ពីនេះ ពីនោះ
សត្វ«ទន្សោង» នៅតែកម្ពុជា, ភូមា, ឡាវ, ម៉ាឡេស៊ី និងថៃ
23, Oct 2018 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ក្នុងចំណោមប្រទេសអាស៊ាន មានតែប្រទេសកម្ពុជា, ភូមា, ឡាវ, ម៉ាឡេស៊ី និងប្រទេសថៃ ដែលមានសត្វទន្សោងរស់នៅ។ សម្រាប់កម្ពុជា មាននៅតំបន់ភាគឦសាន,និរតី និងភាគខាងជើងនៃប្រទេស។ សត្វទន្សោង ទទួលរងនូវ សម្ពាធខ្លាំងពីអ្នកប្រមាញ់ យកស្បែក,សាច់, ស្នែង និងឆ្អឹង ដើម្បីធ្វើពាណិជ្ជកម្ម ហើយវាស្ថិតនៅក្នុងក្រុមប្រភេទសត្វមានដោយកម្រ និងបានចុះក្នុងបញ្ជីក្រហម IUNC ថាជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ។ នេះបើយោងតាមសៀវភៅ ថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨។


 
នៅកម្ពុជា គេឃើញវារស់នៅស្ទើរគ្រប់ទីកន្លែង ក្នុងនោះដូចជាតំបន់ភូមិភាគឦសាន និងនិរតី ហើយភាគខាងជើ ងនៃប្រទេស។ បច្ចុប្បន្នសត្វទន្សោងមានដោយកម្រនៅតំបន់ភាគច្រើន។ «ទន្សោងជាប្រភេទមួយដែលទទួលរងការគំរាមកំហែងយ៉ាងខ្លាំងពីអ្នកបរបាញ់»។ នេះបើតាមសៀវភៅខាងលើ។
 
ចំពោះលក្ខណៈជីវសាស្រ្ត សត្វទន្សោងចូលចិត្តរស់នៅតំបន់ព្រៃល្បោះ, វាលស្មៅ, ព្រៃ និងគម្ពោធជាដើម ហើយចូលចិត្តរកស៊ីនៅតាមមាត់អូរ។ សត្វប្រភេទនេះ វាមិនចូលចិត្តរស់នៅតំបន់ទីជម្រាលទេ ហើយវាចូល ចិត្តរស់នៅជាហ្វូងៗ ឬនៅជាមួយគោព្រៃ, ប្រើស, ខ្ទីងជាដើម។ 

សត្វទន្សោងចេញរកស៊ីនៅពេលព្រលឹម និងពេលព្រលប់ ដូចជាគោព្រៃផងដែរ និងជាធម្មតាទន្សោងមេចាស់ជាងគេ តែងតែអ្នកដឹកនាំហ្វូងរបស់វា។ ការបន្តពូជរបស់ទន្សោងគឺ នៅខែឧសភា-មិថុនា ហើយអាចបង្កើតកូនម្ដងពី១-២ក្បាល បន្ទាប់ពីពពោះរយៈពេល ១០ខែរួចមក និងក្រោយពីកូនបាន ២ខែមេអាចដោយឈ្មោលម្ដងទៀត។ នេះបើតាម សៀវភៅថនិកសត្វកម្ពុជាដដែល។

ភិនភាគរបស់សត្វទន្សោង គឺជើងទាំងបួនខាងក្រោមជង្គង់របស់វា មានពណ៌ស ដូចខ្ទីង និងគោព្រៃផងដែរ ប៉ុន្តែវាមានលក្ខណៈប្លែកមួយចំណុចពីគេគឺ ពណ៌សនៅផ្នែកខាងក្រោយត្រង់កំពែងគូទ។ រីឯ ស្នែងរបស់វាមានរាងមូលជាងស្នែងខ្ទីង ហើយមានពណ៌លឿងស្រគាំនៅផ្នែកពាក់កណ្ដាលច្រមុះក្រោម និងចុងស្នែង ពណ៌ខ្មៅ។ ចំពោះទន្សោងក្មេងមានសម្បុរក្រហមត្នោតស្រាល ហើយវាប្រែប្រួលទៅតាមពណ៌ក្រហមត្នោតប្រផេះ ឬក្រ ហមត្នោតនៅពេលដែលវាមានវ័យចំណាស់ចាស់បន្តិច៕
 

Tag:
 ទន្សោង
  ថនិកសត្វ
  កម្ពុជា
 
© រក្សាសិទ្ធិដោយ thmeythmey.com