អន្តរជាតិ
អតីត​មេទ័ព​អាមេរិក​ព្រមាន​ថា សង្គ្រាម​រវាង​អាមេរិក​និង​ចិន​អាច​ផ្ទុះឡើង​ក្នុង​១៥​ឆ្នាំ​ទៀត​
25, Oct 2018 , 7:19 pm        
រូបភាព
ដោយ:
​អតីត​មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​អឺរ៉ុប នៅ​ថ្ងៃទី​២៤ ខែតុលា បាន​ព្រមាន​ថា ក្រុង​វ៉ាស៊ីនតោន​ទំនងជា​អាចធ្វើ​សង្គ្រាម​ជាមួយ​ចិន ក្នុង​រយៈពេល​១៥​ឆ្នាំ​ទៀត​។ 

 
​លោក Hodges ដែល​សព្វ​ថ្ងៃជា​អ្នកជំនាញ​ផ្នែក​សិក្សា​យុទ្ធសាស្ត្រ​មួយរូប​នៃ​មជ្ឍមណ្ឌល​សម្រាប់​វិភាគ​គោលនយោបាយ​អឺរ៉ុប​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន  បានបញ្ជាក់​ទៀតថា សហរដ្ឋអាមេរិក​ពុំមាន​សមត្ថភាព​ក្នុងការ​ទប់ទល់​នឹង​ការគំរាមកំហែង​របស់​ក្រុង​ប៉េកាំង ទៅលើ​តំបន់​អឹ​រ៉ុ​ប​និង​ប៉ាស៊ីហ្វិក​នោះឡើយ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  អតីត​មេទ័ព​អាមេរិក​រូបនេះ ក៏បាន​ចាត់ទុក​ការតាំង​ចិត្ត​របស់​អាមេរិក​ចំពោះ​អង្គការ​យោធា​ណា​តូ​ថា «​មិន​ងាយ​នឹង​រង្គោះរង្គើ​បាន​»​។ 
 
​ថ្លែង​នៅក្នុង​វេទិកា​សន្តិសុខ វ៉ា​សូវី ក្នុងប្រទេស​ប៊ូ​ឡូញ​នៅ​ថ្ងៃ​ពុធ ឧ​ត្ត​ម​សេនីយ៍ Ben Hodges បាន​លើកឡើងថា​៖ «​ខ្ញុំ​យល់ឃើញថា​ក្នុង​រយៈពេល​១៥​ឆ្នាំ​ខាងមុខ សង្គ្រាម​រវាង​អាមេរិក និង​ចិន​អាច​នឹងមិន​កើតឡើង ប៉ុន្តែ​វា​ក៏មាន​ភវនីយភាព (​ភាព​ដែល​អាច​កើតមានឡើង​) ខ្ពស់​ផងដែរ ដែល​យើង​នឹង​ទៅធ្វើ​សង្គ្រាម​ជាមួយ​ចិន​»​។​
 
​តាមពិតទៅ សមយុទ្ធ​របស់​អង្គការ​ណា​តូ​មួយ​ដែល​គ្រោង​ធ្វើឡើង​នា​បំណាច់​ខែតុលា​នេះ ក្នុងប្រទេស​ន័​រ​វែ​ស គឺមាន​បំណង​បង្ហាញ​សាច់ដុំ និង​ភាពជា​ធ្លុង​មួយ ដើម្បី​ប្រឈមមុខ​នឹង​ការកើនឡើង​ឥទ្ធិពល​របស់​រុស្ស៊ី​ក្នុង​តំបន់​អឺរ៉ុប ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ២៤ តុលា​ដល់ ថ្ងៃទី​៧ វិច្ឆិកា​។ ប្រតិបត្តិការ​យោធា Trident Juncture ទី​១៨​នេះ នឹងមាន​កងទ័ព​ប្រមាណ ៤៥០០០ ទៅ​៥០០០០​នាក់​ចូលរួម​។ សម្រាប់​ព្រឹត្តិការណ៍​យោធា​ដ៏​ធំ​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រតិបត្តិការ​យោធា​ធំ​បំផុត​មួយ​របស់​អង្គការ​ណា​តូ គិត​ចាប់តាំងពី​សម័យ​សង្គ្រាម​ត្រជាក់​មក​។​
 
