សិក្ខាសាលាមួយស្តីពីការពង្រឹងសង្ឃវិន័យ ដែលរៀបចំនៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា នាំឲ្យមានការឆ្លើយឆ្លងគ្នារវាងលោក សុខ ទូច និងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងលិខិតបំភ្លឺដែលមានរហូតដល់៣ទំព័រ ព្រះអង្គ ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក បានលើកឡើងពីមូលហេតុនៃអវត្តមានវាគ្មិនខាងគណៈសង្ឃនៅថ្ងៃសិក្ខាសាលា បន្ថែមពីលើនេះ ថ្នាក់ដឹកនាំសង្ឃ បង្ហាញនូវការមិនពេញប្រទ័យចំពោះការលើកឡើងមួយចំនួនក្នុងសុន្ទរកថារបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
មួយថ្ងៃមុនសិក្ខាសាលា លោកបណ្ឌិត សុខ ទូច បានបង្ហោះរូបភាព និងសេចក្តីមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសព្រះពុទ្ធសាសនា។ នេះជាមូលហេតុដែលព្រះអង្គ ឃឹម សន អះអាងថា នាំឲ្យការសម្រេចព្រះទ័យរបស់មន្ត្រីសង្ឃ មិននិមន្តទៅធ្វើជាវាគ្មិន។
ក្នុងសេចក្តីបំភ្លឺ ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក បានដកស្រង់ខ្លឹមសារមួយចំនួនរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលគណៈសង្ឃវាយតម្លៃថា មិនអាចទទួលយកបាន។ ទាក់ទងនឹងការលើកឡើងថា «មិនបានដឹង និងពុំបានរៀបចំប្រធានបទ» គណៈសង្ឃបានចោទជាសំណួរថា «ក្នុងនាមជាប្រធានស្ថាប័ន ហេតុអ្វីឯកឧត្តមមិនត្រួតពិនិត្យប្រធានបទសិន មុននឹងអនុញ្ញាតឲ្យរៀបចំសិក្ខាសាលានោះ?»។
ជុំវិញការបង្ហោះរូបភាពមួយចំនួនរបស់លោក សុខ ទូច នៅលើបណ្តាញសង្គម គណៈសង្ឃបានបញ្ជាក់ថា វាជារឿងដែលបានដោះស្រាយរួចរាល់ជាស្ថាពរហើយ ចំណែករូបភាពខ្លះទៀត មិនមែនកើតឡើងនៅកម្ពុជានោះឡើយ។
«ការពង្រឹងសង្ឃវិន័យ», «ចេញពីផ្ទះតូច មកនៅវិទ្បាកុដិ», «រៀនហើយចាំបួស កុំបួសហើយមករៀន» «ចង់សិក្សាអំពីប្រជាជន មុននឹងបង្កើតវត្ត»។ ការលើកឡើងទាំងនេះ របស់លោកបណ្ឌិត សុខ ទូច ក៏ត្រូវគណៈសង្ឃនាយក ឆ្លើយតប និងបកស្រាយបំភ្លឺផងដែរ។
ទាក់ទងនឹងគម្រោងសិក្សាស្រាវជ្រាវរៀបចំច្បាប់គ្រប់គ្រងព្រះសង្ឃ គណៈសង្ឃនាយក យល់ឃើញថា នេះមិនមែនជាសមត្ថកិច្ចរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ ប៉ុន្តែគណៈសង្ឃនាយក និងក្រសួងធម្មការ និងសាសនា រង់ចាំកិច្ចសហការជានិច្ចពីលោក សុខ ទូច។
«បើឯកឧត្តមស្នើច្បាប់នេះបានចេញមែន ហើយច្បាប់នោះមានសុក្រឹតភាព និងភាពតឹងរ៉ឹង ដែលព្រះសង្ឃខ្មែរមិនអាចប្រតិបត្តិតាមបាន គណៈសង្ឃសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច នឹងចូលបួសជាបុព្វជិតដោយខ្លួនឯង និងខិតខំប្រព្រឹត្តប្រតិបត្តិតាមសាសនព្រហ្មចរិយធម៌ជាគំរូដល់អ្នកបួសដទៃ»។ នេះជាការគូសបញ្ជាក់របស់សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន។
«វត្តជាមន្ទីរពេទ្យ»។ ការលើកឡើងបែបនេះ ត្រូវគណៈសង្ឃស្នើថា លោក សុខ ទូច គួរតែទៅរកគ្រូពេទ្យដោយផ្ទាល់ មិនត្រូវឲ្យគ្រូពេទ្យតាមរកនោះទេ។
បន្ថែមពីលើនេះ គណៈសង្ឃបានលើកឡើងពីកិច្ចប្រឹងប្រែងផ្សេងៗ ដូចជាការពង្រឹង និងបណ្តុះបណ្តាលធនធានព្រះសង្ឃគ្រប់កម្រិត ការដាស់តឿនឲ្យព្រះសង្ឃប្រតិបត្តិធម៌វិន័យ ការចេញសង្ឃប្រកាសក្នុងអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស និងបទបញ្ញត្តិអមពុទ្ធវិន័យជាហូរហែ រួមទាំងសកម្មភាពសង្គមជាច្រើនទៀត។
«ទាំងអស់នេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ ប៉ុន្តែឯកឧត្តមមើលមិនដែលឃើញសោះឡើយ»។ គណៈសង្ឃនាយកបានប្រតិកម្មយ៉ាងដូច្នេះ ហើយរំពឹងថា នឹងបានជួបពិភាក្សាផ្ទាល់ជាមួយលោក សុខ ទូច ក្នុងពេលវេលាដ៏សមស្របណាមួយ៕