ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖ ជំនឿ​ចិត្ត ជា​កត្តាសំខាន់បំផុត ​ដែលទាក់ទាញ​អ្នកវិនិយោគ មកកម្ពុជា
23, Oct 2018 , 6:19 pm        
រូបភាព
សម្តេច ហ៊ុន សែន ធ្វើជាវាគ្មិនក្នុងវេទិកាវិនិយោគពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨
សម្តេច ហ៊ុន សែន ធ្វើជាវាគ្មិនក្នុងវេទិកាវិនិយោគពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨
​ជា​វាគ្មិន​ម្នាក់ ក្នុងចំណោម​វាគ្មិន​៤​រូប​ផ្សេងទៀត ក្នុង​វេទិកា​ស្តីពី​វិនិយោគ​សាកល ដែល​រៀបចំឡើង​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វីស នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​គេឯង​ថា បញ្ហា​ចម្បង​បង្អស់ ដែល​ទាក់ទាញ់​ពួក​អ្នកវិនិយោគ​បរទេស ឲ្យ​មករក​ស៊ី​នៅ​កម្ពុជា គឺ​ជំនឿ​ទុកចិត្ត​។


 
​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសម្របសម្រួល មេដឹកនាំ​កម្ពុជា បាន​ពន្យល់ថា មូលហេតុ ដែល​ធ្វើ​ឲ្យ​ពួកគេ មាន​ភាពកក់ក្តៅ​និង​ការជឿទុកចិត្ត​ក្នុងការ​មក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា គឺ​សុខសន្តិភាព និង ស្ថិរភាព​នយោបាយ​។  នៅ​ចំពោះមុខ​មេដឹកនាំ​មកពី​បណ្តា​ប្រទេស​១៦០ និង អ្នកវិនិយោគ​ជាច្រើន​ទៀត ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សង្កត់ធ្ងន់​បែបនេះ​ថា​៖«​គ្មាន​អ្នកណា គេ​ទៅ​វិនិយោគ​នៅ​ប្រទេស​យើង ក្រោម​គ្រប់​កាំភ្លើង​នោះទេ​»​។ 
 
​ការគោរព​គ្នា​ទៅវិញទៅមក​រវាង​រដ្ឋា​ភិ​បាល និង អ្នកវិនិយោគ ក៏​ជា​កត្តា​សំខាន់ ដែល​អាច​ជំរុញ​អ្នកវិនិយោគ ឲ្យ​មក​កម្ពុជា​ផង​ដេរ​។ នេះ​ជាការ​បន្ថែម​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល មិនត្រូវ​កៀបសង្កត់​អ្នកវិនិយោគ​ទេ​។ តែ​អ្នកវិនិយោគ ក៏ត្រូវ​គោរព​សន្យា​និង​ច្បាប់​ដែរ ដូចជា​ត្រូវ​បង់ពន្ធ​ជាដើម​»​។ 
 
​នៅមាន​ចំណុច​សំខាន់​មួយទៀត ដែល​កម្ពុជា បានធ្វើ​ឲ្យ​អ្នកវិនិយោគ​ពេញចិត្ត​ដែរនោះ គឺ​ការផ្តល់​សេរីភាព​ពេញលេញ​ក្នុងការ​វិនិយោគ​។ មេដឹកនាំ​កម្ពុជា បញ្ជាក់​ចុងក្រោយ​បែបនេះ​ថា​៖«​ប្រទេស​ខ្លះ មិនអាច​វិនិយោគ​បាន​១០០​ភាគរយ​ទេ​។ តែ កម្ពុជា មិនមាន​ការរើសអើង​ទេ គឺ​គេ អាច​វិនិយោគ​១០០​ភាគរយ​»៕ 
 

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com