ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី​៖ សភា​កម្ពុជា មាន​បក្ស​តែមួយ មិនមែនជា​រឿង​ចម្លែក​ទេ​
24, Oct 2018 , 1:32 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨
​ភ្នំពេញ​៖ ក្នុងសម័យ​សង្គមរាស្ត្រនិយម និង សម័យ លន់ នល់ រដ្ឋសភា​កម្ពុជា សុទ្ធតែស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយ​ឯក​បក្ស ហើយ​នៅ​ប្រទេស​ខ្លះ ក៏មាន​រឿង​បែប​នេះដែរ​។ នាយករដ្ឋមន្ត្រី​កម្ពុជា បានលើកឡើង​ដូច្នេះ ដើម្បី​បញ្ជាក់ថា ការ​ដែលគណបក្សរបស់ខ្លួន ឈ្នះឆ្នោត​តែ​ម្នាក់ឯង មិនមែន​ជាព្រឹត្តិការណ៍​ថ្មី​នោះទេ​។​


 
​ការបោះឆ្នោត​អាណត្តិ​ទី​៦ បាន​កន្លងទៅ​ជាច្រើន​ខែ​ហើយ តែ​ប្រធានបទ​នេះ មិនទាន់​ចប់​នៅឡើយ​ទេ​។ អ្វីដែល ធ្វើ​ឲ្យ​គេ ចេះតែ​នាំគ្នា​និយាយ​មិន​ព្រម​ឈប់ គឺ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល ហើយ​គ្មាន​វត្តមាន​នៅក្នុង​ការបោះ​ឆ្នោត ដែល​ផ្តល់ឱកាស​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ជោគជ័យ​ជម្នះ​១០០​ភាគ ហើយ​គ្រប់គ្រង​រដ្ឋសភា​តែម្នាក់ឯង​។

ប្រកាស​នេះហើយ ដែល​កម្ពុជា រង​ការរិះគន់​ពី​មជ្ឈដ្ឋាន​នានា ជាពិសេស​ក្រុម​អ្នកប្រឆាំង និង សហគមន៍ជាតិ​មួយចំនួន ថា​ជា​ប្រទេស ដែល​កំពុង​ដើរ​ខុសពី​គន្លង​ប្រជាធិបតេយ្យ ព្រោះ​មាន​គណបក្ស​តែមួយ​ក្នុង​រដ្ឋសភា​។

បើ​គិតពី​ឆ្នាំ​១៩៩៣​មក វា អាចជា​រឿង​ថ្មី​មែន សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា ដែលមាន​គណបក្ស​តែមួយ​នៅក្នុង​រដ្ឋសភា ខណៈ​រដ្ឋធម្មនុញ្ញ បាន​ចែងថា​កម្ពុជា ប្រកាន់យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ តែបើ​ក្រឡេក​ទៅ​មើល​ប្រវត្តិសាស្ត្រ​នៅមុន​ឆ្នាំ​១៩៩៣​វិញ គេ នឹង​ដឹងថា ​រឿង​បែបនេះ ធ្លាប់​កើតមាន​នៅ​កម្ពុជា​រួចមកហើយ គឺ​មិនមែន​ទើបនឹង​កើតមាន​ជា​លើក​ទី​១​ឡើយ​។   
 
​ក្នុង​ពិ​ធិ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នា​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជា​ប្រធាន​គណបក្សកាន់អំណាច បាន​ទាញយក​ការបោះឆ្នោត​ក្នុងសម័យ​សង្គមរាស្ត្រនិយម នា​អំឡុង​ឆ្នាំ​១៩៥៥ មក​បរិយាយ ដើម្បី​បញ្ជាក់ថា រដ្ឋសភា​កម្ពុជា មិនមែន​ស្ថិតនៅក្រោម​ការ​គ្រប់​គ្រង់​ដោយ​ឯក​បក្ស  តែ​នៅ​ក្នុងសម័យ​បច្ចុប្បន្ន​នោះទេ​។ 
 
​នាយករដ្ឋមន្ត្រី បាន​រម្លឹកថា កាលនោះ មាន​គណបក្ស​៨ ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត តែមាន​តែ​គណបក្ស​របស់​ព្រះបាទ នរោត្តម សីហនុ ប៉ុណ្ណោះ ដែល​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​។ ប្រធាន​គណបក្សកាន់អំណាច បន្តថា មកដល់​សម័យ លន់ នល់ កម្ពុជា បាន​ជួប​រឿងនេះ​ម្តងនេះ ដោយ​មានតែ​គណបក្ស​របស់លោក​សេនាប្រមុខ លន់ នល់ ទេ ដែល​បាន​កាន់កាប់​ស្ថាប័ន​រដ្ឋសភា​។ 
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បកស្រាយ​ថា ការគ្រប់គ្រង​រដ្ឋសភា ដោយ​ឯក​បក្ស ទាំង​នៅក្នុង​អតីតកាល​និង​បច្ចុប្បន្ន ថា​ជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​អំណាច់​និង​ជា​ម្ចាស់ឆ្នោត ដោយ​មិនអាច​ប្រ​កែ​កឬ​រំលោភ​បាន​។ មេដឹកនាំ​កម្ពុជា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការបោះឆ្នោត មាន​គណបក្ស​ច្រើន ហើយ​លទ្ធផល មាន​គណបក្ស​តែមួយ​ក្នុង​រដ្ឋសភា មិនមែនជា​រឿង​ចម្លែក​ទេ​»​។ 
 
​ទំនងជា​ខ្លាច​អ្នក​រិះគន់ មិនទាន់​យល់ និង​មិន​ទាន់ទទួលយក​បាននូវ​អ្វីដែលខ្លួនរៀបរាប់​ខាងលើ ប្រធាន​គណបក្សកាន់អំណាច ក៏​ឆ្លៀត​លើកយក​ការបោះឆ្នោត​នៅតាម​បណ្តា​ប្រទេស​មួយចំនួន មក​បង្ហាញ​បន្ថែម​។ នាយករដ្ឋមន្ត្រី​កម្ពុជា លើកឡើងថា សិង្ហ​បុរី មាន​គណបក្សនយោបាយ​ច្រើន ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត តែមាន​តែគណបក្ស​របស់​លោក លី​ ក្វាន់​យូ ដែលបាន​ជាប់ឆ្នោត ហើយ​នៅ​ម៉ិ​ក​ស៊ិ​ក ក៏​ធ្លាប់មាន​ប្រវត្តិ​បែបនេះ​ដូចគ្នា​ដែរ​។ «​សូម​អ្នកឯង នាំគ្នា​សិក្សា​ទៅ។ នៅលើ​ពិភពលោក​ វា ធ្លាប់មាន​ប្រវត្តិ​អ៊ីចឹង​»​។ 
 
​ប្រធាន​គណបក្សកាន់អំណាច ពន្យល់​ទៀតថា ទោះជា​រដ្ឋសភា មាន​គណបក្ស​តែមួយ​ក្តី តែ​កម្ពុជា មាន​គណបក្ស​ជាច្រើន ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​កន្លងមក និង កំពុង​ធ្វើ​សកម្មភាព ដូច្នេះ កម្ពុជា នៅតែ​ជា​ប្រទេសប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដដែល​។ ជាការពន្យល់​ចុងក្រោយ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកយក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ដែលមាន​តំណាង​ពី​គណបក្ស​នានា ជា​សមាជិក មក​ធ្វើជា​ទឡ្ហីករណ៍​បន្ថែម ដើម្បី​បង្ហាញថា នេះ គឺជា​ពហុបក្ស​៕ 

អត្ថបទទាក់ទង
 

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com