​រួច​ផុតពី​ការបង់ពន្ធ ក្នុង​ការនាំ​ទំនិញ​ចូលទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប អាច​នឹង​ត្រឡប់​ទៅជា​បង់ពន្ធ​វិញ បើ​សហភាព​អឺរ៉ុប ពិតជា​លុបចោល​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មែន​នោះ​។ ថ្មីៗ​នេះ សហភាព​អឺរ៉ុប បានចេញ​សេចក្តីសម្រេច​មួយ ស្តីពី​ដំណើរការ​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា​។ នីតិវិធី​នេះ ត្រូវ​ចំណាយពេល​ដល់​មួយឆ្នាំ​ឯណោះ ទើប​សហភាព​អឺរ៉ុប សម្រេច​ជា​ផ្លូវការ​ថា ដក​ឬ​មិន​ដក​។ 
 
​ដោយសារតែ​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA  ទើប​កម្ពុជា មិនត្រូវ​បង់ពន្ធ ពេល​នាំ​ទំនិញ​និង​ផលិតផល​គ្រប់មុខ ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប ដោយ​លើកលែងតែ​អាវុធ​។ កម្ពុជា ចំណេញ​ប្រមាណ​៦៧៦​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។ 
 
​បច្ចុប្បន្ន ប្រទេស​ក្នុង​តំបន់​អាស៊ាន មានតែ​កម្ពុជា មី​យ៉ាន់​ម៉ា និង ឡាវ ប៉ុណ្ណោះ ដែល​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA  ពី​សហភាព​អឺរ៉ុប​៕ 

Tag:
 កម្ពុជា​
  វៀតណាម​
  EU
  EBA
  ទំនិញ​
  ផលិតផល
© រក្សាសិទ្ធិដោយ thmeythmey.com