​ទាក់ទិន​នឹង​សមយុទ្ធ​ដ៏​ធំ​របស់​អង្គការ​ណា​តូ លោក Hodges បាន​អះអាងថា នេះ​ជា​ផលប្រយោជន៍​របស់​អាមេរិក ហើយ​រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ ច្បាស់​ជា​ដឹងថា ខ្លួន​ត្រូវការ​សសរ​ស្ត​ម​អឺរ៉ុប​ដ៏​រ៉ឹង​មាំ​បំផុត​មួយ​។ ថ្វីបើ​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ពុំបាន​ចំណាយលុយ​លើ​វិស័យ​ការពារជាតិ ស្ថិរភាព និង​សន្តិសុខ​ក្តី ក៏​អឺរ៉ុប​នៅតែ​ជា​ផលប្រយោជន៍ ដែល​មិនអាច​ខ្វះ​បាន​របស់​សហរដ្ឋអាមេរិក​ដដែល​។ 
 
« ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស ប្រាកដជា​ដឹង​ច្បាស់​អំពី​បញ្ហា​នេះ​។ នា​ថ្ងៃ​ខាងមុខ​យើង​នឹង​មើលឃើញ​ក្រុង​វ៉ាស៊ីនតោន​នៅតែ​បន្តធ្វើ​វិនិយោគ​ក្នុង​តំបន់​អឹ​រ៉ុ​ប​, បន្ត​ហ្វឹកហាត់​ការ​ចល័ត​កងទ័ព និង​បញ្ជា​ឲ្យ​មាន​វត្តមាន​កងទ័ព​អចិន្ត្រៃយ​ន៍​ក្នុង​តំបន់​នេះ​ជាដើម​។ ហើយ​ចុងក្រោយ​ក្នុង​រយៈពេល​១០ ឬ​១៥​ឆ្នាំ​ទៀត យើង​អាច​នឹងមាន​សង្គ្រាម​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ថែមទៀត​ផង​»​។ នេះ​ជាការ​បកស្រាយ​របស់លោក Hodges ។​
 
​គួរបញ្ជាក់​ផងដែរ​ថា កងទ័ព​អាមេរិក កាលពី​ឆ្នាំ​២០១៧ បាន​បង្កើត​បញ្ជាការដ្ឋាន​ប្រចាំ​តំបន់​អឺរ៉ុប​ថ្មី​មួយ​របស់ខ្លួន​ក្នុងប្រទេស​ប៊ូ​ឡូញ​។ គោលបំណង​នៃ​ការបង្កើត​ទីបញ្ជាការ​ថ្មី​នេះ គឺ​ដើម្បី​បញ្ជា​កងទ័ព​អាមេរិក​ជាង​៦​ពាន់​នាក់ ដែល​បានដាក់​ពង្រាយ​ក្នុង​អង្គការ​ណា​តូ និង​ប្រតិបត្តិការ​នានា​របស់​ម​ន្ទីរ​បញ្ជ​កោណ​អាមេរិក​នៅក្នុង​តំបន់​ជួរមុខ​របស់​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់ខ្លួន​។ គេ​មើលឃើញថា សកម្មភាព​ថ្មី​នេះ​គឺជា​ការដាក់​ពង្រាយ​ធំ​បំផុត​របស់​កងទ័ព​អាមេរិក​ក្នុង​តំបន់​អឺរ៉ុប គិត​ចាប់ពី​សម័យ​សង្គ្រាមត្រជាក់​មក​៕
 

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  អង្គការ​ណា​តូ​
© រក្សាសិទ្ធិដោយ thmeythmey.com