អន្តរជាតិ
មេដឹកនាំ​កា​មេ​រ៉ូ​ន​វ័យ ៨៥​ឆ្នាំ​លោក Paul Biya ឈ្នះឆ្នោត​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី ៧
23, Oct 2018 , 10:19 pm        
រូបភាព
​មេដឹកនាំ​កាន់តំណែង​យូរ​ជាងគេ​មួយ​ប្រចាំ​ទ្វីបអាហ្វ្រិក​លោក Paul Biya ទទួល​ជ័យជម្នះ​ជាថ្មីទៀត​ដោយ​បន្ត​កាន់តំណែង​សម្រាប់​អាណត្តិ​ទី​ប្រាំពីរ​ជា​ប្រធានាធិបតី​កា​មេ​រ៉ូ​ន បន្ទាប់ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​ទី ២២ ខែតុលា​។ គេ​នឹង​ឃើញ​មេដឹកនាំ​វ័យ ៨៥​ឆ្នាំ​រូបនេះ​បន្ត​កាន់តំណែង​រហូតដល់​វ័យ ៩២​ឆ្នាំ និង​អាច​បន្ត​កាន់តំណែង​ទៅមុខ​តាម​ស្ថានភាព​ជាក់ស្តែង​ផង​។​


 
​បន្ទាប់ពី​មានការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ ៧ ខែតុលា ដែល​ពោរពេញ​ដោយ​ភាពមិនប្រក្រតី ការគំរាមកំហែង​និង​ទិញ​សន្លឹកឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញ​ដែលមាន​អំណាច​សម្រេច​ចុងក្រោយ​លើ​លទ្ធផល​បោះឆ្នោត​បានប្រកាស​ថា លោក Paul Biya ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​ជា​អ្នកឈ្នះ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP វា​ជា​ជ័យជម្នះ​សម្រាប់​អាណត្តិ​ទី​ប្រាំពីរ​ហើយ​សម្រាប់​លោក Paul Biya ដែលមាន​វ័យ ៨៥​ឆ្នាំ​រូបនេះ ហើយ​លោក​នឹង​បន្ត​កាន់អំណាច​ក្នុង​រយៈពេល ៧​ឆ្នាំ​ទៀត​រហូតដល់​លោក​ឈានដល់​វ័យ ៩២​ឆ្នាំ​ឯណោះ​។ 
 
​តាមពិតទៅ ចំនួន​អ្នក​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃ ៧ ខែតុលា​ការ​មាន​កម្រិត​ទាប​ខ្លាំង ប៉ុន្តែ​យោងតាម​លទ្ធផល មេដឹកនាំ​កាន់តំណែង​យូរ​ជាងគេ​លេខ​រៀង​ទី​ពីរ​ប្រចាំ​អាហ្វ្រិក Paul Biya នេះ​បានទទួល​សំឡេងគាំទ្រ​ប្រមាណ ៧១,៣ ភាគរយ​។ ចំ​ណែ​គូប្រជែង​នយោបាយ​លោក Paul Biya គឺ​លោក  Maurice Kamto បានទទួល​សំឡេងគាំទ្រ​ត្រឹម ១៤,២​ភាគរយ​ប៉ុណ្ណោះ​។​
 
​ក្រោយ​ការបោះឆ្នោត ខាង​បេក្ខជន​បក្សប្រឆាំង​បានដាក់​ពាក្យ​ប្តឹង និង​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ​ដោយសារ​មាន​បញ្ហា​ប្រឈម​ច្រើន​ជាពិសេស​ហិង្សា​ប្រដាប់អាវុធ និង​ការគំរាមកំហែង​ជាដើម​។ ប៉ុន្តែ​បណ្តឹង​ទាំងអស់​ត្រូវបាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​តែងតាំង​ដោយ​ប្រធានាធិបតី Biya ទាត់ចោល ហើយ​អះអាងថា ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ​។ 
 
​តំបន់​និយាយ​ភាសា​អង់គ្លេស​ចំនួន​ពីរ Yaoundé និង Douala ប្រឈម​នឹង​ការវាយប្រហារ​របស់​ក្រុម​ផ្តាច់ខ្លួន និង​ហិង្សា​ប្រដាប់អាវុធ មាន​ចំនួន​អ្នក​ទៅ​បោះឆ្នោត​តិចជាងគេ​។ បើតាម​របាយការណ៍​ផ្លូវការ​របស់​រដ្ឋាភិបាល​កា​មេ​រ៉ូ​ន អ្នក​ទៅ​បោះឆ្នោត​នៅ​តំបន់​ទាំងពីរ​នោះ​មាន​ចំនួន ១៦​ភាគរយ​ប៉ុណ្ណោះ​។ 
 
​សូមបញ្ជាក់ថា លោក Paul Biya បន្ត​កាន់អំណាច​រយៈពេល​ជាង បួន​ទសវត្សរ៍​មកហើយ​មក​ដល់​បច្ចុប្បន្ន​។ លោក​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​អស់ ៧​ឆ្នាំ (​ពី​ឆ្នា​ម ១៩៧៥​ដល់​ឆ្នាំ ១៩៨២) និង​បន្ត​កាន់តំណែង​ជា​ប្រធានាធិបតី​នៃ​រដ្ឋ​សាហា​រ៉ា​អាហ្វ្រិក​នេះ​រយៈពេល ៣៦​ឆ្នាំ (១៩៨២ ដល់​បច្ចុប្បន្ន​)​។ ក្នុង​ឆ្នាំ ២០០៨ មេដឹកនាំ​រូបនេះ​បាន​បំពេញ​មហិច្ឆតា​របស់ខ្លួន​ដោយ​ចាប់ផ្តើម​កែ​រដ្ឋធម្មនុញ្ញ​លុបចោល​មាត្រា​ដែល​កំណត់​អាណត្តិ​ប្រធានាធិបតី ហើយ​វា​បាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​លោក​ឲ្យ​កាន់អំណាច​បាន​គ្មាន​កាលកំណត់​៕ 
 

Tag:
 កា​មេ​រ៉ូ​ន​
  Paul Biya
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com