អន្តរជាតិ
ក្រុមហ៊ុន Apple ជ្រើសរើស​ថៃ​សម្រាប់​ទីតាំង​អាជីវកម្ម​ទី​ពីរ​របស់ខ្លួន​ប្រចាំ​តំបន់​អាស៊ាន​
26, Oct 2018 , 7:39 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន អេប​ផល (Apple) កំពុង​បន្ត​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែលជា​ទីផ្សារ​មាន​សន្ទុះ​ខ្លាំងក្លា ជាមួយ​ប្រជាជន​ដល់​ទៅ​ជាង​៦៤០​លាន​នាក់​។ គេ​មើលឃើញ​បែបនេះ​គឺ បន្ទាប់​ក្រុមហ៊ុន​ដែល​ទទួលបាន​ចំណូល​ជាង​២២៩​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៧​នេះ បានជ្រើសរើស​ប្រទេស​ថៃ​សម្រាប់​ទីតាំង​អាជីវកម្ម​ទី​ពីរ​របស់ខ្លួន​ក្នុង​តំបន់​។

 
 
​ក្រុមហ៊ុន អេប​ផល កាលពី​ថ្ងៃទី​២៤ ខែតុលា បាន​បង្ហាញថា ខ្លួន​នឹង​បើក​ដំណើរការ​ហាង​អេប​ផល​ទី​ពីរ​ប្រចាំ​តំបន់​អាស៊ាន នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា​ខាងមុខ​។ បើតាម​សារ​បង្ហោះ​នៅលើ​វេ​ប​សាយ​ផ្លូវការ​របស់​ក្រុមហ៊ុន​អេប​ផល ហាង​អាជីវកម្ម​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ នឹងមាន​ទីតាំង​នៅក្នុង​ផ្សារ​ទំនើប​ធំ​បំផុត​ប្រចាំ​ទីក្រុង​បាងកក​ឈ្មោះថា Iconsiam  ដែល​កំពុងស្ថិត​ក្រោម​កា​រ​សាងសង់ និង​គ្រោង​បើក​ដំណើរការ​នា​ខែក្រោយ​នេះ​។  
 
​តាមពិតទៅ នៅពេល​ទីតាំង​អាជីវកម្ម​របស់​អេប​ផល​ថ្មី​នេះ​បើក​ជា​ផ្លូវការ​នោះ ហាង​ថ្មី​នេះ​នឹង​ក្លាយជា​ហាង​អាជីវកម្ម​ផ្លូវការ​ទី​ពីរ​របស់​ក្រុមហ៊ុន​អេប​ផល ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ហាង​ទីមួយ​បាន​បើក​ដំណើរ​កាលពី​ឆ្នាំ​២០១៧​ក្នុងប្រទេស​សិង្ហ​បុរី​។  
 
​វត្តមាន​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន​អេប​ផល​ក្នុង​តំបន់​អាស៊ី គឺមាន​កម្រិត​នៅឡើយ​ទៅលើ​ទីផ្សារ​ធំៗ​មួយចំនួន រួមមាន​ដូចជា ចិន ហុងកុង និង​ជប៉ុន​ជាដើម​។ ប៉ុន្តែ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រុមហ៊ុន​អេប​ផល​បានសម្រេច​បើក​ដំណើរ​ហាង​អាជីវកម្ម​ផ្លូវការ​របស់ខ្លួន​ក្នុងប្រទេស​ចំនួន​បី ក្នុងនោះ​រួមមាន កូរ៉េខាងត្បូង កោះ​តៃវ៉ាន់ និង​សិង្ហ​បុរី​។

យោងតាម​វេ​ប​សាយ​បច្ចេកវិទ្យា​ដ៏​ធំ TechCrunch  បន្ទាប់ពី​ប្រទេស​ថៃ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អេប​ផល កំពុង​ពិចារណា​លើ​ប្រទេស​ចំនួន​ពីរ​ទៀត សម្រាប់​ទីតាំង​អាជីវកម្ម​របស់ខ្លួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ប្រទេស​ទាំងនោះ​គឺ ឥណ្ឌូណេស៊ី និង​វៀតណាម​។ 
 
​បច្ចុប្បន្ននេះ ប្រទេស​ស្ទើរតែ​ទាំងអស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​ទិញ​អាជ្ញា​បណ្ណ​ហាង​អាជីវកម្ម​អេប​ផល​ពី​ភាគី​ទី​បី​, បើក​ដំណើរការ​ហាង​អាជីវកម្ម​មិន​ផ្លូវការ​, ប្រើប្រាស់​សេវក​ម្ម​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក Lazada (​ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន​អេ​លី​បា​បា​) និង​ជា​ហាង​អន​ឡាញ​របស់​ក្រុមហ៊ុន​អេប​ផល​ផ្ទាល់​តែម្តង​។ ក្រៅពី​តំបន់​អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន​អេប​ផល​បាន​ព្យាយាម​នាំយក​ហាង​អាជីវកម្ម​របស់ខ្លួន​ទៅកាន់​ប្រទេស​ឥណ្ឌា ប៉ុន្តែ​បទ​បញ្ញា​តិ្ត​ស្តីពី​ការបើក​ដំណើរការ​ហាង​អាជីវកម្ម​របស់​ក្រុង​ដេលី​បាន​រារាំង​គម្រោង​របស់​អេប​ផល​៕ 
 

Tag:
 ​ថៃ​
  ក្រុមហ៊ុន​អេប​ផល​
  បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com