ពីនេះ ពីនោះ
ត្រី​ពោ​ព្រុយ​ធំៗ ចូលចិត្ត​ស៊ី​សាកសព​សត្វ​បក្សាបក្សី និង​សាច់​ឆ្កែ​ដែល​គេ​ដាក់​ធ្វើ​នុយ​
27, Oct 2018 , 6:59 pm        
រូបភាព
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​ឥត​ស្រកា​មួយ​ប្រភេទ ដែលមាន​រស់នៅក្នុង​ទន្លេធំៗ និង​ដៃទន្លេ ដែលមាន​ព្រៃ​លិច​ទឹក​ព័ទ្ធជុំវិញ ដូចជា​អាង​ទន្លេ​ចៅ​ប្រា​យ៉ា អាង​ទន្លេមេគង្គ ក្នុង​ទន្លេសាប បឹង​ទន្លេសាប ដោយ​វា​ប្រើប្រាស់​អាងទឹក​ជ្រៅ​សម្រាប់​ជ្រកកោន​ក្នុង​រដូវប្រាំង​។​


 
​ត្រី​ពោ​ព្រុយ ជា​ប្រភេទ​ត្រី​ទឹកសាប មានឈ្មោះ​វិទ្យាសាស្ត្រ (Pangasius sanitwongsei) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Giant pangasius​។ វា​មាន​ប្រវែង​ដងខ្លួន​អតិបរមា ៣០០​ស​.​ម និង​ទម្ងន់​អតិបរមា ៣០០​គ​.​ក​។ ត្រី​ពោ​ព្រុយ ស៊ី​ពពួក​ក្តាម កំពឹស ត្រី សាកសព​សត្វ​ផ្សេងៗ ឬ​សាច់​ឆ្កែ​ដែល​គេ​ដាក់​ធ្វើជា​នុយ ព្រមទាំង​ផ្លែ​រុក្ខជាតិ​មួយចំនួន ដូច​ផ្លែ​ល្វា​ជាដើម​។ វា​ជា​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី ពង​-​កូន​មុន​រដូវភ្លៀង ដោយ​កូនតូចៗ​របស់​វា​អាច​លូតលាស់​ដល់​ប្រវែង​ប្រហែល ១០​ស​.​ម នៅ​ពាក់កណ្តាល​ខែមិថុនា​។ ត្រី​ពោ​ព្រុយ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Critically Endangered) ក្នុង​ឆ្នាំ ២០០៩ ជា​ប្រភេទ​ត្រី​រងគ្រោះ​ធ្ងន់ធ្ងរ​ជិត​ផុត​ពូជ​។ កត្តា​គំរាមកំហែង​ដ៏​សំខាន់​នាពេល​បច្ចុប្បន្ន​ចំពោះ​ត្រី​ប្រភេទ​នេះ​គឺ ការនេសាទ​ហួស​កម្រិត ការបាត់បង់​ទីជម្រក និង​ការបំពុល​បរិស្ថាន​។ ក្រៅពីនេះ ត្រី​ពោ​ព្រុយ ទំនងជា​បាន​រង​ផលប៉ះពាល់​ដោយ​ការបំផ្លិចបំផ្លាញ​តំបន់​មានទឹក​ហូរ​លឿន និង​ថ្ម​ប៉ប្រះ​ទឹក ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​កែលម្អ​នាវាចរណ៍ និង​ការសាងសង់​ទំនប់​វារិ​អគ្គិសនី​នៅតាម​ដង​ទន្លេមេគង្គ​ជាដើម​។ គម្រោង​ទាំងនេះ បាន​ជះឥទ្ធិពល​លើ​វដ្ដ​ធម្មជាតិ​នៃ​ទឹកជំនន់​/​គ្រោះរាំងស្ងួត នៅតាម​ដង​ទន្លេ​ទាំងមូល ព្រមទាំង​ឥរិយាបថ​នៃ​ការធ្វើ​ចរាចរ​ផ្លាស់​ទី​របស់​ត្រី​ពោ​ព្រុយ​ផងដែរ​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com