កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន ព្រមាន​ក្រុម​ខិលខូច​យកឈ្មោះ​ពាក់កណ្តាល​ម៉ារ៉ាតុន ប្រើ​ខុស​គោលការណ៍​
27, Oct 2018 , 1:09 pm        
រូបភាព
លោក វ៉ាត់ ចំរើន ចូលរួមក្នុងសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ
លោក វ៉ាត់ ចំរើន ចូលរួមក្នុងសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ
ដោយ:
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ព្រមាន​ចាត់វិធានការ​ក្រុម​ខិលខូច ដែល​យកឈ្មោះ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ទៅប្រើ​ខុស​គោលការណ៍​។ ជាមួយនេះ លោក ស្នើ​ក្រុម​ខិលខូច​ទាំងនោះ ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​ជាបន្ទាន់​ផងដែរ​។ ការព្រមាន​និង​ស្នើ​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​២៦ ខែតុលា​។

   
 
​អគ្គលេខា​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អង្គការ NGO និង​ក្រុម​ខិលខូច ដែល​យកឈ្មោះ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​អន្តរជាតិ ទៅប្រើ​ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដែល​នាំ​ឲ្យ​ប៉ះពាល់​ព្រឹត្តិការណ៍ និង​មុខមាត់​ប្រទេសជាតិ​។ ការព្រមាន​ធ្ងន់ៗ​នេះ បន្ទាប់ពី​មាន​ក្រុម​ខិលខូច​មួយចំនួន​យកឈ្មោះ​ព្រឹត្តិការណ៍​ខាងលើ​ប្រើ​ដោយ​គ្មាន​សុំច្បាប់​អនុញ្ញាត និង​រៀប​ចំរក​អត្ថប្រយោជន៍​ផ្ទាល់ខ្លួន​នាពេល​កន្លងមក​។



មាន​ក្រុម​ត្រីងៀត​ឆ្លៀត​ពង​មួយចំនួន បាន​យកឈ្មោះ​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ ទៅប្រើ​ដោយ​មិន​សុំច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​គណៈកម្មការ​រៀបចំ ហើយ​រៀប​ចំរក​ផលប្រយោជន៍​ខ្លួនឯង​។ ក្រុមខ្លះ​បាន​ចុះឈ្មោះ​អ្នក​មកពី​ក្រៅប្រទេស ដោយ​យក​តម្លៃលើស​គណៈកម្មកា​រ​រៀបចំ​បានកំណត់ និង​ក្រុម​ខ្លះទៀត​យកឈ្មោះ​ព្រឹត្តិការណ៍​ទៅ​រៀបចំ​កម្មវិធី​សប្បុរសធម៌​ខ្លួនឯង ហើយ​រក​ផលប្រយោជន៍​សម្រាប់​ខ្លួនឯង​»​។ ការលើកឡើង​បែបនេះ​របស់លោក វ៉ា​ត់ ចំរើន នា​សន្និសីទ​សារព័ត៌មាន​ស្តីពី​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ NOCC​។


​ ​
រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ​អះអាងថា ក្រុម​ខិលខូច​និង​អង្គការ NGO ទាំងនោះ គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​បានដឹង​ពី​អត្តសញ្ញាណ​អស់ហើយ ហើយ​លោក​នឹង​កោះហៅ​មកជួប​ប្រជុំ និង​ធ្វើ​កិច្ចសន្យា ក្រោយ​ចប់​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នៅ​ខេត្តសៀមរាប នា​ដើមខែ​ធ្នូ ខាងមុខនេះ​។ ជាមួយគ្នានេះ លោក ស្នើ​ឲ្យ​ក្រុម​ជនខិលខូច​ទាំងនោះ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន បើ​មិន​ចង់​ប្រឈម​នឹង​មុខ​ច្បាប់​។


​​
ពាក់ព័ន្ធ​នឹង​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ គឺធ្វើឡើង​ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​ដល់​ជនពិការ​ដោយសារ​គ្រាប់មីន មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គការ​សប្បុរសធម៌​នានា​នៅ​កម្ពុជា​។ លើសពីនេះ ដើម្បី​ការពារ​បរិស្ថាន​នៅ​បរិវេណ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​នានា​នៅ​ខេត្តសៀមរាប​។ ព្រឹត្តិការណ៍​នេះ ក៏បាន​រួមចំណែក​ជួយ​រក​ចំណូល​ជូន​រដ្ឋ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ផងដែរ​។


​​
​គិត​ត្រឹម​ថ្ងៃទី​២៦ តុលា មាន​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ជាង​៧​ពាន់​នាក់​មកពី​៧៥​ប្រទេស​បាន​ចុះឈ្មោះ​ចូលរួម​រត់​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ ដែល​រៀបចំ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​ក្នុង​ខេត្តសៀមរាប នា​ថ្ងៃទី​២ ខែធ្នូ ខាងមុខ​។ ក្នុងចំណោម​អត្ត​ព​លិ​ក​បរទេស​ភាគច្រើន​មកពី​អង់គ្លេស សហរដ្ឋអាមេរិក និង​បារាំង ដោយសារ​រដូវ​នោះ​ជា​រដូវ​វិស្សមកាល​។


​​ ​
គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​នេះ រំពឹងថា ឆ្នាំនេះ​នឹង​អាច​ទាក់ទាញ​អត្ត​ព​លិ​កជាង​១​ម៉ឺន​នាក់​ឲ្យ​ចូលរួម ខណៈ​ឆ្នាំមុន​បាន​ទាក់ទាញ​អត្ត​ព​លិ​ក​ចំនួន​១០,៥០០​នាក់​។ លោក វ៉ា​ត់ ចំរើន សង្ឃឹមថា ក្នុង​រយៈពេល​ពីរ​ទៅ​បី​ឆ្នាំ​ខាងមុខ ព្រឹត្តិការណ៍​នេះ​នឹង​អាច​ទាក់ទាញ​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ពី​២​ទៅ​៣​ម៉ឺន​នាក់​ឲ្យ​ចូលរួម​៕


​​

Tag:
 ​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​
  វ៉ា​ត់ ចំរើន​
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com