ជាតិ
លោក Mukhisa Kituyi ៖ កម្ពុជា ជាប្រទេសគំរូមួយ សម្រាប់ប្រទេសដទៃ
× ភ្នំពេញ៖ កម្ពុជា ជាប្រទេសគំរូមួយ សម្រាប់ប្រទេសដទៃទៀត ក្នុងការជំរុញផ្នែកអភិវឌ្ឍន៍។ នេះជាការលើកឡើងរបស់លោក ម៉ុឃីសា គីទុយី (Mukhisa Kituyi) អគ្គលេខាធិការ នៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសស្វ៊ីស។
លោក Mukhisa Kituyi បាននិយាយថា កម្ពុជា គឺជាប្រទេសដែលមានឆន្ទៈខ្ពស់ ក្នុងការប្រែក្លាយខ្លួនពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងបន្តឆ្ពោះទៅមុខទៀត។ ក្នុងកែវភ្នែកលោក Mukhisa Kituyi កម្ពុជា ជាប្រទេសគំរូមួយ សម្រាប់ប្រទេសផ្សេងៗទៀត ក្នុងការជំរុញការអភិវឌ្ឍ។
ហ្វេសប៊ុកសម្ដេច ហ៊ុន សែន បានស្រង់សម្ដីអគ្គលេខាធិការ នៃសន្និសីទអង្គការសហប្រជាជាតិរូបនេះ មកសរសេរ ដោយអមជាមួយរូបភាព៧សន្លឹក យ៉ាងដូច្នេះថា៖«យើងពិតជាបានធ្វើនូវទំនាក់ទំនងដ៏ល្អជាមួយគ្នាកាលពីពេលកន្លងមក ហើយអ្វីដែលឯកឧត្តមមានការសប្បាយបំផុតនោះ គឺវត្តមានរបស់សម្តេចក្នុងការអញ្ជើញថ្លែងសុន្ទរកថា ក្នុងសន្និសីទដ៏មានសារៈសំខាន់បំផុតនេះ។ ឯកឧត្តម នឹងបន្តជួយដល់កម្ពុជា ដើម្បីឲ្យទទួលបាននូវការប្រកួតប្រជែងខ្ពស់ថែមទៀត លើឆាកអន្តរជាតិ ពិសេសលើការនាំចេញកង់ និងផលិតផលផ្សេងៗទៀត»។
ឆ្លើយតបនឹងការសរសើររបស់លោក Mukhisa នេះ សម្ដេច ហ៊ុន សែន បាននិយាយថា បើទោះបីកម្ពុជាបានឆ្លងកាត់ពីប្រទេសក្រីក្រ ទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក៏ពិតមែន ប៉ុន្តែកម្ពុជានៅមានបញ្ហាប្រឈម ដែលត្រូវបន្តដោះស្រាយ។«ស្វាគមន៍ចំពោះ ឯកឧត្តមអគ្គលេខាធិការ នៃសន្និសីទអង្គការសហប្រជាជាតិ ដែលបានសន្យាបន្តគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា»។ នេះបើតាមហ្វេសប៊ុកប្រមុខរដ្ឋាភិបាលកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមវេទិកាពាណិជ្ជកម្ម នៅប្រទេសស្វ៊ីស ចាប់ពីថ្ងៃទី២២ដល់២៥ តុលា។
វេទិកាពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០១៨នេះ គឺដើម្បីឲ្យប្រទេសទាំងអស់លើពិភពលោក ចែករំលែកបទពិសោធន៍ល្អគ្នា លើការអភិវឌ្ឍ។ វេទិកានេះ មានអ្នកចូលរួមប្រមាណ ៦,៦០០នាក់ ដែលក្នុងនោះមានប្រធានាធិបតី១០រូប និងនាយករដ្ឋមន្ត្រី៣រូប។ នេះបើតាមលោក ម៉ុឃីសា គីទុយី (Mukhisa Kituyi) អគ្គលេខាធិការ នៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ៕
Tag:
ហ៊ុន សែន
Mukhisa Kituyi
ពាណិជ្ជកម្ម
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com