ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​គ្រោង​ខ្ចីប្រាក់​ក្រៅប្រទេស​ជិត ២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩
26, Oct 2018 , 6:06 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​គ្រោង​ខ្ចីប្រាក់ ១៤០០​លាន​SDR ឬ​ប្រមាណ ១៩០០​លាន​ដុល្លារ​អាមេរិក ដើម្បី​បំពេញតម្រូវការ​ថវិកា​សម្រាប់​អភិវឌ្ឍន៍​គម្រោង​សាធារណៈ​នានា​។ នេះ​ជា​ទំហំ​កំណត់​អតិបរមា ដែល​រដ្ឋាភិបាល​មិនអាច​ខ្ចី​លើសពីនេះ​។ នេះ​បើតាម​សេចក្ដីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០១៩។


​រដ្ឋាភិបាល​លើកឡើងថា ហេតុតែ​កម្រិត​ប្រាក់កម្ចី ១៤០០​លាន​SDR ព្រោះ​សំអាង​ទៅលើ​កត្តា​មួយចំនួន ដែល​រួមមាន​៖ តម្រូវការ​អភិវឌ្ឍ​កើនឡើង​, ខ្ចី​សម្រាប់​គម្រោង​ក្នុង​វិស័យ​អាទិភាព​, ប្រាក់កម្ចី​ទាំងនោះ​មាន​កម្រិត​សម្បទាន​ខ្ពស់ និង​ស្ថានភាព​បំណុល​របស់​កម្ពុជា​បច្ចុប្បន្ន និង​រយៈពេល​មធ្យម​នៅតែមាន​ចីរភាព និង​ហានិភ័យ​កម្រិត​ទាប​។​
 
​ក្របខណ្ឌ​កម្ចី​ជិត ២​ពាន់​លាន​ដុល្លារ​អាមេរិក​នេះ នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ចុះហត្ថលេខា​ខ្ចីប្រាក់​ពី​គេ​លើ​គម្រោង​ថ្មី​ចំនួន ២៥​គម្រោង​។​
 
​កម្ចី​សម្រាប់​ឆ្នាំ​២០១៩ ខាងមុខនេះ នឹង​ចូលទៅ​បំពេញ​ស្តុក​បំណុល​របស់​កម្ពុ​ជាប​ន្ថែ​ម​ទៀ​។ បច្ចុប្បន្ន គិត​ត្រឹម​ខែកញ្ញា​ឆ្នាំ​២០១៨ កម្ពុជា​ជំពាក់​គេ ៦,៨ ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ចិន​ជា​ម្ចាស់បំណុល​ធំជាងគេ​របស់​កម្ពុជា ដែល​កាន់​ចំណែក​ដល់​ទៅ ៤៨​ភាគរយ​នៃ​បំណុល​សរុប បន្ទាប់ពីនោះ​គឺ​បំណុល​ពហុភាគី​ដែលមាន​ចំណែក ២៩​ភាគរយ​។​
 
​ចំពោះ​ច្បាប់​ថវិកា​ឆ្នាំ​២០១៨ ពិ​ដាន​កម្ចី​មាន​ចំនួន ១០០០​លាន​SDR ឬ ១៤០០​លាន​ដុល្លារ​អាមេរិក​។ 
 
​គួរបញ្ជាក់ ឆ្នាំ​២០១៩​ខាងមុខនេះ រដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិការដ្ឋ​ប្រមាណ ៦,៧​ពាន់​លាន​ដុល្លារ និង​គ្រោង​រក​ចំណូល​ថវិកា​ក្នុងប្រទេស​ចំនួន ៥,២​ពាន់​លាន​ដុល្លារ បើសិនណា​រដ្ឋសភា​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ថវិកា​នោះ​៕
 

Tag:
 បំណុល​
© រក្សាសិទ្ធិដោយ thmeythmey.com