ជាតិ
សង្គមជាតិ
ការី​និពន្ធ​នៃ​VOD ៖ ចុះផ្សាយ​លឿន​ពេក ដោយ​ខ្វះ​ការពិនិត្យ អាច​បង្កើតជា​ព័ត៌មាន​មិន​ពិត​
25, Oct 2018 , 3:56 pm        
រូបភាព
លោក គុណ ចិន្តា ការីនិពន្ធព័ត៌មាន និងជាផលិតករកម្មវិធីទូរទស្សន៍  នៃវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD)។(កំពុងកាន់ក្បាលមេក្រូ)
លោក គុណ ចិន្តា ការីនិពន្ធព័ត៌មាន និងជាផលិតករកម្មវិធីទូរទស្សន៍ នៃវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD)។(កំពុងកាន់ក្បាលមេក្រូ)
ដោយ:
​លោក គុណ ចិន្តា ការី​និពន្ធ​ព័ត៌មាន និង​ជា​ផលិតករ​កម្មវិធី​ទូរទស្សន៍  នៃ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) បានលើកឡើង​ពី​បញ្ហា​បីយ៉ាង ដែល​បណ្តាល​ឲ្យ​មាន​ព័ត៌មាន​ក្លែងក្លាយ​ច្រើន នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត (Online)​។


 
​បញ្ហា​ទាំងបី​នោះ រួមមាន ទីមួយ អ្នក​ផ្សាយ​ព័ត៌មាន​មិន​ពិត មាន​ភាពងាយស្រួល​ក្នុងការ​ផ្សព្វផ្សាយ ទី​ពីរ អ្នកកាសែត ចុះផ្សាយ​ព័ត៌មាន ដោយ​មិនបាន​ត្រួតពិនិត្យ​ឲ្យ​បានច្បាស់លាស់ ព្រោះ​ចង់​ឲ្យ​ព័ត៌មាន​របស់ខ្លួន បានចេញ​ផ្សាយ​មុនគេ និង​មាន​អ្នកអាន​ច្រើន (Scoop) និង​ទី​បី អ្នកកាសែត លួច​ព័ត៌មាន​របស់​ស្ថាប័ន​ដទៃ ដោយ​គ្រាន់តែដូរ​ចំណងជើង​ឬ​ខ្លឹមសារ​តិចតួច​។ 
 
​លោក គុណ ចិន្តា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ព័ត៌មាន​ក្លែងក្លាយ អាច​បំផ្លាញ​ដល់​សង្គម និង​ប្រជាធិបតេយ្យ​»​។ ការ​ថ្លែង​របស់​ការី​និពន្ធ​ន​របស់ VOD គឺធ្វើឡើង​ក្នុងនាម​ជា​វាគ្មិន​មួយរូប ក្នុងចំណោម​វាគ្មិន​ដទៃទៀត នៅក្នុង​សិក្ខាសាលា​ស្តីពី​ការ​ទប់​ស្តា​ត់​ព័ត៌មាន​ក្លែងក្លាយ (Fake News) ដែល​រៀបចំ​ដោយសារ​ព័ត៌មាន​ថ្មីៗ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២0១៨​នេះ​។ 
 
​អ្នកជំនាញ​ជនជាតិ​អាមេរិក អ្នកកាសែត​បរទេស និង​អ្នកកាសែត​កម្ពុជា​ប្រមាណ​៤០​នាក់ បាន​ជួបជុំគ្នា​នៅក្នុង​សិក្ខាសាលា​នេះ ដោយមាន​ការឧបត្ថម្ភ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។ អ្នកកាសែត​កម្ពុជា ដែល​ធ្លាប់បាន​ចូលរួម​វេទិកា​អន្តរជាតិ​ក្នុង​តំបន់ និង​អ្នកជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន បាន​ចូលរួម​ចែករំលែក​ពិសោធន៍ និង​ចំណេះដឹង​របស់​ពួកគេ​ជាមួយ​សិក្ខាកាម​ជា​អ្នកសារព័ត៌មាន​។ 
 
​លើសពីនេះ​ទៀត សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ​អាមេរិក លោកស្រី Maggie Farley បាន​ឡើង​ធ្វើ​បទឧទ្ទេសនាម​មួយ​ស្តីអំពី​បច្ច័យ​អវិជ្ជមាន​ពិតប្រាកដ​ដែល​បង្កដោយ​ព័ត៌មាន​ក្លែងបន្លំ ឬ​ព័ត៌មាន​ក្លែងក្លាយ​នេះ​។ ចំណែក អ្នកសារព័ត៌មាន​បរ​ទេស​ជនជាតិ​អូស្ត្រាលី និង​ជនជាតិ​បារាំង​ពីររូប ក៏បាន​ចូលរួម​ពន្យល់​លម្អិត​អំពី​បាតុភូត​នៃ​ព័ត៌មាន​ក្លែងបន្លំ​នេះ​នៅតាម​បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​នៅ​ប្រទេស​អភិវឌ្ឍ​ផងដែរ​។​
 
​វាគ្មិន​កិត្តិយស​ផ្សេងៗ រួមមាន លោក ង៉ែត ម៉ូ​សេ អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​ឌីជីថល ដែល​ត្រូវធ្វើ​បទ​បង្ហាញ​ស្តីពី «​សុវត្ថិភាព​អន​ឡាញ​សម្រាប់​អ្នកសារព័ត៌មាន​»​។ រីឯ លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា និពន្ធ​នាយក​កាសែត Khmer Times លោក គុណ ចិន្តា ការី​និពន្ធ​ព័ត៌មាន និង​ជា​ផលិតករ​កម្មវិធី​ទូរទស្សន៍​នៅ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD និង លោក ផាក់ ស៊ា​ង​លី អនុប្រធាន​ក្រុម​អ្នកសារព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ធ្វើជា​វាគ្មិន​ក្នុង​កិច្ចពិភាក្សា​ស្តីពី «​តួនាទី​របស់​អ្នកកាសែត និង​ការី​និពន្ធ​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ ដើម្បី​បង្កើន​ភាពជឿជាក់​ដល់​អ្ន​ក​អាន​» នៅក្នុង​សិក្ខាសាលា​ខាងលើ​។​
 
​ជាមួយគ្នានេះ​ផងដែរ លោក Pierre Gillette អគ្គលេខាធិការ​ក្រុមហ៊ុន Confirel និង PPM និង​ជា​អតីត​និពន្ធ​នាយក​កាសែត​បារាំង​កាំបូ​ដ​ស័​រ នឹង​ពិភាក្សា​វែកញែក​ពី​មូលហេតុ​ផ្សេងៗ​ដែល​អ្នកសារព័ត៌មាន​ត្រូវ​ចូលរួម និង​ខ្វល់ខ្វាយ​ពី​លំហូរ​ព័ត៌មាន​ក្លែងបន្លំ​៕ 
 

Tag:
 Fake News
© រក្សាសិទ្ធិដោយ thmeythmey.com