អន្តរជាតិ
បេក្ខជន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​សន្យា​ពិនិត្យ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចិន​ឡើងវិញ បើ​ឈ្នះឆ្នោត
23, Oct 2018 , 11:12 am        
រូបភាព
​បេក្ខជន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​អតីត​ឧ​ត្ត​ម​សេនីយ៍ Prabowo Subianto សន្យា​ត្រួតពិនិត្យ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​«​គម្រោង​ខ្សែក្រវាត់​មួយ​វិថី​មួយ​»​ឡើងវិញ បើសិនជា​លោក​ឈ្នះឆ្នោត​ឆ្នាំក្រោយ​។ គម្រោង​ដែល​ត្រូវ​ត្រួតពិនិត្យ​មុនគេ​គឺ គម្រោង​សង់​ផ្លូវ​រថភ្លើង​លឿន​ពី​ហ្សា​ការ​តា​ទៅកាន់​ក្រុង​បាន​ឌុ​ង​ដែលមាន​តម្លៃ ៤,៥​ពាន់​លាន​ដុល្លារ​។​


 
​ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​កាន់តែ​ជិត​មកដល់ អ្នកនយោបាយ​ឥណ្ឌូណេស៊ី​ចាប់ផ្តើម​និយាយ​ឃោសនា​ពី​គោលនយោបាយ​របស់ខ្លួន​ដើម្បី​ទាញយក​សំឡេងគាំទ្រ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ការសន្យា​ត្រួតពិនិត្យ​ឡើងវិញ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន​ក្លាយជា​រឿង​ពេញនិយម​មួយ​សម្រាប់​អ្នកប្រកួតប្រជែង​ជាមួយ​ប្រធានាធិបតី​បច្ចុប្បន្ន​លោក ចូ​កូ វី​ដូ​ដូ​។ 
 
​យោងតាម​សារព័ត៌មាន South China Morning Post អ្នកដឹកនាំ​ឃោសនា និង​ជា​ប្អូនប្រុស​បេក្ខជន​ប្រធានាធិបតី និង​ជា​អតីត​ឧ​ត្ត​ម​សេនីយ៍​យោធា Prabowo Subianto លោក Hashim Djojohadikusumo បាន​អះអាងថា បើសិន​បងប្រុស​លោក​ជាប់​ឆ្នោត វា​នឹងមាន​ការត្រួត​ពិនិត្យមើល​ឡើងវិញ​រាល់​គម្រោង​ក្រោម​ខណ្ឌ «​គំនិត​ផ្តួចផ្តើម​ចិន​ខ្សែក្រវាត់​មួយ​វិថី​មួយ​»​។ 
 
​ពេល​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន លោក Djojohadikusumo ដែលជា​អ្នកជំនួញ​ដ៏​ស្តុកស្តម្ភ​នោះបាន​និយាយ​ដូច្នេះ​៖ «​ចិន​និង​ឥណ្ឌូណេស៊ី​មាន​ទំនាក់ទំនង​ល្អ ប៉ុន្តែ​ខ្ញុំ​គិតថា វា​មាន​គម្រោង​មួយចំនួន​ដែល​យើង​ចង់​ពិនិត្យមើល​។ ខ្ញុំ​ជឿជាក់ថា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ណា​ចាំបាច់ ហើយ​គម្រោង​ខ្លះទៀត​គឺ​មិនចាំបាច់​ឡើយ​»​។​
 
​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ថា លោក Djojohadikusumo និង​លោក Prabowo ជា​កូន​របស់​អតីតរដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី​លោក Sumitro Djojohadikusumo ចន្លោះ​ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៧០ ហើយ​លោក​ត្រូវបាន​គេ​ចាត់ទុកជា​ស្ថាបត្យករ​នៃ​សេដ្ឋកិច្ច​សម័យ​ទំនើប​របស់​ឥណ្ឌូណេស៊ី​ផងដែរ​។​
 
