អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​តួ​ក​គី​៖ ករណី​ឃាតកម្ម​អ្នកកាសែត​រិះគន់​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវបាន​គេ​គ្រោងទុក​យូរថ្ងៃ​
23, Oct 2018 , 6:18 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រធានាធិបតី​តួ​ក​គី​បានប្រកាសថា ករណី​ឃាតកម្ម​អ្នកសារព័ត៌មាន​រិះគន់​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​មានការ​គ្រោងទុក​យូរថ្ងៃ​មកហើយ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​។ លោក​បានស្នើ​ឲ្យ​មានការ​រៀបចំ​គណៈកម្មកា​រ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ដើម្បី​ស្រាវជ្រាវ​ឲ្យ​ដឹងថា អ្នកណា​ជា​អ្នក​នៅ​ពីក្រោយ​ករណី​ឃាតកម្ម​មាន​ចរិត​នយោបាយ​មួយ​នេះ​។​

​ដូច​ការសន្យា លោក Recep Tayyip Erdogan បាន​ចេញមុខ​ផ្តល់​តម្រុយ​បន្ថែម​ជុំវិញ​ករណី​ឃាតកម្ម​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត Jamal Khashoggi នៅ​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រចាំ​ប្រទេស​តួ​ក​គី​នៅ​ថ្ងៃ​អង្គារ​ទី ២៣ ទី​តុលា​នេះ​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ចំពោះមុខ​សមាជិកសភា​បក្ស​កាន់អំណាច លោក Erdogan បាន​និយាយ​ត្រង់ៗ​ថា គម្រោង​ធ្វើឃាត​អ្នកសារព័ត៌មាន​លោក Khashoggi ត្រូវបាន​គេ​រៀបចំ​ជាច្រើន​ថ្ងៃមុន​ករណីនេះ​កើតឡើង ហើយ​វា​ជា​ករណី​ឃាតកម្ម​បែប​នយោបាយ​ផង​។ 
 
​មេដឹកនាំ​រូបនេះ​លើក​ទឡ្ហីករណ៍​ថា ប្រព័ន្ធ​កាមេរ៉ា​នៅ​ស្ថាន​កុងស៊ុល​នោះ​ត្រូវបាន​គេ​បិទ​មុន​មាន​ករណី​ឃាត​កម្មនេះ​កើតឡើង ដែល​វា​បញ្ជាក់​ច្បាស់​ថា ករណីនេះ​ត្រូវបាន​គេ​រៀបចំ​ទុក​មុន​ប្រាកដ​ណាស់​។ 
 
​បន្ទាប់ពី​អះអាង​បែបនេះ ប្រធានាធិបតី​តួ​ក​គី​ក៏បាន​ស្នើ​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​ស៊ើបអង្កេត​ឯករាជ្យ​ដើម្បី​បំបែកសំណុំរឿង​នេះដែរ​។ បន្ថែម​ពីនេះ លោក​បានទាមទារ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ផ្តល់​ចម្លើយ​ឲ្យ​បាន​ជាក់ច្បាស់​ថា តើ​សាកសព​លោក Khashoggi នៅទីណា ហើយ​អ្នកណា​ជា​អ្នកបញ្ជា​ឲ្យ​មានការ​សម្លាប់​នេះ​ផង​។ 
 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ មជ្ឈដ្ឋាន​សាធារណៈ​ហាក់បីដូចជា ខកចិត្ត​ដោយសារ​មេដឹកនាំ​តួ​ក​គី​ខាងលើ​មិនបាន​បញ្ចេញ​ភស្តុតាង​លម្អិត​ដែល​ខ្លួន​ប្រមូលបាន ហើយក៏​មិន​និយាយ​ពី​រឿង​វីដេអូ ឬ​សំឡេង​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ធ្លាប់​ចុះផ្សាយ​ថា បាន​ធ្លាក់​ដល់ដៃ​អាជ្ញាធរ​តួ​ក​គី​ក្រោយ​មាន​ករណីនេះ​កើតឡើង​ឡើយ​។​
 
​ផ្ទុយទៅវិញ លោក Erdogan គ្រាន់តែ​បាន​ទទួលស្គាល់ថា មនុស្ស ១៨​នាក់​ត្រូវបាន​ចាប់ខ្លួន​ពិតប្រាកដ​មែន​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាត​កម្មនេះ ហើយ​លោក​ក៏បាន​ទាមទារ​ឲ្យ​មានការ​កាត់ទោស​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​ទាំងនោះ​នៅក្នុង​ទឹកដី​តួ​ក​គី​ផងដែរ​។  
​សូមបញ្ជាក់ថា លោក Khashoggi ដែលជា​អ្នកសារព័ត៌មាន​រិះគន់​សែរ​ស្រ​ឡាយ​រាជរ​ង្សា​នុ​វង្ស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បាត់​ខ្លួន​ក្រោយ​ពេលដែល​លោក​ចូលទៅ​កាន់​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ទឹកដី​តួ​ក​គី​ដើម្បី​រៀបចំ​ឯកសារ​អាពាហ៍ពិពាហ៍​ថ្ងៃទី ២​ខែតុលា​។ ដើមឡើយ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ព្យាយាម​លាក់បាំង​ពី​ការស្លាប់​នេះ ប៉ុន្តែ​ក្រោយ​រង​សម្ពាធ​ខ្លាំង​ក៏​សារភាពថា លោក Khashoggi ពិតជា​ស្លាប់​មែន​។ ប៉ុន្តែ​ក្រុង​រី​យ៉ា​ដ បកស្រាយ​ថា អ្នកកាសែត​នេះ​ស្លាប់​ក្នុងការ​វាយតប់​គ្នា​ក្នុង​ស្ថានទូត​មិនមែន​ពាក់ព័ន្ធ​នឹង​រជ្ជទាយាទ Mohammad bin Salman ដូច​គេ​ចោទ​ឡើយ​៕
 
 
 

Tag:
 អា​រ៉ា​ប៊ី​សា​អូឌីត​
  តួ​ក​គី​
  Jamal Khashoggi
© រក្សាសិទ្ធិដោយ thmeythmey.com