អន្តរជាតិ
មហា​ធៀ សន្យា​ជួយ​រដ្ឋាភិបាល​ថៃ​ដោះស្រាយ​ជម្លោះ​ហិង្សា​នៅ​ខេត្ត​ភាគខាងត្បូង​
26, Oct 2018 , 9:19 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទើប​បញ្ចប់​ទស្សនកិច្ច​ផ្លូវការ​រយៈ​ពីរ​ថ្ងៃ​នៅ​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃ​ពុធ​ទី ២៤​ខែតុលា​។ ទស្សនកិច្ច​របស់​មេដឹកនាំ​ម៉ាឡេស៊ី​នៅ​ថៃ​ពេលនេះ​បាន​ជួយ​ប្រស់​ក្តីសង្ឃឹម​ក្នុងការ​ស្វែងរក​សន្តិភាព​នៅ​តំបន់​ភាគខាងត្បូង​ដែល​ញ៉ាំ​ញ៉ី​ដោយ​ហិង្សា​ប្រដាប់អាវុធ​អស់​រាប់​ឆ្នាំ​មកនេះ​។


​ថ្ងៃ ២៥ ខែតុលា ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់ បាន​សន្យា​ជួយ​គាំទ្រ​រដ្ឋាភិបាល​ថៃ​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ក្នុងការ​ចាប់ផ្តើម​ឡើង​វិញ​នូវ​ការស្វែងរក​សន្តិភាព​នៅ​តំបន់​ភាគខាងត្បូង​ដែលមាន​ចលនា​ទាមទារ​ផ្តាច់ខ្លួន​នោះ​។​
 
​នៅក្នុងពេល​ផ្ត​ល់ប​ឋ​កថា​សាធារណៈ​នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន លោក មហា​ធៀ បាន​និយាយ​ដូច្នេះ​៖«​ថៃ​មាន​បញ្ហា​នៅ​ភាគខាងត្បូង​ប្រទេស​។ យើង​មាន​អារម្មណ៍​ថា វា​ជា​កាតព្វកិច្ច​របស់​យើង​ក្នុង​ការជួយ​ថៃ​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​ភាគខាងត្បូង​។ ប្រទេស​នេះ​មាន​ជម្លោះ វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី​។ នៅ​ម៉ាឡេស៊ី​យើង​ជឿជាក់​លើ​ការចរចា​គ្នា​មិនមែន​សង្គ្រាម​»​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama ប​ឋ​កថា​សាធារណៈ​នេះ​ធ្វើឡើង​ក្រោយ​លោក មហា​ធៀ ចំណាយ​ពេលវេលា​ពិភាក្សាគ្នា​ជាមួយ​សម​ភាគី​ថៃ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ពី​ទំនាក់ទំនង​ទ្វេភាគី​ផង និង​បញ្ហា​នៃ​ចលនា​ផ្តាច់ខ្លួន​របស់​ប្រជាជន​ឥស្លាម​នៅ​ខេត្ត​ភាគខាងត្បូង​ប្រទេស​ថៃ​ផង​។ 
 
​ក្រោយ​ជំនួប​នេះ លោក ប្រា​យុទ្ធ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ថៃ​និង​ម៉ាឡេស៊ី​ឯកភាព​លើ​ការ​សហការគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​នេះ​។ បើតាម​លោក ប្រា​យុទ្ធ លោក​មហា​ធៀ បាន​សន្យា​ជួយ​តាម​លទ្ធភាព​ដែល​ខ្លួន​អាចធ្វើ​បាន ហើយក៏​ទទួលស្គាល់ថា ថៃ​អាច​ដោះស្រាយ​បញ្ហា​ភាគខាងត្បូង​បាន​ងាយ​ជាង​មុន បើ​ម៉ាឡេស៊ី​ជួយ​គាំទ្រ ថ្វីបើ​បញ្ហា​នេះ​ជា​រឿង​ផ្ទៃក្នុង​របស់​ថៃ​ក៏ដោយ​។​
 
​បើតាម​ការឯកភាព​គ្នា​នេះ ម៉ាឡេស៊ី​នឹង​ជួយ​ធ្វើជា​សន្ធាន​ការី​ដើម្បី​សម្របសម្រួល​កិច្ចពិភាក្សា​ស្វែងរក​សន្តិភាព​រវាងរ​ដ្ឋា​ភិ​បាល​ថៃ និង​ក្រុម​ប្រដាប់អាវុធ​ភាគខាងត្បូង​ដែល​តែង​ឆ្លងដែន​ទៅវិញទៅមក​ពី​ម៉ាឡេស៊ី​ទៅកាន់​ប្រទេស​ថៃ​នោះ​។​
 
​ជម្លោះ​នៅ​ខេត្ត​ភាគខាងត្បូង​ប្រទេស​ថៃ​ដែល​សម្បូរ​ដោយ​ប្រជាជន​ភាគច្រើន​កាន់សាសនា​ឥស្លាម​នោះបាន​កើតឡើង​ចាប់ពី​ឆ្នាំ ២០០៤ ហើយ​វា​មាន​ទាំង​ការវាយប្រហារ និង​អំពើហិង្សា​ប្រដាប់អាវុធ​ផង​។​មកដល់​បច្ចុប្បន្ន​មនុស្ស​យ៉ាងហោចណាស់​៦៨០០​នាក់​បាន​ស្លាប់​ក្នុងនោះ​មាន​ជន​ស៊ីវិល​ច្រើន​នាក់​ដែរ​៕
 

Tag:
 មហា​ធៀ មហាម៉ាត់​
  ថៃ​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com