ជាតិ
សេដ្ឋកិច្ច
សេដ្ឋកិច្ចកម្ពុជា​មាន​ទំហំ ២៤,៥ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨​នេះ​
27, Oct 2018 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទំហំ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១៨​នេះ​មានតម្លៃ​ទឹកប្រាក់ ២៤,៥៥២ លាន​ដុល្លារ​អាមេរិក ជាមួយនឹង​កំណើន ៧​ភាគរយ​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២៦​ខែតុលា ស្ដីពី​សេចក្ដីព្រាងច្បាប់​ថវិកា​ស​ម្រា​ប់​ឆ្នាំ​២០១៩​។​


 
​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា បាន​ឈានដល់​ទំហំ ២៤,៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨​នេះ ដែល​គិត GDP ក្នុង​មនុស្ស​ម្នាក់ គឺ ១៥៦៣  ដុល្លារ​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ខាងលើ ដែល​ត្រូវបាន​បង្ហោះ​ផ្សាយ​នៅលើ​ហ្វេ​ស​ប៊ុ​កលោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​។​
 
​សេចក្ដីថ្លែងការណ៍​នេះ​លើកឡើងថា កម្ពុជា​រក្សាបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​។ ជាមួយគ្នានេះ​កម្ពុជា​រក្សា​ស្ថិរភាព​អត្រា​ប្ដូរប្រាក់​ក្នុង​រង្វង់ ៤០៥០​រៀល​ក្នុង​១​ដុល្លារ​អាមេរិក និង​អត្រា​អតិផរណា​ជា​មធ្យម ៣​ភាគរយ ដែលជា​កម្រិត​ទាប និង​អាច​គ្រប់គ្រង​បាន​។ 
 
​រដ្ឋាភិបាល​អះអាងថា ប្រជាជន​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​ពី​កំណើនសេដ្ឋកិច្ច​រឹងមាំ ជាមួយ​ការរក្សាបាន​ស្ថិរភាព​អត្រា​ប្ដូរប្រាក់ និង​អតិផរណា​ដូច​ការលើកឡើង​ខាងលើនេះ​។ សេចក្ដីថ្លែងការណ៍​ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​អាចបែងចែក​ផ្លែផ្កា​កំណើនសេដ្ឋកិច្ច​កាន់តែច្រើន​ថែមទៀត​ដល់​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ឲ្យ​កាន់តែ​ប្រសើរឡើង​»​។ 
 
​រដ្ឋាភិបាល​លើកឡើងថា ជា​លទ្ធផល មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ​ទទួល​ការដំឡើង​ប្រាក់ខែ​ដល់​ជាង​មួយ​លាន​រៀល និង ១៧០ ដុល្លារ​សម្រាប់​កម្មករ​ន​យោ​ជិត​។ រដ្ឋាភិបាល​បាន​ប្រមូល​ចំណូល​ពន្ធអាករ​កើនឡើង ស្រប​នឹង​កំណើនសេដ្ឋកិច្ច ដើម្បី​យកទៅ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​កែលម្អ​សេវាសាធារណៈ​៕
 

Tag:
 GDP
© រក្សាសិទ្ធិដោយ thmeythmey.com