ជាតិ
សៀមរាប​៖ ផ្លូវ​៦០ ម៉ែត្រ ត្រូវបាន​ដាក់ឈ្មោះ​ផ្លូវការ​ថា «​វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន​»
27, Oct 2018 , 7:19 pm        
រូបភាព
​សៀមរាប​៖ ផ្លូវ ៦០​ម៉ែត្រ ចាប់ពី​ចំណុច​កែង​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា ដល់ទី​ស្នាក់ការ​អាជ្ញាធ​រ​ជាតិ​អប្សរា ចាប់ពីពេលនេះ​តទៅ នឹងត្រូវ​បាន​ដូរ​ឈ្មោះ​ជា «​វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន​»​។ សេចក្ដីសម្រេច​របស់រ​ដ្ឋ​បាល​ខេត្តសៀមរាប តាម​សំណើរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា មូលហេតុ​នៃ​ការដូរ​ឈ្មោះ​នេះ គឺ​ដើម្បី​តបស្នង​សងគុណ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​វិបុល​បញ្ញា សុខ អាន ក្នុង​បុព្វហេតុ​លើ​វិស័យ​បេតិកភណ្ឌ​។​

 
​វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន ដែល​កន្លងមក​ពលរ​ដ្ឋ​និយម​ហៅ​ផ្លូវ ៦០​ម៉ែត្រ ព្រោះ​យោងតាម​ទំហំ​ផ្លូវ​នេះ​ដែលមាន​ទទឹង​ប្រវែង ៦០​ម៉ែត្រ តែ​ឈ្មោះ​នេះ​មិនទាន់​ផ្លូវការ​ទេ ទើបតែ​ថ្មីៗ​នេះ​អាជ្ញាធរ​ជាតិ​អប្សរា បានដាក់​សំណើរ​ទៅ​រដ្ឋបាល​ខេត្តសៀមរាប សុំឱ្យ​ដាក់ឈ្មោះ​ផ្លូវ​នេះ​ជា វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន​។ 
 
​គួររម្លឹកថា វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន ត្រូវបាន​ស្ថាបនា​ឡើង​កាលពី​ឆ្នាំ​២០០២ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ​បារាំង (ADF) ហើយ​នៅ​ឆ្នាំ​២០០៦ អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ចំណាយ​ថវិកា​មួយចំនួន​ដើម្បី​ធ្វើ​ផ្លូវ​គ្រួស​ក្រហម​សងខាង​ផ្លូវ និង​បន្ត​សង់​ផ្លូវ​មក​ខាងកើត​ហួស​រង្វង់​មូល​ចំនួន​៤​គីឡូម៉ែត្រ​បន្ថែមទៀត ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​វប្បធម៌​អង្គរ​ឃ្យុ​ង​យូ ដែលជា​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​បេតិកភណ្ឌ​ចំនួន​២ គឺ​អង្គរ​និង​ឃ្យុ​ង​យូ​។ ក្រោយមក​នៅ​ឆ្នាំ​២០១០ អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ស្ថាបនា​នេះ ចំនួន ៩,៦៧៩​ម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ត្រាំ​នាគ រហូតដល់​បុរី​រដ្ឋបាល​ខេត្តសៀមរាប បច្ចុប្បន្ន​ជាទី​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។ បើ​គិត​មកដល់ពេលនេះ រយៈពេល​១៦​ឆ្នាំ​ហើយ​ដែល​វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន បាន​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាជន​និង​ទេសចរ​ទាំង​ឆ្លងកាត់​និង​ដឹកជញ្ជូន​ទំនិញ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com