​លោក Djojohadikusumo ជា​អ្នកផ្តល់​វិភាគទាន​ចម្បង​ដើម្បី​គាំទ្រ​បងប្រុស​របស់លោក​ដើម្បី​ប្រកួតប្រជែង​យក​កៅអី​ប្រធានាធិបតី​នៃ​រដ្ឋ​ម៉ូ​ស្លី​ម​ធំជាងគេ និង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​ផុត​គេ​នៅ​អាស៊ាន​។ កាលពី​ឆ្នាំ ២០១៤ លោក​ក៏បានផ្តល់​វិភាគទាន​ច្រើន​ដែរ​ដើម្បី​គាំទ្រ​លោក Prabowo ប៉ុន្តែ​កាលនោះ​លោក Prabowo បាន​ចាញ់​ការប្រកួតប្រជែង​ជាមួយប្រធានាធិបតី​បច្ចុប្បន្ន​លោក ចូ​កូ វី​ដូ​ដូ​។ 
 
​ត្រឡប់មកវិញ ប្រធាន​ក្រុម​ឃោសនា​ខាងលើ​បញ្ជាក់ថា ក្នុងពេល​បងប្រុស​លោក​ជាប់ឆ្នោត គម្រោង​ផ្គត់ផ្គង់​ដោយ​ហិរញ្ញវត្ថុ​ចិន​ដែល​ត្រូវ​ត្រួត​ពិនិត្យឡើងវិញ​មុនដំបូង​គេ​នោះ​គឺ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែល​កំពុង​ត្រូវបាន​គេ​សាងសង់​ភ្ជាប់​ពី​រដ្ឋធានី​ហ្សា​ការ​តា​ទៅកាន់​ក្រុង​បាន​ឌុ​ង​ដែលមាន​ចម្ងាយ ១៥០​គីឡូម៉ែត្រ​។ ផ្លូវ​នេះ​ត្រូវ​ចំណាយ​ថវិកា​សរុប​អស់​ប្រមាណ​៤,៥​ពាន់​លាន​ដុល្លារ​ដែលជា​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​របស់​ចិន​។ 
 
​កាលពី​ខែមេសា​កន្លងទៅ ចិន និង​ឥណ្ឌូណេស៊ី​បាន​ចុះ​កិច្ចព្រមព្រៀង​ចំនួន ៥ ដែលមាន​ទំហំ​ទឹកប្រាក់​លើ ២៣ ពាន់​លាន​ដុល្លារ ក្នុងនោះ​មាន​គម្រោង​សាងសង់​វា​រី​អគ្គិសនី​ចំនួន​ពីរ​នៅ​កាលី​ម៉ាន់​តាន់​ខាងជើង  រោងចក្រ​ថាមពល​អគ្គិសនី​មួយកន្លែង និង​រោងចក្រ​រំលាយ​ដែកថែប​មួយកន្លែង​ផង​។ 
 
​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ពាសពេញ​ឥណ្ឌូណេស៊ី​ស្ថិតក្រោម​អាណត្តិ​របស់លោក ចូ​កូ វី​ដូ​ដូ មាន​ទំហំ​សរុប​ប្រហែល ៣៥៥​ពាន់​លាន​ដុល្លារ​។ ក្រុម​អ្នក​រិះគន់​អះអាងថា គម្រោង​ទាំងនេះ​មានតម្លៃ​ខ្ពស់កប់ពពក​ដែល​សហគ្រាស​រដ្ឋ និង​ថវិកាជាតិ​មិនអាច​រ៉ាប់រង​បាន​។  គេ​លើក​ហេតុផល​ថា បច្ចុប្បន្ន​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​កំពុង​ដាំ​ក្បាល​ចុះ​រាប់​ចាប់ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​តំបន់​ឆ្នាំ ១៩៩៨៕
 

Tag:
 ​ឥណ្ឌូណេស៊ី​
  ខ្សែក្រវាត់​មួយ​វិថី​មួយ​
  Prabowo Subianto
© រក្សាសិទ្ធិដោយ thmeythmey.com