ជាតិ
សង្គមជាតិ
អ្នកជំនាញពីអាមេរិក៖ ព័ត៌មានមិនពិតច្រើន ធ្វើឲ្យយើងយល់ថា ព័ត៌មានពិត ជាព័ត៌មានមិនពិត លោកស្រី Maggie Farley ថ្លែងក្នុងសិក្ខាសាលាស្តីពីការទប់ស្តាត់ព័តមានក្លែងក្លាយ
× ការរីកសាយភាយខ្លាំងនូវសារព័ត៌មានក្លែងក្លាយ នឹងធ្វើឲ្យប៉ះពាល់ដល់ការគិតរបស់ប្រជាពលរដ្ឋ។ ការប៉ះពាល់នោះ គឺ ពេលប្រជាពលរដ្ឋ ឃើញព័ត៌មានក្លែងក្លាយច្រើន ហើយដល់ពេលឃើញព័ត៌មានពិត ក៏ធ្វើឲ្យពួកគេ ចាត់ទុកព័ត៌មានពិតនោះ ថាជាព័ត៌មានមិនពិតទៅវិញ។
លោកស្រី Maggie FARLEY ជាសាស្ត្រាចារ្យផ្នែទំនាក់ទំនងនៃសាកលវិទ្យាល័យមួយរបស់សហរដ្ឋអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា៖«ខួរក្បាលរបស់យើង នៅពេលដែលតែងតែទទួលបានព័ត៌មានមិនពិត ទោះជាថ្ងៃណាមួយទទួលបានព័ត៌មានពិត ក៏នៅតែគិតថាព័ត៌មានមិនពិតដែរ»។ លោកស្រី ថ្លែងដូច្នេះ នៅក្នុងសិក្ខាសាលាមួយស្តីពីការទប់ស្តាត់ព័តមានក្លែងក្លាយ (Fake News) ដែលរៀបចំដោយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ។
អ្នកជំនាញជនជាតិអាមេរិក អ្នកកាសែតបរទេស និងអ្នកកាសែតកម្ពុជាប្រមាណ៤០នាក់ បានជួបជុំគ្នានៅក្នុងសិក្ខាសាលានេះ ដោយមានការឧបត្ថម្ភពីស្ថានទូតអាមេរិកប្រចាំកម្ពុជា។
អ្នកកាសែតកម្ពុជាដែលធ្លាប់បានចូលរួមវេទិកាអន្តរជាតិក្នុងតំបន់ និងអ្នកជំនាញបច្ចេកវិទ្យាព័ត៌មាន បានចូលរួមចែករំលែកពិសោធន៍ និងចំណេះដឹងរបស់ពួកគេជាមួយសិក្ខាកាមជាអ្នកសារព័ត៌មាន។
លើសពីនេះទៀតសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យអាមេរិក លោកស្រី Maggie Farley បានឡើងធ្វើបទឧទ្ទេសនាមមួយស្តីអំពីបច្ច័យអវិជ្ជមានពិតប្រាកដដែលបង្កដោយព័ត៌មានក្លែងបន្លំ ឬព័ត៌មានក្លែងក្លាយនេះ។ បន្ទាប់មក អ្នកសារព័ត៌មានបរទេសជនជាតិអូស្ត្រាលី និងជនជាតិបារាំងពីររូប ក៏ត្រូវពន្យល់លម្អិតអំពីបាតុភូតនៃព័ត៌មានក្លែងបន្លំនេះនៅតាមបណ្តាប្រទេសនៅអឺរ៉ុប និងនៅប្រទេសអភិវឌ្ឍផងដែរ។
វាគ្មិនកិត្តិយសផ្សេងៗរួមមាន លោក ង៉ែត ម៉ូសេ អ្នកជំនាញផ្នែកសុវត្ថិភាពឌីជីថល ដែលនឹងធ្វើបទបង្ហាញស្តីពី «សុវត្ថិភាពអនឡាញសម្រាប់អ្នកសារព័ត៌មាន»។ លោក ម៉ៃ ទិត្យថារ៉ា និពន្ធនាយកកាសែត Khmer Times លោក គុណ ចិន្តា ការីនិពន្ធព័ត៌មាន និងជាផលិតករកម្មវិធីទូរទស្សន៍នៅវិទ្យុសំឡេងប្រជាធិបតេយ្យ VOD និងលោក ផាក់ ស៊ាងលី អនុប្រធានក្រុមអ្នកសារព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ បានចូលរួមពិភាក្សាស្តីពី «តួនាទីរបស់អ្នកកាសែត និងការីនិពន្ធកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ ដើម្បីបង្កើនភាពជឿជាក់ដល់អ្នកអាន»។
ជាមួយគ្នានេះផងដែរ លោក Pierre Gillette អគ្គលេខាធិការក្រុមហ៊ុន Confirel និង PPM និងជាអតីតនិពន្ធនាយកកាសែតបារាំងកាំបូដស័រ នឹងពិភាក្សាវែកញែកពីមូលហេតុផ្សេងៗដែលអ្នកសារព័ត៌មានត្រូវចូលរួម និងខ្វល់ខ្វាយពីលំហូរព័ត៌មានក្លែងបន្លំ ដោយមានការសម្របសម្រួលដោយលោក សៅ ផលនិស្ស័យ និពន្ធនាយករងសារព័ត៌មានថ្មីៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com